បងប្អូនជនរួមជាតិជាទីគោរព
ថ្ងៃនេះខ្ញុំសូមបញ្ជាក់ជូនលទ្ធផលប្រចាំឆមាសទី១ ឆ្នាំ២០២១ អំពីការទទួលយកនិងការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ ដែលខ្ញុំបានចាត់ចែងបញ្ជាទៅបណ្តា អគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធនានាធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងនគរបាលជាតិក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ។ សរុបមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋទូទៅមានចំនួន៦៦៥គណនី នៅក្នុងនោះគឺបានទទួលយកពិនិត្យដោះស្រាយមានចំនួន៤២៤គណនី និងបានដោះស្រាយរួចរាល់ជូនប្រជាពលរដ្ឋមានចំនួន២៥៩គណនី ។
មានបញ្ហាជាច្រើនផ្សេងៗគ្នាដែលមន្ត្រីនៃអង្គភាពជំនាញចំណុះក្រសួងមហាផ្ទៃបានធ្វើការដោះស្រាយដែលខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិដូចខាងក្រោម៖
អគ្គស្នងការដ្ឋាននគរបាលជាតិ បានពិនិត្យដោះស្រាយ និងឆ្លើយតបទៅប្រជាពលរដ្ឋចំនួន ១៧២ គណនី ដែលមានការពាក់ព័ន្ធនឹងការលក់ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន, ល្បែងស៊ីសងគ្រប់ប្រភេទ, ការផ្ទុះអាវុធអាណាធិបតេយ្យ, ការចោទប្រកាន់លើមន្ត្រីអាជ្ញាធរ និងកងកម្លាំងមូលដ្ឋាន, បញ្ហាចរាចរណ៍, អំពើចោរកម្ម ដូចជាលួចសម្ភារៈប្រើប្រាស់ និងគោ ក្របី, ករណីប្លន់ឬអំពើលួចមានស្ថានទំងន់ទោស, បញ្ហាអសន្តិសុខ សណ្ដាប់ធ្នាប់, ការផ្ដល់សេវាបញ្ជាក់អត្តសញ្ញាណ, ការប្រើឧបករណ៍បំពងសំឡេងរំខាន, បញ្ហាក្មេងទំនើង, អំពើហិង្សា, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការកែច្នៃយានយន្តខុសច្បាប់, វិវាទក្នុងអង្គភាពនគរបាល, ការក្លែងខ្លួនជាមន្រ្តីនគរបាល, ការអនុវត្តតួនាទី និងភារកិច្ច, ករណីរត់ការចូលក្របខណ្ឌរដ្ឋ, អំពើល្មើសវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-19, ការកែច្នៃអាវុធខុសច្បាប់, ករណីបាត់ខ្លួនប្រជាពលរដ្ឋ ការនេសាទខុសច្បាប់ និងវិវាទនានាជាដើម។
អគ្គនាយកដ្ឋានរដ្ឋបាល បានពិនិត្យដោះស្រាយ និងឆ្លើយតបទៅប្រជាពលរដ្ឋចំនួន ៥៨ គណនី គឺមានពាក់ព័ន្ធនឹងការអនុវត្តគម្រោងអភិវឌ្ឍន៍មូលដ្ឋាន, ការគ្រប់គ្រងដីបឹងធម្មជាតិ, ទំនាស់ដីធ្លី, ការតាំងលំនៅលើដីសាធារណៈ, វិវាទរវាងសន្តិសុខផ្សារ និងអ្នកគ្រប់គ្រងផ្សារ, ការស្នើសុំចុះបញ្ជីដីធ្លី, វិវាទរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ, បញ្ហាទឹកស្អាត, ការស្នើពន្លឿនការផ្ដល់សេវាសាធារណៈនៅច្រកចេញចូលតែមួយ, បណ្ដឹងសុំដូរមេភូមិ, ការផ្ដល់ជំនួយសង្គម, ការជីកកាយយកដី និងយកខ្សាច់មាត់ស្ទឹង ព្រែក, សំណើរបើកផ្លូវសាធារណៈ, ការអនុវត្តភារកិច្ចរបស់ស្មៀន និងការស្នើសុំជួយពន្លឿនការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជាដើម។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានពិនិត្យដោះស្រាយ និងឆ្លើយតបចំនួន ១០ គណនី ដែលពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីអាពាហ៍ពិពាហ៍, ការកែតម្រូវឯកសារអត្តសញ្ញាណកម្ម, ការបញ្ជាក់លើឯកសារអត្តសញ្ញាណកម្មថតចម្លង, ការស្នើសុំធ្វើលិខិតស្នាក់នៅ និងការស្នើសុំធ្វើអត្តសញ្ញាណបណ្ណជាដើម។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានពិនិត្យដោះស្រាយ និងឆ្លើយតបចំនួន៣ គណនី មានជាអាទិ៍ ពាក់ព័ន្ធនឹងការបំពេញការងាររបស់មន្រ្តីតាមច្រកព្រំដែនគោក ច្រកទ្វារអាកាសយានដ្ឋាន និងការងារអនុវត្តន៍ច្បាប់អន្តោប្រវេសន៍លើជនបរទេស ។
អគ្គាធិការដ្ឋានបានពិនិត្យដោះស្រាយ និងឆ្លើយតបចំនួន ១៥ គណនី ពាក់ព័ន្ធនឹងមន្ត្រីរាជការ និងកងកម្លាំងនគរបាលជាតិក្នុងក្របខណ្ឌក្រសួងមហាផ្ទៃដែលបានប្រព្រឹត្តិមិនត្រឹមត្រូវដូចជា ការចាប់ខ្លួនប្រជាពលរដ្ឋ, ការដោះស្រាយបញ្ហា និងវិវាទដីធ្លី, ការធ្វើលិខិតផ្ទេរសិទ្ធិប្រើប្រាស់ដីធ្លី, ភាពមិនប្រក្រតីនៅក្នុងការងារអភិវឌ្ឍមូលដ្ឋាន, វិវាទរវាងប្រជាពលរដ្ឋ និងស្មៀនឃុំ, ការផ្លាស់ប្ដូរមេភូមិ, ដំណើរការផ្ដល់សេវាសាធារណៈនៅច្រកចេញចូលតែមួយ និងអាជីវកម្មជីកដីជាដើម។
ចំណែកអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុវិញបានពិនិត្យដោះស្រាយ និងឆ្លើយតបបានចំនួន១គណនីដែលពាក់ព័ន្ធករណីមន្ត្រីស្នើសុំតម្លើងតួនាទី និងឋានន្តរសក្ដិ។ ជាមួយគ្នានេះក៏មានមតិយោបល់ចំនួន ៨៧ទៀត ខ្ញុំបានបញ្ជូនទៅ អង្គភាពពាក់ព័ន្ធនានាដើម្បីមុខការ និង ជាសមត្ថកិច្ច។
ក្រៅពីនោះខ្ញុំក៏បានទទួលយកនូវមតិយោបល់ និង ទស្សនៈល្អៗ របស់បងប្អូនប្រជាពលរដ្ឋបានផ្ញើមកខ្ញុំមានប្រមាណ១៥៤គណនី ដែលអាចធ្វើឲ្យខ្ញុំយកមកពិចារណា ដើម្បីប្រតិបតិបត្តិក្នុងកិច្ចការបម្រើជាតិ ។
ខ្ញុំសូមបញ្ជាក់ថា វឌ្ឍនភាពការងារដូចបានជម្រាបខាងលើនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពចំណុះក្រសួងមហាផ្ទៃ អង្គភាពពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទោះជាក្នុងស្ថានភាពកំពុងប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។
ខ្ញុំក៏សូមថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាតាមរយៈទំព័រហ្វេសប៊ុករបស់ខ្ញុំដើម្បីយើងរួមគ្នាដោះស្រាយនូវបញ្ហានានា និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង។ ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនជនរួមជាតិឲ្យបន្តលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំតាមរយៈទំព័រហ្វេសប៊ុក ហើយខ្ញុំនឹងទទួលយកដើម្បីពិនិត្យ និងធ្វើការដោះស្រាយដោយពុំមានការរើសអើងឡើយ ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ។
ទន្ទឹមនឹងនេះ ខ្ញុំក៏សុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនដែលមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕
សូមអរគុណ!