អំណោយ សម្តេចក្រឡាហោម ស ខេង បានផ្ដល់ជូនគ្រួសារប្រជាពលរដ្ឋជួបការខ្វះខាត អំឡុងពេលរាតត្បាតជំងឺកូវីដ-១៩
នៅថ្ងៃសៅរ៍ ១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារ ក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ មាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម អ៊ុក គង់ សមាជិកព្រឹទ្ធសភា និងឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្ត មណ្ឌលបាត់ដំបង បាននាំយកអំណោយ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោកជំទាវ ផ្ដល់ជូនគ្រួសារប្រជាពលរដ្ឋជួបការខ្វះខាតក្នុងជីវភាពនាអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ ចំនួន៤៤២គ្រួសារ។
ប្រជាពលរដ្ឋទាំង៤៤២គ្រួសារ ដែលបានអញ្ជើញមកទទួលអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង នាពេលនេះ បានអញ្ជើញមកពីឃុំខ្នាយរមាស ឃុំបវេល ឃុំល្វា ឃុំអំពិលប្រាំដើម និងឃុំបឹងប្រាំ ដោយក្នុង១គ្រួសារទទួលបានៈ អង្ករចំនួន១ការ៉ុង, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ ទឹកត្រី១យួរ, ទឹកសុទ្ធ៥យួរ, ម៉ាស់១០ និងអាល់កុល១ដប។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ខាន់ ម៉ាណេរ ឯកឧត្តម អ៊ុក គង់ និងឯកឧត្តម ច័ន្ទ សុផល បានជម្រាបជូនប្រជាពលរដ្ឋនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលគ្រប់ពេលវេលាតែងតែមានការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទាំងប្រជាពលរដ្ឋជួបគ្រោះដោយមហន្តរាយធម្មជាតិ ប្រជាពលរដ្ឋជួបបញ្ហាខ្វះខាតក្នុងជីវភាព ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។
តំណាងប្រជាពលរដ្ឋដែលអញ្ជើញមកទទួលអំណោយ ក៏បានសម្ដែងនូវសេចក្ដីរីករាយ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមការងារក្រឡាហោមមនុស្សធម៌ ដែលតែងផ្ដល់ភាពកក់ក្ដៅ និងផ្ដល់ជំនួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងបានគោរពបួងសួងជូនសម្ដេច លោកជំទាវ ព្រមទាំងក្រុមការងារមានសុខភាពល្អ ចៀសផុតពីជំងឺឆ្លង និងសម្រេចគ្រប់ភារកិច្ចបំរើជាតិ និងប្រជាជន ៕