ក្រុមការងារ ក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ មាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្ត មណ្ឌលបាត់ដំបង បាននាំយកអំណោយសង្គ្រោះបន្ទាន់របស់សម្តេចក្រឡាហោម ស ខេង ផ្ដល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់
នៅថ្ងៃទិត្យទី៤ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារ ក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ មាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្ត មណ្ឌលបាត់ដំបង បាននាំយកអំណោយសង្គ្រោះបន្ទាន់របស់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោកជំទាវ ផ្ដល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់។
ប្រជាពលរដ្ឋអញ្ជើញមកទទួលអំណោយសម្ដេច ក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង នាឱកាសនេះ មានចំនួន១៦គ្រួសារ រស់នៅឃុំកំពង់ព្រៀង ខេត្តបាត់ដំបង។ ពួកគាត់សុទ្ធតែជនរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិខ្យល់កន្រ្តាក់បណ្ដាលឱ្យខូចខាតផ្ទះសម្បែង។ អំណោយបានផ្ដល់ជូននាពេលនេះរួមមាន មួយគ្រួសារទទួលបានស័ង្កសីតាមចំនួនស័ង្កសីដែលខូចខាតដោយខ្យល់កន្ត្រាក់ គ្រឿងឧបភោគបរិភោគរួមមានអង្ករ ត្រីខ មី ទឹកស៊ីអ៊ីវ ទឹកត្រី អាល់កុលនិងម៉ាស់មួយចំនួនទៀត។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ខាន់ ម៉ាណេរ និងឯកឧត្តម ច័ន្ទ សុផល បានជម្រាបជូនប្រជាពលរដ្ឋនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលគ្រប់ពេលវេលាតែងតែមានការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទាំងប្រជាពលរដ្ឋជួបគ្រោះដោយមហន្តរាយធម្មជាតិ ប្រជាពលរដ្ឋជួបបញ្ហាខ្វះខាតក្នុងជីវភាព ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។
នាឱកាសនោះដែរ អាជ្ញាធរ និងប្រជាពលរដ្ឋដែលអញ្ជើញមកទទួលអំណោយ ក៏បានសម្ដែងនូវសេចក្ដីរីករាយ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមការងារក្រឡាហោមមនុស្សធម៌ ដែលតែងផ្ដល់ភាពកក់ក្ដៅ និងផ្ដល់ជំនួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងបានគោរពបួងសួងជូនសម្ដេច លោកជំទាវ ព្រមទាំងក្រុមការងារមានសុខភាពល្អ ចៀសផុតពីជំងឺឆ្លង និងសម្រេចគ្រប់ភារកិច្ចបំរើជាតិ និងប្រជាជន៕