ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងជំនួសឯកឧត្តម ឈួរ  ច័ន្ទឌឿន និងប្រកាសចូលកាន់មុខតំណែងលោក នៃ ចារី ជាអភិបាលរងនៃគណៈភិបាលខេត្តកំពង់ឆ្នាំង។

សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលគ្រប់ថ្នាក់នៃខេត្តកំពង់ឆ្នាំង ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ឆ្នាំ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ដែលបានរួមសហការគ្នាយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងសម្រេចបានសមិទ្ធិផលជាច្រើន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង។

សម្ដេចបានបន្តថាការយកចិត្តទុកដាក់រួមគ្នាជាមួយមន្ទីរជំនាញនានាលើការលើកម្ពស់គុណភាពសេវាសាធារណៈនានា អាជ្ញាធរខេត្តកំពង់ឆ្នាំងក៏បានខិតខំស្វែងយល់ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ពិសេសយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ សម្ដេចក៏បានថ្លែងអំណរគុណ និងកោតសរសើរជូនចំពោះសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ព្រមទាំងសហការីទាំងអស់ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការសង្គម ប្រកបដោយការទទួលខុសត្រូវដើម្បីរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ផ្អែកលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ដែលជាមន្ត្រីបានទទួលការអប់រំខ្ពស់ពីសាលាភូមិន្ទរដ្ឋបាល និងមានបទពិសោធន៍ក្នុងការដឹកនាំ និងគ្រប់គ្រងមូលដ្ឋានក្នុងតំណែងជាអភិបាលរងខេត្តកំពង់ឆ្នាំងក្នុងរយៈពេលប្រមាណ៨ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានទូលថ្វាយព្រះមហាក្សត្រតែងតាំងឯកឧត្តមជាអភិបាលខេត្តកំពង់ឆ្នាំងជំនួសឯកឧត្តម ឈួរ ច័ន្ទឌឿន និងបានសម្រេចផ្ទែរភារកិច្ចលោក ណី ចារី ដែលបញ្ចប់អាណត្តិជាអភិបាលរងខេត្តកណ្ដាលឱ្យមកទទួលតំណែងជាអភិបាលរងខេត្តកំពង់ឆ្នាំង។

សម្ដេចបានបន្ថែមថា រាល់ការសម្រេចចិត្តសុទ្ធតែផ្អែកលើទិដ្ឋភាពច្បាប់ជាធំ ពោលគឺមិនមែនជាការសម្រេចតាមការស្រមើស្រមៃ ឬនឹកឃើញចេះតែលើកដាក់នរណាម្នាក់ឱ្យធ្វើនោះទេ ពីព្រោះកិច្ចការនេះទាក់ទងនឹងជោគវាសនាប្រទេសជាតិ ជោគវាសនាប្រជាពលរដ្ឋ ដោយមិនអាចយកមនោសញ្ចេទនាណាមួយមកលាយឡំនឹងផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋបានឡើយ ហើយថាប្រសិនបើធ្វើដូច្នេះមែន រាជរដ្ឋាភិបាលមិនមែនអាចគ្រប់ប្រទេសប្រកបដោយសេចក្ដីសុខ និងរីកចំរើនដូចសព្វថ្ងៃនេះទេ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ឱ្យរដ្ឋបាលខេត្តបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីបង្កបរិយាកាសអំណោយផលដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវសកម្មភាព ការផ្សព្វផ្សាយព័ត៌មានមិនពិត និងភាពចលាចល ពិសេសកម្មភាពប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

សម្ដេចបានណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ ការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ និងចៀសវាងការចូលរួមក្នុងសកម្មភាពផ្ទុយពីច្បាប់ដែលធ្វើឱ្យប៉ះពាល់សន្តិសភាព និងស្ថិរភាពនយោបាយ ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយជម្លោះនៅមូលដ្ឋានឱ្យបានល្អ ដោយចៀសវាងឱ្យបាននូវការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាព។

សម្ដេចបានទាញចំណាប់អារម្មណ៍ថានៅឆ្នាំក្រោយ គឺជាឆ្នាំនៃព្រឹត្តិការណ៍បោះឆ្នោត ដែលអ្នកនយោបាយផ្សេងៗអាចយកបញ្ហាប្រឈម និងទំនាស់នានាក្នុងមូលដ្ឋានឆ្កឹះក្នុងបំណងទាញប្រជាប្រិយ៍ភាព ដូច្នេះអាជ្ញាធរ សមត្ថកិច្ចទាំងអស់ ត្រូវតែយកចិត្តទុកដាក់ពីឥលូវទៅ ដើម្បីគ្រប់គ្រងសភាពការណ៍ ហើយដោះស្រាយបញ្ហាប្រជាពលរដ្ឋឱ្យបានល្អ ដោយមិនត្រូវមានទស្សនៈខុសឆ្គងថាបញ្ហាទាំងនោះ គឺដោយសារមានពួកប្រឆាំង ឬដោយសារបញ្ហានេះ បញ្ហានោះឡើយ ពោលគឺសំខាន់ត្រូវមើលខ្លួនឯង ថាតើមានបញ្ហាមែនដែរទេ មានប៉ះពាល់សិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋឬទេ ហើយបើមានត្រូវដោះស្រាយភ្លាម។

សម្ដេចបានណែនាំឱ្យខិតខំជំរុញការនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុច រួមមានផ្ដល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងប្រកបដោយការជឿទុកចិត្ត, គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, មានសណ្ដាប់ធ្នាប់សាធារណៈល្អ ពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍, គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង, ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព, មានអនាម័យ មានសោភណ្ឌភាពល្អ និងចុងក្រោយ គឺឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតប្រកបដោយប្រសិទ្ធភាព។

ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន សម្ដេចបានផ្ដល់ទស្សនទានក្នុងន័យដើមថា «ការជួញដូរ ការចែកចាយ ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បាននិងកំពុងបង្កឱ្យមានបញ្ហាប្រឈមជាច្រើនក្នុងសង្គមដែលត្រូវដោះស្រាយក្នុងរយៈពេលចំពោះមុខ និងរយៈពេលយូរអង្វែង ហេតុនេះត្រូវខិតខំពុះពារជម្នះប្រកបដោយឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តឱ្យបានមុតមាំដើម្បីអនុវត្តវិធានការនានាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយចាត់ទុកយុទ្ធនាការនេះជាផ្នែកមួយនៃការលើកម្ពស់យុត្តិធម៌សង្គម, ជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹងបទល្មើសសម្អាតប្រាក់ និងការរីកសាយអាវុធមហាប្រល័យ, ជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងអំពើភេវរកម្ម និងឧក្រិដ្ឋកម្មគ្រប់ប្រភេទ, ជាផ្នែកមួយនៃការកាត់ផ្ដាច់ទំនាក់ទំនងរបស់ក្រុមសង្គមងងឹតពីខាងក្រៅ និងមកខាងក្នុងប្រទេស និងទប់ស្កាត់ការកើតក្រុមសង្គមងងឹតក្នុងប្រទេស, ជាផ្នែកមួយនៃការលើកម្ពស់សុខភាពនិងសុខមាលភាពប្រជាពលរដ្ឋដែលជាធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពរយៈពេលយូរអង្វែងតទៅមុខទៀត ជាពិសេសយុវជន, ជាផ្នែកមួយនៃការធ្វើមានបរិយាកាសសុខសន្តិភាព ស្ថេរភាព និងសណ្ដាប់សាធារណៈ, ជាផ្នែកមួយនៃការបង្កើនភាពកក់ក្ដៅ និងភាពសុខដុមរមនានៅក្នុងក្រុមគ្រួសារ ប្រជាពលរដ្ឋក្នុងសង្គម និងជាផ្នែកមួយនៃការចូលរួមធនធានសង្គមដូចជាថវិកាជាតិ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ»។

សម្ដេចក្រឡាហោម ក៏បានណែនាំឱ្យរដ្ឋបាលខេត្តបន្តចូលរួមឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធភាពក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានណែនាំឱ្យបន្តប្រឹងប្រែងក្នុងការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ តាមរយៈការយកចិត្តទុកដាក់កិច្ចការសំខាន់ៗ រួមមានបន្តជំរុញ និងលើកកម្ពស់ការគ្រប់គ្រង ចាត់ចែង ការនុវត្តមុខងារនានាដែលបានប្រគល់ឱ្យ ពង្រឹងសេវាច្រកចេញចូលតែមួយ ការធ្វើវេទិកាសាធារណៈ ព្រមទាំងបានផ្ដល់ការណែនាំពាក់ព័ន្ធនឹងការដឹកនាំ និងការគ្រប់ការងារនៅក្នុងរដ្ឋបាលខេត្ត ពិសេសទំនាក់ទំនងរវាងក្រុមប្រឹក្សា និងគណៈអភិបាល និងកិច្ចសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងបានគូសបញ្ជាក់អំពីកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ និងការកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលស្រុក ព្រមការរៀបចំកម្មវិធីជាតិដំណាក់កាលទី២រយៈពេល១០ឆ្នាំបន្តទៀត ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០។

អត្ថបទដែលជាប់ទាក់ទង