ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ប្យ៊ន ហេម៉ាក ឯកអគ្គរាជទូតស៊ុយអែត នឹងត្រូវបញ្ចប់អាណត្តិការទូតនៅកម្ពុជា

នារសៀលថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ប្យ៊ន ហេម៉ាក ឯកអគ្គរាជទូតស៊ុយអែត ក្នុងឱកាសឯកឧត្តមនឹងត្រូវបញ្ចប់អាណត្តិការទូតនៅកម្ពុជា។ 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ប្យ៊ន ហេម៉ាក បានជម្រាបជូនសម្ដេចអំពីការងារពាក់ព័ន្ធនឹងការបញ្ចប់តួនាការទូតរបស់ឯកឧត្តមនៅកម្ពុជា ទន្ទឹមគ្នានឹងការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ និងប្រព័ន្ធហិរញ្ញវត្ថុ ដែលតម្រូវឱ្យស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជាបិទជាផ្លូវការនៅខែធ្នូខាងមុខនេះ។ ឯកឧត្តមបន្តថាទោះបីជាមានការបិទស្ថានទូត ប៉ុន្តែប្រទេសស៊ុយអែតនៅតែបន្តមានកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការងារឧត្តមសិក្សា ស្រាវជ្រាវ និងវប្បធម៌ ហើយថាការងារបន្តនឹងទទួលអនុវត្តដោយស្ថានទូតស៊ុយអែត នៅទីក្រុងបាងកក ប្រទេសថៃ។ 

ឯកឧត្តមឯកអគ្គរាជទូត ក៏បានសម្ដែងការកោតសរសើរវិធានការរាជរដ្ឋាភិបាលកម្ពុជាក្នុងការខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការខិតខំអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងការបង្ការទប់ស្កាត់ការឆ្លងជំងឺនេះនៅក្នុងពន្ធនាគារ។ ឯកឧត្តម ក៏បានលើកឡើងអំពីសំណូមពរ២ដល់កម្ពុជា ទី១ គឺស្នើបង្កើតកុងស៊ុលកិត្តិយស ដោយឯកឧត្តម បានបន្តថាបច្ចុប្បន្ន ស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកកកំពុងរង់ចាំការយល់ព្រមពីភាគីកម្ពុជាដើម្បីបង្កើតជាស្ថានកុងស៊ុលកិត្តិយស ដើម្បីសម្រួលដល់ប្រជាពលរដ្ឋស៊ុយអែត ដែលកំពុងមានវត្តមាននៅកម្ពុជា។ 

សំណើរទី២ វិញ ឯកឧត្តមបានជម្រាបជូនថាប្រជាពលរដ្ឋស៊ុយអែត នៅកម្ពុជាមានការលំបាកក្នុងការបន្តទិដ្ឋាការរបស់ខ្លួន ដោយសារលិខិតឆ្លងដែនជិតផុតកំណត់ ហើយស្ថានទូតនៅកម្ពុជាមិនអាចទទួលសំណើរធ្វើលិខិតឆ្លងដែនបាន ដោយតម្រូវឱ្យពួកគេត្រូវធ្វើដំណើរទៅទីក្រុងបាងកក ដើម្បីដាក់សំណើរស្នើសុំលិខិតឆ្លងដែនថ្មី ប៉ុន្តែត្រូវជួបឧបសគ្គដោយសារជំងឺកូវីដ-១៩។ ឯកឧត្តមបានជម្រាបជូនសម្ដេចថាជាដំណោះស្រាយ ស្ថានទូតស៊ុយអែត នៅកម្ពុជាបានអនុវត្តវិធានការបណ្ដោះអាសន្នដោយដាក់ចេញទម្រង់លិខិតឆ្លងដែនថ្មីជូនពួកគាត់។ ឯកឧត្តមស្នើសុំភាគីកម្ពុជា ពិនិត្យលទ្ធភាពអនុញ្ញាតបន្តទិដ្ឋាការស្នាក់នៅដល់ពលរដ្ឋស៊ុយអែត ដោយទទួលនូវទម្រង់លិខិតឆ្លងដែនថ្មីដែលបានចេញជាបណ្ដោះអាសន្ននេះ។ 

ឆ្លើយតបនឹងសំណើរទី១ របស់ឯកឧត្តមឯកអគ្គរាជទូត សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងពិនិត្យ និងធ្វើការលើរឿងនេះ ហើយពាក់ព័ន្ធនឹងសំណើរទី២ សម្ដេចបានបន្តថានឹងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងធ្វើការងារនេះជាមួយសហការីដើម្បីឆ្លើយតបទៅស្ថានទូត។ នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការមួយចំនួនដែលភាគីកម្ពុជា និងស៊ុយអែត ត្រូវបន្តជាមួយគ្នាទៀត គឺការងារកំណែទម្រង់ថ្នាក់ក្រោមជាតិ និងការអនុវត្តច្បាប់ផ្នែកនគរបាល ដូចជាការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនជាដើម។ 

សម្ដេចបានមានប្រសាសន៍ ថាកន្លងមកស៊ុយអែត បានចូលរួមក្នុងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា ហើយថាស៊ុតអែត ជាប្រទេសមានបទពិសោធន៍ច្រើនលើការងារកំណែទម្រង់នេះ ពិសេសសម្ដេចផ្ទាល់ក៏បានអញ្ជើញទស្សនកិច្ចផ្ទាល់នៅប្រទេស៊ុយអែត ដើម្បីស្វែងយល់លើការងារកំណែទម្រង់នេះផងដែរ។ សម្ដេចបានបន្តថាសម្រាប់កម្ពុជា ទោះគោលដៅកំណែទម្រង់មិនទាន់សម្រេចបានទាំងស្រុង ប៉ុន្តែបានបោះជំហ៊ានទៅមុខជាប្រចាំ និងទទួលបានលទ្ធផលតាមការរំពឹងទុក ជាក់ស្ដែងកម្ពុជាកំពុងរៀបចំដាក់ចេញផែនការ១០ឆ្នាំ ដំណាក់កាលទី២ជុំវិញការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។ 

ចំពោះការងារអនុវត្តច្បាប់ផ្នែកនគរបាល ដូចជាការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមមានការប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ហាគ្រឿងញៀន និងការប្រឆាំងភេវរកម្ម សម្ដេក្រឡាហោម បានស្នើសុំភាគីស៊ុយអែត ពិនិត្យលទ្ធភាពបន្តពង្រឹការងារនេះជាមួយភាគីកម្ពុជាបន្ថែមទៀត។ ជាការឆ្លើយតបឯកឧត្តមអគ្គរាជទូតស៊ុយអែត បានថ្លែងអំណរគុណចំពោះសម្ដេចក្រឡាហោម ដែលបានលើកឡើងអំពីការងារកំណែទម្រង់ និងបានបន្តថាស៊ុយអែត ពិតជាមានមោទកភាព ដែលបានគាំទ្រកម្ពុជាបង្កើតជាមូលដ្ឋានក្នុងការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ចំពោះសំណើរសម្ដេច ពាក់ព័ន្ធនឹងការពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការផ្នែកនគរបាល និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ឯកឧត្តម បានជម្រាបសម្ដេចថានឹងនាំសំណើរនេះជូនរដ្ឋាភិបាលស៊ុយអែត និងបានអះអាងថាការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនពិតជាមានសារៈសំខាន់ ពិសេសបទល្មើសឧក្រិដ្ឋកម្មបច្ចេកវិទ្យា៕

អត្ថបទដែលជាប់ទាក់ទង