សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Vitit Muntarbhorn អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា
នៅរសៀលថ្ងៃពុធ ១៤កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Vitit Muntarbhorn អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា តាមប្រព័ន្ធវីដេអូសន្និសីទZoom នៅទីស្ដីការក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្ដើមសម្ដេចក្រឡាហោម បានសម្ដែងការស្វាគមន៍ និងក្ដីរីករាលចំពោះ ឯកឧត្តម Vitit Muntarbhorn ដែលត្រូវបានតែងតាំងជាអ្នករាយករណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងមានក្ដីសង្ឃឹមថាផ្អែកលើបទពិសោធន៍ និងចំណេះដឹង ឯកឧត្តមនឹងបន្តរួមចំណែក និងផ្ដល់កិច្ចសហការល្អជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃដើម្បីបង្កលក្ខណៈដល់ការបំពេញតួនាទីឯកឧត្តមក្នុងនាមជាអ្នករាយការណ៍ពិសេសក៏ដូចជាការបំពេញតួនាទីរបស់កម្ពុជាចំពោះកាតព្វកិច្ចអន្តរជាតិលើវិស័យសិទ្ធិមនុស្សប្រកបដោយប្រសិទ្ធភាព។
ជាការឆ្លើយតប ឯកឧត្តម Vitit Muntarbhorn បានថ្លែងអំណរគុណសម្ដេចក្រឡាហោម ព្រមទាំងយកឱកាសនៃជំនួបលើកដំបូងនេះ ក្នុងតួនាទីជាអ្នករាយការណ៍ពិសេស ដើម្បីជម្រាបជូនសម្ដេចអំពីប្រវត្តិខ្លះៗ រួមទាំងប្រវត្តិការងារសំខាន់ៗរបស់ឯកឧត្តម។ ឯកឧត្តមបានជម្រាបជូនសម្ដេចទៀតថាក្នុងនាមជាអ្នកស្រាវជ្រាវមួយរូប ឯកឧត្តមបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាច្រើនលើក និងបានបន្តថានៅក្នុងអាណត្តិការងាររបស់ឯកឧត្តមជាអ្នករាយការណ៍ពិសេសនេះ ឯកឧត្តមមានក្ដីសង្ឃឹមថានឹងអាចបន្តនូវកិច្ចសន្ទនាដោយត្រង់ទៅត្រង់មកជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបណ្ដាភាគីពាក់ព័ន្ធដើម្បីរួមគ្នាដោះស្រាយបញ្ហានានាដែលជាក្ដីកង្វល់រួមប្រកបដោយការស្ថាបនា។
នៅក្នុងឱកាសនៃជំនួបនេះដែរ ឯកឧត្តមក៏បានលើកឡើងនូវប្រធានបទចំនួន៤ដើម្បីស្នើសុំកិច្ចពិភាក្សាជាមួយសម្ដេចក្រឡាហោម រួមមាន ទិដ្ឋភាពរួម ឬទិដ្ឋភាពទូទៅនៃជំងឺកូវីដ-១៩នៅកម្ពុជា ទី១ស្ថានភាពនៅក្នុងពន្ធនាគារ, ទី២ លំហរប្រជាធិបតេយ្យ និងដំណើរការកែទម្រង់ច្បាប់NGOs និងទី៣វិធានការឆ្លើយតបបន្តបន្ទាប់ទៀតនៅក្រោយស្ថានភាពជំងឺកូវីដ-១៩។
ពាក់ព័ន្ធនឹងទិដ្ឋភាពជារួមនៃជំងឺកូវីដ-១៩នៅកម្ពុជា ឯកឧត្តមក៏បានជម្រាបសម្ដេចថារាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួនដើម្បីបង្ការទប់ស្កាត់ការរីករាលនៃជំងឺនេះ ទន្ទឹមនោះក៏មានការដាក់ចេញគោលនយោបាយសង្គមដើម្បីជួយគាំទ្រដល់ប្រជាជន និងអ្នកដែលទទួលរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺនេះ។
ពាក់ព័ន្ធនឹងចំណុចនេះ សម្ដេក្រឡាហោម បានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់ដោយបានដាក់ចេញនូវយន្តការ និងវិធានការមួយចំនួនជាបន្តបន្ទាប់រហូតដល់ពេលនេះ ក្នុងនោះមានការបន្តជំរុញផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការបង្ការទប់ស្កាត់ ការជំរុញយទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងការអនុវត្តការបិទខ្ទប់តំបន់មួយចំនួន តាមរយៈការដាក់ចេញវិធានការបង្រួមភូមិសាស្រ្តមានហានីភ័យ ដូចជាតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺផង និងកាត់បន្ថយផលប៉ះពាល់ឱ្យបានជាអតិប្បមារទៅលើជីវភាពពលរដ្ឋដែលមិនស្ថិតនៅក្នុងតំបន់ហានីភ័យ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តវិធានការផ្ដល់ជំនួយសង្គមមិច្ចដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំងឺនេះផងដែរ។
ពាក់ព័ន្ធនឹងស្ថានភាពពន្ធនាគារ ឯកឧត្តម Vitit Muntarbhorn ក៏បានជម្រាបជូនសម្ដេចដែរថា ឯកឧត្តមក៏បានដឹងអំពីបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ជាពិសេសនៅក្នុងស្ថានភាពនៃជំងឺកូវីដ-១៩នេះ ឯកឧត្តមក៏ចង់ស្វែងយល់បន្ថែមអំពីវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ក្នុងពន្ធនាគារ។
ពាក់ព័ន្ធនឹងចំណុចនេះ សម្ដេចក្រឡាហោម បានជម្រាបជូនថាជាក់ស្ដែងក្រៅតែពីការខិតខំបន្តកសាង និងពង្រីកបន្ថែមហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារដើម្បីដោះស្រាយបញ្ហាចង្អៀតណែន បច្ចុប្បន្ននេះក្រសួងមហាផ្ទៃកំពុងអនុវត្តវិធានការមួយចំនួនទៀតដើម្បីបន្ធូរបន្ថយភាពចង្អៀតណែន ក្នុងស្ថានភាពកូវីដ-១៩ ក្នុងនោះក្រសួងមហាផ្ទៃកំពុងសហការជាមួយក្រសួងយុត្តិធម៌ដើម្បីពិនិត្យស្ថានភាពអ្នកជាប់ឃុំថាតើគួរតែអនុវត្តនូវការដោះលែងឬក៏អនុញ្ញាតឱ្យនៅក្រៅឃុំទៅបទល្មើសស្រាលៗមួយចំនួន ដូចជាអ្នកទោសជិតរួចទោស និងអ្នកដែលប្រព្រឹត្តទបល្មើសស្រាល តាមរយការដាក់ឱ្យនៅក្រៅឃុំក្រោមការត្រួតពិនិត្យដោយតុលាការ។
សម្ដេចបានបន្តថាជាមួយគ្នានេះដែរ ក្រសួងមហាផ្ទៃក៏បាននិងកំពុងសហការគ្នាយ៉ាងល្អជាមួយក្រសួងសុខាភិបាល ដើម្បីជំរុញការព្យាបាលឱ្យទាន់ពេលវេលាចំពោះរាល់ករណីដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ក្នុងពន្ធនាគារ និងបានសហការក្នុងការចាក់វ៉ាក់សាំងដល់មន្រ្តីពន្ធនាគារ និងអ្នកជាប់ឃុំ ក៏ដូចជាបានធ្វើតេសរហ័សដើម្បីមានវិធានការទាន់ពេលវេលាក្នុងការញែកអ្នកមានជំងឺចេញ សំដៅទប់ស្កាត់ការឆ្លងរីករាលដាលឱ្យបានទាន់ពេលវេលា និងរួមចំណែកថែរក្សាបានសុខភាពទាំងជនជាប់ឃុំ និងមន្រ្តីអនុរក្សពន្ធនាគារ ដោយកិច្ចការនេះបានអនុវត្តយ៉ាងល្អប្រសើរ។
ចំពោះលំហរប្រជាធិបតេយ្យ និងដំណើរការកែទម្រង់ច្បាប់NGOs សម្ដេចក្រឡាហោមបានជម្រាបជូនថាជារួម រាជរដ្ឋាភិបាលតែងតែចាត់ទុកសង្គមស៊ីវិលជាដៃគូ និងបានធ្វើការជាមួយគ្នាជាច្រើនមកហើយដែរ ជាពិសេទៅលើសំណើរធ្វើកំណែទម្រង់ច្បាប់NGOsនេះ ដោយសម្ដេចបានជំរុញ និងលើកទឹកចិត្តដល់ភាគីទាំងពីរ ទាំងភាគីតំណាងរាជរដ្ឋាភិបាល និងតំណាងNGOs រួមទាំងភាគីពាក់ព័ន្ធបន្តរកឱកាសជជែកពិភាក្សាគ្នា និងមានកិច្ចសន្ទនាជាបន្តទៀតទោះបីជាស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ក៏ដោយ ដើម្បីជំរុញការងារពាក់ព័ន្ធនឹងសំណើរកែទម្រង់ច្បាប់នេះ។ សម្ដេចបានចាត់ទុកថានេះគឺជាឧទាហរណ៍ជាក់ស្ដែងមួយនៃការចូលរួមលើកម្ពស់លំហរប្រជាធិបតេយ្យនៅកម្ពុជា។
ពាក់ព័ន្ធនឹងវិធានការឆ្លើយតបបន្តបន្ទាប់នៅក្រោយជំងឺកូវីដ-១៩ សម្ដេចក្រឡាហោមបានជម្រាបអ្នករាយការណ៍ពិសេសថាជាការពិតនៅលើភពលោកនេះ និន្នាការនៃការឆ្លងជំងឺកូវីដ-១៩ តួលេខមានការថយចុះ ប៉ុន្តែសម្រាប់កម្ពុជាពុំទាន់មានសភាពធូរស្រាលនៅឡើយទេ ហើយសម្រាប់វិធានការបន្តបន្ទាប់ទៀតដើម្បីស្ដារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩នេះ ក៏រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់គិតគូផងដែរ ទោះបីជាពុំមាននរណាម្នាក់ដឹងថាជំងឺកូវីដ-១៩នឹងបញ្ចប់នៅពេលណាក៏ដោយ។
ឯកឧត្តម Vitit Muntarbhorn បានថ្លែងអំណរគុណសម្ដេចក្រឡាហោម ចំពោះកិច្ចសន្ទនា និងការផ្ដល់ជូនព័ត៌មានដ៏មានសារៈសំខាន់ទៅលើប្រធានបទទាំង៤ដែលឯកឧត្តមបានស្នើសុំពីខាងដើម និងបានចាត់ទុកថាជាមូលដ្ឋានដ៏សំខាន់បន្ថែមសម្រាប់ឯកឧត្តមក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជានាអាណត្តិថ្មីនេះ។
មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម Vitit Muntarbhorn បានសម្ដែងនូវក្ដីសង្ឃឹមចំពោះកិច្ចសហការល្អទៅវិញទៅមកប្រកបដោយភាបស្ថាបនា ដោយក្នុងនោះសម្ដេចក្រឡាហោមបានជម្រាបជូនថាសម្ដេចត្រៀមខ្លួនជានិច្ចក្នុងការចូលរួមអនុវត្តនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់រវាងភាគីទាំងពីរឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា ឯកឧត្តម Vitit Muntarbhorn គឺជាជនជាតិថៃ និងទើបត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ជំនួសលោកស្រី រ៉ូ ណាស្មីត។ ឯកឧត្តមបាន ចូលកាន់តួនាទីអ្នករាយការណ៍ពិសេសជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១។
ជំនួបរវាងសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម Vitit Muntarbhorn ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមឯកអគ្គរាជទូត តំណាងបេសកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនៅទីក្រុងហ្សឺណែវ ឯកឧត្តមរដ្ឋលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការរងនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមួយចំនួនទៀត៕