សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូនលោក ជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា
នាព្រឹកថ្ងៃពុធ ១៤កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោក ជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាឱកាសលោកជំទាវនឹងត្រូវបញ្ចប់អាណិត្តិការទូតនៅព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចចាប់ផ្ដើមសម្ដេចក្រឡាហោម ស ខេង បានយកឱកាសនេះបញ្ជាក់ពីការដង្ហែរតាមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងចូលរួមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាល ក្នុងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញបេសកកកម្មការទូតរយៈពេល៤ឆ្នាំរបស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា ដែលលោកជំទាវបានជួយជំរុញដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ កម្ពុជា និងបារាំង។
សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានបន្តថាទន្ទឹមគ្នានេះដែរ កិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងស្ថានទូតបារាំងក៏មានលទ្ធផលល្អប្រសើរផងដែរ ទាំងនៅក្នុងការងារពាក់ព័ន្ធនឹងនគរបាល ការងារពាក់ព័ន្ធនឹងរដ្ឋបាលស៊ីវិល ជាពិសេសកិច្ចសហប្រតិបត្តិការទៅលើការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។ ជាមួយគ្នានេះ ក្នុងនាមសម្ដេចផ្ទាល់ និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចសូមថ្លែងអំណរគុណតាមរយៈលោកជំទាវឯកអគ្គរដ្ឋទូតជូនចំពោះរដ្ឋាភិបាលបារាំងដែលបានជួយគាំទ្រដល់ពលរដ្ឋខ្មែររស់នៅប្រទេសបារាំង ទាំងការរស់នៅបំពេញការងារ សិក្សារៀនសូត្រ និងពលរដ្ឋបារាំងដើមកំណើតខ្មែរ ដែលរដ្ឋាភិបាលបារាំងបានជួយគាំទ្រដល់ពួកគេសម្រាប់ការស្នាក់នៅ បំពេញភារកិច្ចផ្សេងៗយ៉ាងល្អប្រសើរនៅទីនោះ។
ជាការឆ្លើយតបលោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំង បានសម្ដែងការឯកភាពចំពោះការវាយតម្លៃរបស់សម្ដេចក្រឡាហោម ស ខេង ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អដែលស្ថានទូតបារាំងក្នុងអាណត្តិរបស់លោកជំទាវ៤ឆ្នាំមកនេះ តែងតែមានការផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ តាមរយៈការជួយជ្រោមជ្រែង និងសម្រួលការងារពាក់ព័ន្ធនឹងពលរដ្ឋបារាំងដែលជួបបញ្ហា និងការលំបាកនានានៅកម្ពុជា។ លោកជំទាវក៏បានឯកភាព និងវាយតម្លៃខ្ពស់លើការងារប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ដោយលោកជំទាវបានលើកឡើងថាក្រសួងមហាផ្ទៃតែងតែឆ្លើយតបយ៉ាងល្អប្រសើរទៅនឹងសំណូមពរផ្សេងៗរបស់ស្ថានទូតបារាំងពាក់ព័ន្ធទៅនឹងបញ្ហានេះ។ នៅក្នុងឱកាសនេះជំនួបនេះដែរ លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ក៏បានលើកឡើងនៅកិច្ចការចំនួន២ជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ទីមួយ គឺការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ និងការងារទីពីរ ពាក់ព័ន្ធចាប់ខ្លួនសកម្មជនបរិស្ថានចំនួន៣រូបកាលពីពេលថ្មីៗនេះ។ ពាក់ព័ន្ធនឹងបញ្ហាទាំងពីរនេះ លោកជំទាវបានស្នើសុំព័ត៌មាន និងការយល់ឃើញបន្ថែមពីសម្ដេចក្រឡាហោម។
ពាក់ព័ន្ធនឹងបញ្ហាឆ្លងជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនលោកជំទាវថាពិតមានការឆ្លងជំងឺនេះក្នុងពន្ធនាគារក្នុងរយៈពេលកន្លងមក និងថាក្រសួងមហាផ្ទៃក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ ដោយពេលនេះបានទទួលជោគជ័យ។ សម្ដេចក៏បានជម្រាបជូនថាមានវិធានការសំខាន់ៗមួយចំនួនត្រូវបានអនុវត្ត និងកំពុងពិចារណាអនុវត្ត ក្នុងនោះរួមមានការធ្វើតេសរហ័សរកជំងឺកូវីដ-១៩ និងការញែកអ្នកមានជំងឺ និងអ្នកគ្មានជំងឺឱ្យនៅដាច់ដោយឡែក ហើយក្រសួងមហាផ្ទៃក៏បានយកចិត្តទុកដាក់ទាំងចំពោះអ្នកជាប់ឃុំ និងមន្រ្តីអនុរក្សពន្ធនាគារ។
ពាក់ព័ន្ធនឹងបញ្ហាពន្ធនាគារនេះដែរ ចំពោះករណីរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ក្រសួងមហាផ្ទៃបានធ្វើកិច្ចសហការយ៉ាងល្អជាមួយក្រសួងសុខាភិបាលដើម្បីជំរុញដល់ការព្យាបាលទាន់ពេលវេលា និងថាជាមួយគ្នានេះ ក្រសួងមហាផ្ទៃក៏បាន និងកំពុងធ្វើការជាមួយក្រសួងយុត្តិធម៌ដើម្បីធ្វើយ៉ាងណាអាចជួយសម្រួលដល់ស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារក្នុងគ្រាប្រឈមនឹងជំងឺកូវីដ-១៩។ ជារួមពាក់ព័ន្ធនឹងបញ្ហានេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាទទួលបានជោគជ័យយ៉ាងល្អប្រសើរ និងធ្វើឱ្យចំនួនគ្រោះថ្នាក់មានតិចបំផុត។ ចំពោះការចាប់ខ្លួនសកម្មជន៣រូប សម្ដេចក្រឡាហោម បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតបារាំងថាសម្ដេចយល់ពីបញ្ហានេះ ក៏ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចមានភស្តុតាងជាក់លាក់ច្បាស់លាស់ទៅលើសកម្មភាពដែលពួកគេបានប្រព្រឹត្តកន្លងមក ដូច្នេះក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ គ្មានជម្រើសអ្វីក្រៅតែពីការអនុវត្តច្បាប់ទៅលើសកម្មភាពដែលច្បាប់ហាមឃាត់ និងច្បាប់ផ្ដន្ទាទោសនោះទេ។
លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងបានថ្លែងអំណរគុណសម្ដេចក្រឡាហោម ចំពោះការផ្ដល់ព័ត៌មានពាក់ព័ន្ធទៅនិងករណីខាងលើនេះ និងបានជម្រាបជូនសម្ដេចក្រឡាហោមថាមុននឹងបញ្ចប់អាណត្តិការទូតនៅកម្ពុជា លោកជំទាវសូមអះអាងថាឯកអគ្គរដ្ឋទូតបារាំងដែលនឹងបន្តអាណត្តិក្រោយនឹងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសកម្ពុជា និងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល រួមទាំងក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងជូនពរលោកជំទាវសម្រេចបានជោគជ័យក្នុងការបំពេញបេសកកម្មបន្តបន្ទាប់ និងថាសម្ដេច ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃត្រៀមខ្លួនជានិច្ចក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងសមិទ្ធផលកន្លងមករវាងភាគីទាំងពីរជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់បារាំង ៕