សម្ដេចក្រឡាហោម ស ខេង ផ្ញើសារជូនពរ គោរពជូន សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសដ៏នក្ខត្តឬក្សប្រកបដោយសិរីមង្គលថ្លៃថ្លានៃទិវាខួបកំណើត ៨៧ ឈានចូល ៨៨ឆ្នាំ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារជូនពរ គោរពជូន សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសដ៏នក្ខត្តឬក្សប្រកបដោយសិរីមង្គលថ្លៃថ្លានៃទិវាខួបកំណើត ៨៧ ឈានចូល ៨៨ឆ្នាំ របស់សម្ដេចជាទីគោរពដ៏ខ្ពង់ខ្ពស់។
តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានសម្តែងអំណរសាទរក្នុងមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ក្នុងឱកាសដ៏នក្ខត្តឫក្សប្រកបដោយសិរីមង្គល ថ្លៃថ្លានៃទិវាខួបកំណើតរបស់សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា។
ក្នុងលិខិតជូនពរដដែល សម្ដេចក្រឡាហោម សូមសម្តែងការគោរព សរសើរដោយស្មោះស្ម័គ្រចំពោះវីរភាពដឹកនាំរបស់ សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ដែលតែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ខិតខំប្រឹងប្រែងជំរុញ និងលើកកម្ពស់តួនាទីកាន់តែ សកម្មនៃស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ជាតិ ក្នុងការចូលរួមចំណែកធានាយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព និងអធិបតេយ្យជាតិ នៅគ្រប់កាលៈទេសៈ បង្កលក្ខខណ្ឌសមស្របដើម្បីបន្តដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ក្រោមមាគ៌ានៃនីតិរដ្ឋ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ។
ក្នុងឱកាសប្រកបដោយសិរីមង្គលឧត្ដុង្គឧត្តមនេះ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក និង ទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះ សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត និង សម្ដេចធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួង កុំបី ឃ្លៀងឃ្លាតឡើយ ៕