សម្ដេចក្រឡាហោម ស ខេង បានផ្ញើសារថ្វាយព្រះពរ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសប្រកបដោយសិរីមង្គលនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះករុណាអម្ចាស់ជីវិតលើត្បូង
នៅថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំជូត ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារថ្វាយព្រះពរ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសប្រកបដោយសិរីមង្គលនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះករុណាអម្ចាស់ជីវិតលើត្បូង។
នៅក្នុងសារលិខិតនោះ សម្ដេចក្រឡាហោមបានទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងថា ទូលបង្គំតាងនាមថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សូមព្រះបរមរាជានុញ្ញាតសម្តែងគារវកិច្ច ក្នុងមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែងថ្វាយ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសប្រកបដោយអភិសិរីមង្គលនៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់ ៦៨ យាងចូល ៦៩ ព្រះវស្សា របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។
សម្ដេចក្រឡាហោមបានបន្តទូលថ្វាយក្នុងន័យដើមថា«ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាតអភិវន្ទក្រាបបង្គំសម្តែងថ្វាយនូវអំណរសាទរ និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅ ចំពោះព្រះរាជគុណូបការៈ និងព្រះមហាករុណាទិគុណដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែល ជានិច្ចកាល ព្រះអង្គតែងថ្វាយកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ បំពេញព្រះរាជកិច្ចបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជារាស្ត្រ ប្រកបដោយស្វាមីភក្តិដ៏ឧត្តុង្គឧត្តមបំផុត។ ក្រោមព្រះបរមរាជសម្បត្តិដ៏ពិសិដ្ឋ និងព្រះរាជតម្រិះ ដឹកនាំ ប្រកបដោយព្រះរាជគំរូវីរភាពដ៏អង់អាចមោះមុត និងព្រះរាជទសពិធរាជធម៌របស់ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះរាជាណាចក្រកម្ពុជា និងប្រជារាស្ត្រខ្មែរ បានរស់នៅដោយសុខដុមក្នុងសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី និងវិបុលភាព ឥតឈប់ឈរ»។
សម្ដេចឧបនាយករដ្ឋមន្ត្រីបានទូលថ្វាយទៀតថា«នាឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះ រតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង សូមព្រះអង្គមានព្រះកាយពលរឹងមាំ និងព្រះបញ្ញាញាណភ្លឺថ្លា ព្រមទាំងបានប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជា រាស្ត្រខ្មែរជាដរាបតរៀងទៅ»៕