ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ពិធីស្រង់នាវាសម័យសង្គ្រាមដែលផ្ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនាភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាប្រចាំការក្រសួងការពារជាតិ និងប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ បានអញ្ជើញជាអធិបតីនៃពិធីស្រង់នាវាឡើងពីផ្ទៃទឹកទន្លេ នៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ពិធីស្រង់នាវានាឱកាសនោះ បានប្រារព្ធឡើងនៅលើសាឡាង និងសាឡង់ខ្នាតធំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៉ី បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ឯកឧត្តមនាយឧត្តមសេនីយ៍ ជា សុគន្ធា នាយករងខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងអភិបាលខេត្តពាក់ព័ន្ធ មន្ត្រីជាន់ខ្ពស់ជាសមាជិកក្រុមការងារអន្តរក្រសួង និងអភិបាលស្រុកពាក់ព័ន្ធមួយចំនួនទៀត។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត បានគូសបញ្ជាក់ថាប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចកប់នៅក្រោមផ្ទៃទឹកប្រកបដោយជោគជ័យនៅទីតាំងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរនាពេលនេះ គឺជាស្នាដៃប្រវត្តិសាស្ត្រមិនធ្លាប់មានកន្លងមកសម្រាប់កម្ពុជា ដ្បិតប្រតិបត្តិការនេះបានបង្ហាញថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដីគោកនោះឡើយ ពោលគឺអាចធ្វើបានទាំងនៅក្រោមផ្ទៃទឹក។

ឯកឧត្តមនាយឧត្តមសេនីយ៍បានគូសបញ្ជាក់ទៀតថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា តែងតែបានថ្លៃងកោតសរសើរ ជាមួយនឹងក្ដីមោទកភាពចំពោះក្រុមការងារបោសសំអាតគ្រាប់យុទ្ធភណ្ឌរបស់យើង ដែលបានខិតខំពុះពារការលំបាក រហូតអាចស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានជាង១៦តោនពីបាតទន្លេដែលមានជំរៅជ្រៅ និងថែមទាំងបានស្រង់នាវានោះឡើងផ្ទៃទឹកប្រកបដោយជោគជ័យ បន្ទាប់ពីបានអនុវត្តរយៈពេល៦ខែ។

នាវាដែលបានស្រង់ឡើងមកលើគោកនាថ្ងៃនេះ បានរងការបាញ់ប្រហារបណ្ដាឱ្យផ្ទុះឆេះហើយលិចកាលពីអំឡុងសង្គ្រាមសុីវិលទសវត្សឆ្នាំ១៩៧០។ នាវានេះមានប្រវែងជាង៣០ម៉ែត្រ ហើយបានលិចដល់បាតទន្លេជម្រៅរហូតដល់២៧,៥ម៉ែត្រ ដោយមានគ្រប់ដណ្តប់ដោយដីខ្សាច់នៅលើយ៉ាងច្រើនផងដែរ។ គ្រាប់ និងយុទ្ធភណ្ឌដែលបានស្រង់ឡើងមកលើគោកប្រមាណ១៦តោននោះ គឺជាចំណែកដែលសេសសល់ពីការផ្ទុះឆេះ និងខ្ទាតចេញមុនពេលនាបានលិចចុះទៅបាតទន្លេ។ នេះបើតាមឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការនៃទីបញ្ជាការដ្ឋានកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក។

ឧត្តមសេនីយ៍ទោ ម៉ី សុភា បានឱ្យដឹងថាគ្រាប់យុទ្ធភ័ណ្ឌប្រមាន៩០ភាគរយ ដែលមានទ្រង់ទ្រាយល្អ នឹងត្រូវដោះបន្សាបសម្រាប់រៀបចំដាក់តាំងជាមួយបំណែកឆ្អឹងសាកសព សម្ភារៈសឹកមួយចំនួនទៀត ជាមួយនាវាដែលស្រង់បាននៅសារៈមន្ទីរមួយដែលរាជរដ្ឋាភិបាលគ្រោងបង្កើតឡើងនាពេលខាងមុខ។ ចំណែក១០%ទៀត ដែលជាគ្រាប់ខូចទ្រង់ទ្រាយ ពុកផុយ និងមិនអាចធ្វើការដោះបន្សាបបាន នឹងត្រូវរៀបចំកំទេចចោលដើម្បីបញ្ជៀសគ្រោះថ្នាក់។

គួររម្លឹកថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបង្កើតក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សានិងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងកំណត់ឱ្យធ្វើសេចក្តីរាយការណ៍ និងស្នើសុំយោបល់ដឹកនាំជាប្រចាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម បានដឹកនាំកិច្ចប្រជុំជាបន្តបន្ទាប់ និងអញ្ជើញទៅពិនិត្យទីតាំងប្រតិបត្តិការ និងជួបសំណេះសំណាលដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងក្រុមការងារប្រតិបត្តិការ កាលពីថ្ងៃទី១២ ខែកម្ភៈ កន្លងទៅ ហើយបន្ទាប់មកនៅថ្ងៃទី១៣ ខែមីនា កន្លងទៅ សម្ដេចក្រឡាហោម ក៏បានចាត់តាំងឯកឧត្តមនាយឧត្តមសេនីយ៍ ជា សុគន្ធា នាយករងខុទ្ទកាល័យសម្ដេចក្រឡាហោម ដឹកនាំសហការីចុះសួរសុខទុក្ខ និងផ្ដល់ជូនប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់កម្លាំងប្រតិបត្តិការជាក់ស្ដែងក្នុង១ខែ១លានរៀលចាប់ពីខែមីនា រហូតបញ្ចប់ប្រតិបត្តិការនេះ។

ជុំវិញកិច្ចប្រតិបត្តិការបោះសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះលិចក្នុងនាវាចម្បាំងដែលលិចទឹកក្នុងទន្លេ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានសម្រេចបន្ថែមសមាសភាពពាក់ព័ន្ធមួយចំនួនទៀតមានសមាសភាពមកពីរដ្ឋបាលខេត្តកណ្ដាល និងខេត្តព្រៃវែង។ តាមការស្រាវជ្រាវ ក្រុមការងារអន្តរក្រសួងគ្រោងនឹងបន្តប្រតិបត្តិការស្រង់យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលលិចក្នុងនាវាចម្បាំងមួយចំនួនទៀតនៅស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល, ស្រុកពាមជរ និងស្រុកពាមរក៍ ខេត្តព្រៃវែង៕

អត្ថបទដែលជាប់ទាក់ទង