ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំង

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសៅរ៍ ១៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា នាយករងខុទ្ទកាល័យសម្ដេចក្រឡាហោម និងសហការី បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

នៅក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ជា សុគន្ធា បានជម្រាបជូនថ្នាក់ដឹកនាំ និងក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេ នូវសេចក្ដីផ្ដាំផ្ញើសួរសុខទុកប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ជាពិសេសការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចផ្ទាល់ ក្នុងការផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមជូនក្រុមការងារប្រតិបត្តិការជាក់ស្ដែង ដោយក្នុងម្នាក់ទទួលបានថវិកា ១លានរៀលជារៀងរាល់ខែ ចាប់ពីខែមីនានេះ រហូតដល់បញ្ចប់កិច្ចប្រតិបត្តិការ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ជា សុគន្ធា ព្រមទាំងសហការី ក៏បានអញ្ជើញទស្សនាគ្រាប់យុទ្ធភណ្ឌ សម្ភារៈសឹក និងបំណែកឆ្អឹងសាកសព ដែលក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងលិចក្នុងទន្លេ បានស្រង់ឡើងមកលើគោកជាបន្តបន្ទាប់ ក្នុងនោះបើតាមរបាយការណ៍ គឺចាប់ពីខែតុលា ឆ្នាំ២០២០ រហូតដល់ដើមខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារស្រង់បានគ្រាប់យុទ្ធភណ្ឌសរុបចំនួន ១៥,២៨២គីឡូក្រាម ព្រមទាំងបំណែកឆ្អឹងសពមនុស្ស និងសម្ភារៈសឹកមួយចំនួនទៀត ។

នាយឧត្តមសេនីយ៍ នាយករងខុទ្ទកាល័យ បានបញ្ជាក់ថា ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការនៃក្រសួងការពារជាតិ នឹងដឹកនាំក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេ បើកការដ្ឋានប្រតិបត្តិការបោសសំអាតគ្រាប់ក្រោមទឹក ការដ្ឋានទី២ ស្ថិតនៅឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ ។

លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការនៃទីបញ្ជាការដ្ឋានកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទះក្រោមទឹក បានមានប្រសាសន៍គោរពថ្លែងអំណរគុណសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល និងសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ដែលបានផ្ដល់ការទុកចិត្តខ្ពស់មកលើក្រុមការងារ និងបានផ្ដល់ការគាំទ្រគ្រប់បែបយ៉ាងដល់កិច្ចប្រតិបត្តិការនេះ ។ ជាថ្មីម្ដងទៀត លោកឧត្តមសេនីយ៍ទោមេបញ្ជាការ ក៏បានប្ដេជ្ញាចិត្តដឹកនាំក្រុមការងារបន្តបេសកម្មនេះឱ្យទទួលបានជោគជ័យជូនរាជរដ្ឋាភិបាល ដើម្បីសេចក្ដីសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ។

សូមរម្លឹកថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេខាងលើនេះ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ។ ក្រុមការងារនេះមានឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ជាប្រធាន អមដោយអនុប្រធាន២រូប គឺអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ ។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារអន្តរក្រសួងត្រូវធ្វើសេចក្ដីរាយការណ៍ និងស្នើសុំយោបល់ដឹកនាំជាប្រចាំ ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងបើកកិច្ចប្រជុំជាបន្តបន្ទាប់ រហូតឈានដល់ការបើកប្រតិបត្តិការជាក់ស្ដែង ។ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាល និងត្រួតពិនិត្យជាក់ស្ដែងនូវលទ្ធផល និងកិច្ចប្រតិបត្តិការរបស់ក្រុមការងារ នៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

តាមគម្រោងប្រតិបត្តិការស្រង់យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចេញពីនាវាច្បាំងដែលលិចក្នុងទន្លេ ស្ថិតក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គ្រោងនឹងបញ្ចប់នៅអំឡុងខែឧសភា ឆ្នាំ២០២១នេះ ។ យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិនិត្យកិច្ចប្រតិបត្តិការជាក់ស្ដែងនោះ សម្ដេចបានផ្ដល់អនុសាសន៍ឱ្យក្រុមការងារយកចិត្តទុកដាក់ជាអាទិភាពដល់សុវត្ថិភាព ពោលគឺមិនអាចធ្វើការដោយប្រញាប់ប្រញាល់ដើម្បីឱ្យសម្រេចតាមផែនការដែលបានទុកពេកនោះឡើយ ។

សូមបញ្ជាក់ថា ជុំវិញកិច្ចប្រតិបត្តិការបោះសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះលិចក្នុងនាវាចម្បាំងដែលលិចទឹកក្នុងទន្លេ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានសម្រេចបន្ថែមសមាសភាពពាក់ព័ន្ធមួយចំនួនទៀតមានសមាសភាពមកពីរដ្ឋបាលខេត្តកណ្ដាល និងខេត្តព្រៃវែង ។ តាមការស្រាវជ្រាវ ក្រុមការងារអន្តរក្រសួងគ្រោងនឹងបន្តប្រតិបត្តិការស្រង់យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលលិចក្នុងនាវាចម្បាំងមួយចំនួនទៀតនៅស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល, ស្រុកពាមជរ និងស្រុកពាមរក៍ ខេត្តព្រៃវែង ៕

អត្ថបទដែលជាប់ទាក់ទង