សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនលោកស្រី កាម៉េអ៊ី ហារុកុ ចូលជួបចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
នៅរសៀលថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកស្រី កាម៉េអ៊ី ហារុកុ ប្រធានការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទ។
ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះវត្តមានលោកស្រី ព្រមទាំងសហការរីនិងសូមចូលរួមអបអរសាទរចំពោះការមកកាន់តួនាទីជាប្រធានថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ប្រចាំនៅកម្ពុជា។ សម្ដេចក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលជប៉ុន ដែលកន្លងមកបានជួយជ្រោមជ្រែងការស្វែងរកសន្តិភាព ការស្ដារ និងការអភិវឌ្ឍនៅកម្ពុជា ។
សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលជប៉ុនដែរ ដែលតាមរយៈ JICA បានជួយគាំទ្រលើការបណ្ដុះបណ្ដាលសមត្ថភាពទាំងក្នុងវិស័យនគរបាលជាតិ និងការបណ្ដុះបណ្ដាលមន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលការជួយបណ្ដុះបណ្ដាលនេះបានក្លាយជាការរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ហើយសម្ដេចសង្ឃឹមជឿជាក់ថាតាមយៈអាណត្តិបេសកកម្មរបស់លោកស្រី នឹងជួយលើកកម្ពស់ទំនាក់ទំនងរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ក៏ដូចជារវាងក្រសួងមហាផ្ទៃ និងJICA ។
ជាការឆ្លើយតប លោកស្រីបានថ្លែងអំណរគុណ និងឯកភាពចំពោះប្រសាសន៍សម្ដេច ដោយបានបន្តថាជាការពិតJICA និងក្រសួងមហាផ្ទៃ មានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាណាស់ ក្នុងនោះJICAបានជួយគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ តាមរយៈការជួយកសាងសមត្ថភាពធនធានមនុស្ស។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីក៏បានថ្លែងកោតសរសើរចំពោះការដឹកនាំដ៏ខ្លាំងក្លា និងរឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះក្រសួងមហាផ្ទៃ ដែលបានជួយសម្របសម្រួលដំណើរចូលប្រទេសកម្ពុជារបស់ក្រុមបុគ្គលិកJICA ក្នុងស្ថានភាពជំងឺកូវីដ-១៩នេះដែរ ។
ភ្ជាប់នឹងប្រធានបទនេះ លោកស្រីបានលើកឡើងដែរថាការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ បានល្អប្រសើរនេះ ក៏ជាលទ្ធផលមួយនៃដំណើរការល្អប្រសើរក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការផងដែរពីព្រោះរាជរដ្ឋាភិបាលកម្ពុជាបានផ្ទេរសមត្ថកិច្ចដល់រដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីធ្វើយ៉ាងណាគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩នេះ បានល្អប្រសើរ។
ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលធនធានមនុស្ស លោកស្រីបានជម្រាបជូនសម្ដេចក្រឡាហោម ថាបច្ចប្បន្ន JICA កំពុងសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីរៀបចំកសាងកម្មវិធីបណ្ដុះបណ្ដាលមន្រ្តីថ្នាក់ក្រោមជាតិ និងមន្រ្តីក្រសួងមហាផ្ទៃ ហើយលោកស្រីក៏បានដឹងថាថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានកែសម្រួល និងដាក់ចេញគោលនយោបាយ ភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាព។ លោកស្រីសង្ឃឹមថាតាមរយៈគម្រោងសហប្រតិបត្តិការជាមួយJICA លើការងារបណ្ដុះបណ្ដាលសមត្ថភាពនេះនឹងជួយឱ្យការអនុវត្តគោលនយោបាយនេះទទួលបានលទ្ធផលល្អប្រសើរ ។
សម្ដេចក្រឡាហោម បានបង្ហាញភាពរីករាយ និងអរគុណជាថ្មីទៀតចំពោះគម្រោងសហប្រតិបត្តិការនេះ ហើយពាក់ព័ន្ធនឹងការងារវិមជ្ឈការ និងវិសហមជ្ឈការ សម្ដេច បានបន្ថែមថាការងារនេះមានសារៈសំខាន់ណាស់ ដោយរាជរដ្ឋាភិបាលបានអនុវត្តតាំងពីឆ្នាំ២០០២ តាមរយៈការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ហើយដែលកាលនោះJICAក៏បានជួយលើការងារនេះដែរ ។ សម្ដេចបន្តថាទោះបីជាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះជួប្រទះនូវបញ្ហាប្រឈមខ្លះ និងមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងមហាផ្ទៃ នៅតែបន្តខិតខំអនុវត្តកិច្ចការនះដោយផ្អែកលើសមិទ្ធផលកន្លងមក ដូចជាការរៀបចំការបោះឆ្នោតជាទៀងទាត់ និងលទ្ធផល១០ឆ្នាំ នៃកម្មវិធីជាតិកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
មកដល់ចំណុចនេះ សម្ដេចបានជម្រាបជូនលោកស្រីប្រធានJICA ថា នៅពេលនេះកម្មវិធីជាតិរយៈពេល១០ឆ្នាំ បានបញ្ចប់ហើយ ហើយរាជរដ្ឋាភិបាលកំពុងរៀបចំកម្មវិធីជាតិ១០ឆ្នាំបន្តទៀត ចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០ ដោយមានការងារធំៗ២ត្រូវផ្ដោត ក្នុងនោះទី១ គឺការផ្ទេរសិទ្ធិអំណាច និងធនធានទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង២ គឺការផ្ទេរក៏ដូចជាការលើកម្ពស់សមត្ថភាពធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។ សម្ដេចបានបន្ថែមថាក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ខ្ពស់លើការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយពេលនេះក៏កំពុងសហការជាមួយដៃគូក្នុងការរៀបចំសាលាបណ្ដុះបណ្ដាលមន្រ្តីរាជការស៊ីវិល និងមន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីធានានិរន្តរភាពក្នុងការបណ្ដុះបណ្ដាលមន្រ្តីរាជការឱ្យមានសមត្ថភាពដែរ។
លោកស្រីប្រធានJICA បានជម្រាបសម្ដេចថាបច្ចុប្បន្ននេះ លោកស្រី និងសហការរី ក៏កំពុងសហការជាមួយអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្នុងការកសាងកម្មវិធីបណ្ដុះបណ្ដាលមន្រ្តីរាជការស៊ីវិល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយលោកស្រីក៏មានភាពរីករាយជួយគាំទ្រដល់កិច្ចការងារនេះ ពិសេសសូមកោតសរសើរឆន្ទៈសម្ដេចក្រឡាហោម ក្នុងការជំរុញការលើកកម្ពស់សមត្ថភាពមន្រ្តី ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យ ៕