ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ និងការផ្សព្វផ្សាយរបាយការណ៍ ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១

នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅទីស្នាក់ការគណបក្សខេត្តព្រៃវែង សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ និងការផ្សព្វផ្សាយរបាយការណ៍ ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ របស់គណៈកម្មាធិការកណ្ដាល ។ 

យោងតាមរបាយការណ៍កម្មភាពការងារគណៈកម្មាធិការគណបក្សខេត្តព្រៃវែង បានឲ្យដឹងថា ឆ្នាំ២០២០កន្លងមកនេះ គឺជាឆ្នាំដែលប្រទេសកម្ពុជា ក៏ដូចជាសកលលោកទាំងមូលបានជួបប្រទះវិបត្តិនៃជំងឺកូវីដ-១៩ និង គ្រោះទឹកជំនន់ទឹកភ្លៀង ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ទាំងលើវិស័យ សេដ្ឋកិច្ច សង្គម។ តែទោះជាយ៉ាងនេះក្តី គណៈកម្មាធិការគណបក្សមូលដ្ឋានគ្រប់ថ្នាក់នៅក្នុងខេត្តព្រៃវែង តែងបាន រួមសហការ ជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានជួយខេត្ត និងបណ្តាអង្គការចាត់តាំងបក្ស បានខិតខំបំពេញភារកិច្ចចុះជាប់តាមមូលដ្ឋានជាប្រចាំរួមប្រាស្រ័យជាមួយសមាជិកគណបក្ស និងប្រជាពលរដ្ឋដោយមិនមានការប្រកាន់ និន្នាការនយោបាយ ដើម្បីអប់រំ ផ្សព្វផ្សាយឲ្យមានការយល់ដឹងអំពី គ្រោះថ្នាក់នៃជំងឺឆ្លងរាតត្បាតកូវីដ-១៩ ការចុះជួយប្រជាជនពីគ្រោះជំនន់ទឹកភ្លៀង ក៏ដូចជាការផ្សព្វផ្សាយអំពីសភាពការណ៍វិវឌ្ឍន៍ថ្មីៗ ។ 

ក្រោមការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ក្រុមការងារគណបក្សចុះមូលដ្ឋានជួយខេត្តព្រៃវែងគ្រប់ថ្នាក់ បានរួមសហការជាមួយគណៈកម្មាធិការគណបក្សខេត្ត ដោយមានជាជួយឧបត្ថម្ភជាសម្ភារ ថវិកាពីបណ្តាសប្បុរសជន អាជីវករ ពាណិជ្ជករ ដែលមានការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងបានសហការជាមួយគណបក្សមូលដ្ឋាន ចុះជួបនឹងប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បី អប់រំ អំពីការចូលរួមអនុវត្តវិធានការណ៍នានា ដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ កុំឲ្យមានការឆ្លងរាលដាលចូលក្នុងសហគមន៍ ការចូលរួមជួយប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងបានចូលរួមស្តាប់មតិ យោបល់ការថ្នាំងថ្នាក់ ក៏ដូចជាសំណូមពរនានាពីគាត់ដើម្បីដោះស្រាយ ឬ រាយការណ៍ជូនថា្នក់លើ ហើយបានណែនាំឲ្យពួកគាត់ចូលរួមការពារ សន្តិភាព ស្ថិរភាពនៅតាមមូលដ្ឋាន ទប់ស្កាត់រាល់ឧបាយកលក៏ពិសពុលរប់ក្រុមឧទ្ទាមប្រឆាំងជ្រុលនិយម ដែលនៅតែមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្រប់ច្បាប់ តាមរយៈបដិវត្តន៍ពណ៌ ព្រមទាំងណែនាំ អប់រំ ដល់គ្រប់សមជិកគណបក្សទាំងអស់ ត្រូវតែគោរពច្បាប់របស់ព្រះរាជណាចក្រកម្ពុជា។ 

សម្តេចក្រឡាហោម អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង បានមានប្រសាសន៍ថា តាងនាមសម្តេចតេជោប្រធានគណបក្ស ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្លួនសម្តេចផ្ទាល់ សូមវាយតម្លៃខ្ពស់ចំពោះឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ឯកឧត្តម លោកជំទាវ លោកស្រី អស់លោកទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការធ្វើសកម្មភាពនានាបម្រើឱ្យផលប្រយោជន៍ជាតិ និងប្រជាជន ដែលធ្វើឱ្យអត្ថិភាពនៃគណបក្សប្រជាជនកម្ពុជាប្រមាណជិត ៧០ឆ្នាំកន្លងមក ព្រមទាំងបន្តអត្ថិភាពទៅថ្ងៃអនាគតទៀតជាមួយនឹងសមិទ្ធផលជាប្រវត្តិសាស្រ្តជាច្រើនឥតគណនា។ 

សម្តេចក្រឡាហោម ក៏បានលើកឡើងនូវកិច្ចការជាអាទិភាពមួយចំនួនផងដែរ សម្រាប់ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់នៃខេត្តព្រៃវែង ធ្វើជាមូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាពអនុវត្តជាក់ស្តែងក្នុងឆ្នាំ២០២១។ 

សម្តេចក្រឡាហោម អនុប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បន្តថា កម្ពុជាយើងធ្លាប់ជាប្រទេស ដែលទទួលរងគ្រោះដោយសារសង្រ្គាមត្រជាក់រវាងមហាអំណាច រហូតធ្វើឱ្យប្រទេសជាតិធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃ របបប្រល័យពូជសាសន៍ ដែលបានបំផ្លិចបំផ្លាញសង្គមជាតិស្ទើររលាយទាំងស្រុង ទម្រាំទទួលបានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដូចបច្ចុប្បន្ន។ ផ្អែកលើមេរៀនបទពិសោធន៍នេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើការដឹកនាំ គ្រប់គ្រងប្រទេសប្រកបដោយភាពបត់បែន ប្រកាន់ជំហរអព្យាក្រឹត និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត ហើយក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ឬយកកម្ពុជាធ្វើជាឈ្នាន់ដើម្បីបំផ្លាញប្រទេសណាមួយឡើយ។ 

ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ សម្តេចបានប្រសាសន៍ថា ជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច សង្គមកម្ពុជា និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្រ្ត ដោយផ្តោតទៅលើមុខព្រួញចំនួន០៤ គឺការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លង និងការកាពារអាយុជីវិតប្រជាពលរដ្ឋ ការរក្សាលំនឹងជីវភាពប្រជាពលរដ្ឋ ការខិតខំជួយជំរុញគាំទ្រឱ្យធុរកិច្ច និងអាជីវកម្មអាចរស់បាននិងរក្សាការងារ និងការរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម។ 

សម្តេចបានមានប្រសាសន៍បន្ថែមថា គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ដូចជាការចុះជួបប្រជាពលរដ្ឋនិងអ្នកគាំទ្រ ការពង្រីកសមាជិកថ្មីនៅតាមមូលដ្ឋាន ការថ្លែងសារនយោបាយជាសាធារណៈ ការបើកទីស្នាក់ការ និងការលើកស្លាកគណបក្សដែលទាំងនេះគឺជាដំណើរការនៃរបបពហុបក្សនិយម។ ជាមួយនេះ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយនានា បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ចូលរួមក្នុងដំណើរការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការលើកស្ទួយសិទ្ធិសេរីភាព និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍ។ 

ជាថ្មីម្តងទៀត តាងនាមសម្តេចតេជោប្រធានគណបក្ស ក្នុងនាមថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តពង្រឹងការជឿជាក់ និងការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ ខាងមុខ សម្តេចអនុប្រធានគណបក្ស បានធ្វើការណែនាំអំពីកិច្ចការសំខាន់ៗមួយចំនួនដូចជា៖ ១.ការពង្រឹងអង្គការចាត់តាំងបក្ស ក្រុមការងារគណបក្ស និងការពង្រឹងពង្រីកសមាជិកបក្ស, ២-ជំរុញអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព, ៣- បន្តពង្រឹងអភិបាលកិច្ចល្អនៅតាមស្ថាប័នសាធារណៈគ្រប់ថ្នាក់ ដើម្បីលើកកម្ពស់ការបម្រើប្រជាពលរដ្ឋ, និង៤. ការពង្រឹងរដ្ឋបាលឃុំ សង្កាត់ ភូមិ ៕ 

 

អត្ថបទដែលជាប់ទាក់ទង