ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតឲ្យលោកស្រី ប្រធានបេសកកម្មថ្មី នៃចលនាអន្តរជាតិកាកបាទក្រហម និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោកស្រី Dena Fisher ប្រធានបេសកកម្មថ្មី នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម International Committee of Red Cross (ICRC) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ ។

ជាកិច្ចចាប់ផ្តើមសម្តេចក្រឡាហោម បានទទួលស្វាគមន៍លោកស្រីប្រធានបេសកកម្មថ្មី និងថ្លែងអំណរគុណចំពោះការគាំទ្រ ICRC កន្លងមកក្នុងការងារគាំទ្រដល់កម្ពុជា ជាពិសេសក្នុងការងារ លើកកម្ពស់ស្ថានភាពពន្ធនាគារនៅកម្ពុជា។ សម្តេច សង្ឃឹមថា លោកស្រីនឹងបន្តបេសកកម្មនេះបន្តទៀត។

ឆ្លើយតបនិងការលើកឡើងរបស់សម្តេចក្រឡាហោម លោកស្រី Dena Fisher បានថ្លែងថា ពិតជាមានកិត្តិយសណាស់ ដែលលោកស្រីបានចាត់តាំងឲ្យបំពេញការងារនៅកម្ពុជា លោកស្រី ធ្លាប់បានបំពេញការងារនៅប្រទេសភូមា ប្រទេសថៃ និងប្រទេសដទៃទៀត។ លោកស្រីបានបន្តថា លោកស្រីធ្លាប់បានលឺប្រវត្តិការងារល្អៗ នៃកិច្ចប្រតិបត្តិការល្អរវាងអង្គភាពក្រសួងមហាផ្ទៃ ជាពិសេសអគ្គនាយកដ្ឋានពន្ធនាគារ។ ជាមួយគ្នានេះ ICRC ក៏បានធ្វើការជាមួយក្រសួងផ្សេងទៀតដែរ ដូចជាក្រសួងយុត្តិធម៌ជាដើម ដើម្បីគាំទ្រដល់បញ្ហាជនជាប់ឃុំ ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានជម្រាបជូនលោកស្រី ប្រធានបេសកកម្មថ្មី អំពីស្ថានភាពអ្នកឃុំនៅកម្ពុជា ដែលជាបញ្ហាចំបង គឺត្រង់ថា កម្ពុជាត្រូវការការពារសន្តិសុខ ជូនប្រជាពលរដ្ឋ ដើម្បីសម្រេចបានគោលបំណងនេះសមត្ថកិច្ច ត្រូវធ្វើការបង្ក្រាបជនល្មើស ដែលនាំអោយមានការចាប់ខ្លួន ហើយជាលទ្ធផលគឺបង្កើតអោយមានការចង្អៀតណែននៅក្នុងពន្ធនាគារ ហើយការងារនេះយើងត្រូវតែធ្វើ បើមិនដូច្នេះនោះទេ គឺមិនអាចរក្សាសន្តិសុខជូនប្រជាពលរដ្ឋបានទេ។ ហើយពាក់ព័ន្ធការចង្អៀតណែននៅក្នុងពន្ធនាគារនោះដែរ ក្រសួងមហាផ្ទៃ ក៏បានគិតគូរដោះស្រាយតាមមធ្យោបាយផ្សេងៗ នៅក្នុងនោះរួមមានៈ ទី១-យន្តការតាមក្រសួងយុត្តិធម៌ ដែលបង្កើតយុទ្ធនាការ ពន្លឿនកាត់សេចក្តី ដើម្បីកាត់បន្ថយជនជាប់ឃុំ, ទី២- គឺការដោះស្រាយ ជម្លោះក្រៅប្រព័ន្ធតុលាការ ដែលយន្តការនេះ បានដាក់ចូលក្នុងគោលនយោបាយភូមិឃុំ.សង្កាត់មានសុវត្ថិភាព ដើម្បីធ្វើយ៉ាងណាចៀងវាងកុំឲ្យមានការឃាត់ខ្លួន ឃុំខ្លួនដោយមិនមានការចាំបាច់, ទី៣- ការអនុវត្តទោសតាមសហគមន៍ ដែលកិច្ចការនេះគឺនៅមិនទាន់អាចអនុវត្តជាលក្ខណៈពេញលេញនៅឡើយទេ ដោយសារទី១-ប្រជាពលរដ្ឋ គាត់មិនអាចទទួលយកបាន ដោយខ្លាចមានបញ្ហាអសន្តិសុខ នៅពេលដែលមានជនដែល ធ្លាប់ទោសមកធ្វើការនៅក្នុងសហគមន៍របស់ពួកគេ ដូច្នេះកិច្ចការនេះ គឺត្រូវការពារពេលវេលាបន្ថែមទៀត ដើម្បីអោយមានការគាំទ្រពីប្រជាពលរដ្ឋ។ ទី៤- គឺយើងបានសិក្សាលើការពង្រីកពន្ធនាគារផងដែរ ដែលការងារនេះ ICRC បានរួមចំណែកផងដែរ។

សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានយុទ្ធនាការបង្ក្រាបគ្រឿងញៀន ហើយដែលជាលទ្ធផលបានធ្វើអោយអ្នកជាប់ពន្ធនាគារកើនឡើង ពាក់ព័ន្ធបញ្ហាគ្រឿងញៀន។ ដូច្នេះហើយការងារចង្អៀតណែននៅក្នុងពន្ធនាគារ គឺនៅតែជាកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងខាងលើនេះ សម្តេចក្រឡាហោម បានលើកសំណើរមួយចំនួនដល់ICRC ទី១- ស្នើICRC ជួយចែករំលែកបទពិសោធន៍ពីប្រទេសផ្សេងៗដែលធ្លាប់មានការដោះស្រាយលើការចង្អៀតណែននៅក្នុងពន្ធនាគារនេះ, ទី២- គឺស្នើICRC បន្តជួយកសាងធនធានមនុស្ស ដល់មន្ត្រីរបស់ពន្ធនាគារ, ហើយទី៣- ស្នើដល់ICRC ផ្តល់ជាទស្សនទាន ឬគំនិតនៅក្នុងការ អប់រំកែប្រែ អ្នកដែលជាប់ឃុំ ដើម្បីអោយពួកគេធ្វើសមាហរន្តកម្ម ទៅក្នុងសហគមន៍វិញ ក្រោយពេលពួកគេអនុវត្តទោសរួច ដែលនេះគឺផែនការការងារចំបងរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ សម្តេច ក្រឡាហោម ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ការធ្វើទារុណកម្មនៅក្នុងពន្ធនាគារ ដែលវាជាបញ្ហាប្រឈមមួយដែរ។ ជាប្រវត្តិសាស្ត្រកម្ពុជា អ្នកដែលជាប់ឃុំឃាំងតែង ទទួលរងការធ្វើទារុណកម្ម ដើម្បីទទួលបានចម្លើយសារភាពផ្សេងៗ ប៉ុន្តែនៅពេលនេះយើង បានធ្វើការកែសម្រួល និងកែប្រែស្ថានភាពនេះអោយល្អប្រសើរមួយចំនួនហើយ។ ហើយនៅក្នុងកិច្ចការខិតខំលុបបំបាត់អំពើទារុណកម្មនៅក្នុងពន្ធនាគារនេះ គឺរាជរដ្ឋាភិបាល កម្ពុជា បានបង្កើតជាគណៈកម្មាធិការប្រយុទ្ធប្រឆាំងទារុណកម្មឆ្លើយតបទៅតាមបទបញ្ញត្តិរបស់អង្គការសហប្រជាជាតិ។ ដែលគណៈកម្មាធិការនេះ ទទួលពាក្យបណ្តឹងផង ហើយនិងធ្វើការចុះជាប្រចាំនៅតាមពន្ធនាគារផង។

ឆ្លើយតមនិងការចែករំលែករបស់ សម្តេចក្រឡាហោម លោកស្រីប្រធានបេសកកម្មថ្មី បានថ្លែងអំណរគុណនិងបង្ហាញនូវសេចក្តីចាប់អារម្មណ៍ជាខ្លាំងចំពោះស្ថានភាព និងវឌ្ឍនភាពនៃការលើកកំពស់វិស័យពន្ធនាគារនៅកម្ពុជា។ លោកស្រី ក៏បានចែករំលែកដែរថា ថ្មីៗនេះពាក់ព័ន្ធវិស័យពន្ធនាគារនេះផងដែរ គឺលោកស្រីក្នុងនាមជាប្រធានបេសកកម្ម ICRC នៅកម្ពុជា បានចូលរួមក្នុងការបង្កើត ក្រុមការងារបច្ចេកទេសមួយរវាងក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ក្នុងការបង្កើតក្រុមការងារលើកកម្ពស់ជនជាប់ឃុំនៅក្នុងពន្ធនាគារ ដែលក្នុងនោះ លោកស្រីសង្ឃឹមថា នឹងធ្វើការងារជាមួយក្រុមការងារនេះ ដើម្បីពិភាក្សាអំពីការទប់ស្កាត់ជំងឺរាតស្បាតនានា ជាពិសេសជំងឺកូវីដ-១៩ ហើយនិងការលើកកម្ពស់សុខភាពផ្លូវកាយនិងផ្លូវចិត្ត ហើយនិងបញ្ហាផ្សេងៗ ដែលប្រឈមនៅក្នុងពន្ធនាគារ។ ពាក់ព័ន្ធការធ្វើសមាហរន្តកម្ម ចូលសហគមន៍របស់ជនជាប់ឃុំ ដែលអនុវត្តន៍ទោសរួចនោះ គឺលោកស្រីបានលើកឡើងថា មធ្យោបាយ២ ដែលមានប្រសិទ្ធភាពក្នុងការធ្វើអោយកិច្ចការនេះបានល្អប្រសើរ គឺវគ្គបណ្តុះបណ្តាលដល់អ្នកជាប់ឃុំ មួយទៀតគឺការរក្សាទំនាក់ទំនងល្អរវាងអ្នកជាប់ឃុំ និងក្រុមគ្រួសាររបស់ពួកគេ ហើយពាក់ព័ន្ធកិច្ចការទាំង២នេះ ICRC បានជួយធ្វើការជាច្រើនក្នុងការជួយបណ្តុះបណ្តាលអ្នកជាប់ឃុំនេះ ហើយក៏បានធ្វើការជាមួយកាកក្របាទក្រហមកម្ពុជា ក្នុងការលើកកម្ពស់ការរក្សាទំនាក់ទំនងល្អរវាងអ្នកជាប់ឃុំ និងក្រុមគ្រួសាររបស់ពួកគេ។

ជាកិច្ចបញ្ចប់លោកស្រី Dena Fisher ប្រធានបេសកកម្មថ្មី នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម International Committee of Red Cross (ICRC) បានស្នើសុំសម្តេចក្រឡាហោម ចាត់ជនបង្គោលដើម្បីអ្នកជំនាញរបស់ICRC និងធ្វើការបន្តក្នុងការងារលើកកម្ពស់ស្ថានភាពនៅពន្ធនាគារ។

ចំពោះជនបង្គោលនេះ សម្តេចក្រឡាហោម បានឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានពន្ធនាគារដើម្បីធ្វើការផ្ទាល់ជាមួយអ្នកជំនាញICRC។

ជាកិច្ចបញ្ចប់លោកស្រីប្រធានបេសកកម្មថ្មី បានថ្លែងអរគុណចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំណាយពេលវេលាទទួលជួបលោកស្រី ហើយលោកស្រីសង្ឃឹមថានឹងបានពិភាក្សាបន្តការងារលម្អិតទៀតជាមួយជនបង្គោលដែលសម្តេចក្រឡាហោម ចាត់តាំង៕


 

អត្ថបទដែលជាប់ទាក់ទង