ឯកឧត្តម ស សុខា បានអញ្ជើញប្រគល់អំណោយកង់ អង្ករ ត្រីខ សម្ភារៈសិក្សា និងថវិកាមួយចំនួន ដល់ប្អូនៗជាសិស្សានុសិស្សមកពីគ្រួសារមានបញ្ហាក្នុងជីវភាពចំនួន២៥០នាក់
ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបាត់ដំបង នៅព្រឹកថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញប្រគល់អំណោយកង់ អង្ករ ត្រីខ សម្ភារៈសិក្សា និងថវិកាមួយចំនួន ដល់ប្អូនៗជាសិស្សានុសិស្សមកពីគ្រួសារមានបញ្ហាក្នុងជីវភាពចំនួន២៥០នាក់ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។
កិច្ចប្រកបដោយសប្បុរសធម៌នេះ បានប្រារព្ធឡើងយ៉ាងមហាឡារិក នៅមុខប្រាសាទបាណន់ ជាពិសេស ដោយបានការអញ្ជើញចូលរួមជាដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងសមាជិក សមាជិការនៃក្រុមការងារអ្នកម្ដាយមនុស្សធម៌ រួមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលខេត្តបាត់ដំបង, រដ្ឋបាលស្រុកបាណន់, ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង, ចុះជួយស្រុកបាណន់, អាជ្ញាធរដែនដី, រួមទាំងលោកឪពុក អ្នកម្ដាយ និងអាណាព្យាបាល ប្អូនៗជាសិស្សានុសិស្ស ជាច្រើនរូបទៀត។
អញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់ប្អូនៗសិស្សានុសិស្សនាឱកាសនោះ ឯកឧត្តម ស សុខា បានថ្លែងនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងទឹកចិត្តប្រកបដោយការណិតស្រលាញ់ដ៏ជ្រាលជ្រៅរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ចំពោះប្អូនៗជាសិស្សានុសិ្សមានបញ្ហាក្នុងជីវភាព និងមានសេចក្ដីសង្ឃឹមជឿជាក់ថាបន្ទាប់ពីទទួលបានជំនួយនាថ្ងៃនេះ ពិសេសគឺកង់ល្អៗម្នាក់មួយគ្រឿងនោះ ប្អូនៗនឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅសាលារៀន ហើយខិតខំសិក្សារៀនសូត្រ ស្ដាប់តាមការអប់រំណែនាំលោកឪពុក អ្នកម្ដាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់ប្រទេសជាតិ៕