ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក

នៅព្រឹកថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រារព្ធនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើរបាយការណ៍ស្វាគមន៍ថាវត្តមានសម្ដេចក្រឡាហោមនាឱកាសនេះ ជាការផ្តល់កិត្តិយស និងជាការលើកទឹកចិត្តដ៏ធំធេងដល់អនុគណៈកម្មការខេត្តក្នុងការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ ដើម្បីអោយអ្នកប្រើប្រាស់ផ្លូវទាំងឡាយ យល់ថាការគោរពច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការគោរពស្រលាញ់អាយុជីវិតខ្លួនឯង និងអាយុជីវិតអ្នកដទៃ ។

ឯកឧត្តមបន្តថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២០ ក្នុងខេត្តកណ្តាលបានធ្លាក់ចុះធៀបនឹងឆ្នាំ២០១៩ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍កើតឡើង១៦៨លើក ថយចុះ៣៦លើក បណ្តាលឲ្យស្លាប់១២៥នាក់ ថយចុះ១៨នាក់, រងរបួសធ្ងន់១៤៩នាក់ ថយចុះ ១០នាក់, របួសស្រាល ១៦២នាក់ កើន៦៥នាក់ ។

ឯកឧត្តមបានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់១២៥នាក់ មានអ្នកបើកបរទោចក្រយានយន្ត៨៣នាក់ ក្នុងនោះមិនពាក់មួក៦៨នាក់ អ្នករួមដំណើរតាមទោចក្រយានយន្ត១៥នាក់ ក្នុងនោះមិនពាក់មួក១១នាក់ អ្នកបើកបររថយន្ត ៤នាក់ អ្នករួមដំណើរតាមរថយន្ត៦នាក់ ថ្មើរជើង១៥នាក់ និងអ្នកជិះកង់២នាក់ ព្រមទាំងខូចខាតរយានយន្ត ព្រមទាំងមធ្យោបាយធ្វើដំណើរជាច្រើនគ្រឿងទៀត ។

នៅក្នុងឱកាសនោះដែរ អង្គពិធីក៏បានស្ដាប់នូវការឡើងថ្លែងចែករំលែកបទពិសោធន៍ជួបគ្រោះថ្នាក់ចរាចរណ៍របស់យុវតីម្នាក់ដែលបានធ្វើឱ្យនាងរងរបួសរួមជាមួយបងប្អូនម្នាក់ទៀត ធ្វើឱ្យក្រុមគ្រួសារជួបការលំបាក ដោយសារនាងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងខកខានពេលវេលាសិក្សា ។ នាងបានអំពាវនាវដល់អ្នកបើកបរទាំងឡាយសូមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ពេលវេលា ។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសុន្ទរកថា និងមានមតិសំណេះសំណាលទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានសម្ដែងការចូលរួមរំលែកមរណទុក្ខចំពោះគ្រួសារសពជនរងគ្រោះ ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និងបួងសួងជូនជនរងគ្រោះកំពុងរងរបួស និងស្ថិតនៅមន្ទីរពេទ្យ សូមឆាប់បានជាសះស្បើយ និងបានវិលត្រឡប់មកជួបជុំក្រុមគ្រួសារឡើងវិញ ។

សម្ដេចបានមានប្រសាសន៍ថាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសយកឆ្នាំ២០២០ដាក់ចេញវិធានការចាំបាច់នានាដើម្បីទប់ស្កាត់ និងកាត់បន្ថយកំណើនគ្រោះថ្នាក់ចរាចរណ៍ដែលបានកើនឡើងកាលពីឆ្នាំ២០១៩ ក្នុងនោះមានការកែសម្រួលអនុក្រឹត្យស្ដីពីការផាកពិន័យអន្តរកាល និងការវិសោធនកម្មច្បាប់ ដើម្បីឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ អត្រាស្លាប់ អត្រារងបួស និងការខូចខាតាំទ្រព្យសម្បតិ្ត ។

សម្ដេចបានរំលឹកថា នៅពេលចាប់ផ្ដើមរឹតបន្តឹងការអនុវត្តច្បាប់ដោយបង្កើនកម្រិតទឹកប្រាក់ផាកពិន័យ រាជរដ្ឋាភិបាល ពិសេសសម្ដេចផ្ទាល់បានទទួលរងការរិះគន់ថាយកច្បាប់ចរាចរណ៍មកដាក់បន្ទុកលើពលរដ្ឋកំពុងរងគ្រោះដោយជំងឺកូវីដ១៩ ប៉ុន្តែកាលនោះសម្ដេចបានរក្សាជំហរមិនទទួលយកការរិះគន់នោះឡើយ ដោយសារសម្ដេចមិនប្រកាន់ជំហរថាពលរដ្ឋគោរពច្បាប់ នឹងចៀសផុតការផាកពិន័យ ចៀសផុតពីគ្រោះថ្នាក់ ស្លាប់ និងរងរបួស ដែលជាការជួយដល់ប្រជាជន ។

ទន្ទឹមនឹងការតម្រូវឱ្យប្រជាពលរដ្ឋអនុវត្តច្បាប់ សម្ដេចបានមានប្រសាសន៍ថា ក្រសួងក៏បានណែនាំកម្លាំងសមត្ថកិច្ចដឹកនាំ និងអនុវត្តច្បាប់ប្រកបដោយការទទួលខុសត្រូវ ពិសេសត្រូវផ្ដល់ភាពជាគម្រូក្នុងការអនុវត្តច្បាប់ចរាចរណ៍ជូនដល់ប្រជាពលរដ្ឋ ដោយមិនមែនណែនាំតែពលរដ្ឋគោរពច្បាប់ តែខ្លួនឯងបែរជាឆកល្វែងនោះឡើយ ។

ជាមួយគ្នានេះនោះដែរ សម្ដេចក៏បានកត់សំគាល់អំពីអត្រាខុសគ្នារវាងអ្នកពាក់មួកសុវត្ថិភាពពេលថ្ងៃ និងពេលយប់ ដ្បិតពេលថ្ងៃមានអ្នកដំណើរប្រើប្រាស់មួកច្រើន ប៉ុន្តែពេលយប់ភាគច្រើនអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពនោះទេ ។ សម្ដេចបានអំពាវនាវអ្នកដំណើរពេលយប់សូមជួយអាយុជីវិតខ្លួនឯង កុំធ្វេសប្រហែសឱ្យសោះ ពីគ្រោះគ្រោះថ្នាក់ពេលយប់ភាគច្រើន គឺមានអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពតែម្ដង ។

សម្ដេចបានមានប្រសាសន៍ថា ជាមធ្យម នៅកម្ពុជាមានអ្នកស្លាប់ប្រមាន៤ទៅ៥នាក់ បន្ទាប់ពីបានកាត់បន្ថយអត្រាអ្នកស្លាប់បានជាង៣០០នាក់ធៀបនឹងឆ្នាំ២០១៩ ។ សម្ដេចបានទាញចំណាប់អារម្មណ៍ថា ចំនួនស្លាប់ថយចុះកាលពីឆ្នាំ២០២០ បើប្រៀបធៀបនឹងចំនួនអ្នកចូលរួមក្នុងពិធីនាថ្ងៃនេះ គឺស្មើនឹងប្រមាណពាក់កណ្ដាលនៃចំនួនអ្នកចូលរួម ។

សម្ដេចបានបន្តថា យ៉ាងណាក៏ដោយ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាដែលអាចអូសបន្លាយ និងមានកំណើនគ្រប់ពេលវេលា ប្រសិនបើប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ មើលរំលងការអនុវត្តច្បាប់ និងមិនគិតគូពីសុខសុវត្ថភាពខ្លួនឯង និងអ្នកដទៃ។ សម្ដេចបានគូសបញ្ជាក់ពេលនេះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាលក្ខណៈសម្បត្តិមួយក្នុងចំណោមលក្ខណៈសម្បត្តិទាំង៧របស់គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ។

សម្ដេចក្រឡាហោម បានផ្ដល់អនុសាសន៍ណែនាំដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍រាជធានីខេត្ត គ្រប់តួអង្គ និងភាគីពាក់ព័ន្ធទាំងអស់ ពិសេសប្រជាពលរដ្ឋ សូមបន្តស្មារតីជំរុញ និងអនុវត្តច្បាប់ចរាចរណ៍ឱ្យបានទូលំទូលាយ និងប្រកបដោយការយកចិត្តទុកដាក់ ដើម្បីបន្តឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ អ្នកស្លាប់ រងរបួស និងខូចខាតទ្រព្យសម្បត្តិ។

សម្ដេចក៏បានផ្ដល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធពង្រឹងការផ្ដល់សេវារដ្ឋបាលពាក់ព័ន្ធនឹងចរាចរណ៍ ដូចជាការការប្រឡងយកបណ្ណបើកបរជាដើម ដោយសារសម្ដេចទទួលព័ត៌មានមកថានៅតែមានអ្នកមិនចេះបើកបរអាចទទួលបានប័ណ្ណបើកបរដោយគ្រាន់តែចំណាយថវិកាមួយចំនួន ។

ចំណែកថវិកាដែលមន្ត្រីត្រូវទទួលបានពីចំណែកនៃប្រាក់ផាកពិន័យ សម្ដេចបានលើកទឹកចិត្តឱ្យមន្ត្រីប្ដឹងមកសម្ដេច អាចតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចផ្ទាល់ក៏បាន ប្រសើនបើមានការកិបកេងថវិកាទាំងនោះ ។ សម្ដេចក៏លើកទឹកចិត្តពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចប្រសិនបើមានបញ្ហាណាមួយនៅមូលដ្ឋាន ហើយប្រសិនបើអាជ្ញាធរមិនដោះស្រាយជូនក៏អាចរាយការណ៍មកសម្ដេចដូចគ្នាបានដែរ ។

មុននឹងបញ្ចប់សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដែលបានកែសម្រួលបន្ទាប់ពីបានអនុវត្តរយៈពេល១០ឆ្នាំ ។ សម្ដេចបានសង្កត់ធ្ងន់ថាពេលនេះគោលនយោបាយនេះបានលើកជាកម្រិតគោលនយោបាយរបស់រាជរដ្ឋាភិបាលតែម្ដង។

សូមបញ្ជាក់ថា គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព មានលក្ខណៈសម្បត្តិ៧ រួមមាន ១ ផ្ដល់សេវាសាធារណៈ ជាពិសេសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត, ២ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ក្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, ៣ មានសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍, ៤ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង, ៥ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព, ៦ មានអនាម័យ មានសោភណ្ឌភាពល្អ និងមានបរិស្ថានល្អ និងទី៧ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហាន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព ។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញបំពាក់មួកសុវត្ថិភាពជូនតំណាងអង្គពិធី និងបានអញ្ជើញដឹកនាំឯកឧត្តម លោកជំទាវ ជាគណៈអធិបតី ប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធជនរងគ្រោះដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ៕

អត្ថបទដែលជាប់ទាក់ទង