ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូនឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាគណៈមេធាវីចូលជួបសម្ដែងការគួរសម

នៅរសៀលថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាគណៈមេធាវីចូលជួបសម្ដែងការគួរសម។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសម្ដែងការស្វាគមន៍ និងអបអរសាទរ ឯកឧត្តម លី ចាន់តុលា ដែលបានជាប់ឆ្នោតធ្វើជាប្រធានគណៈមេធាវី ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិថ្មី។ សម្ដេចបង្ហាញក្ដីសង្ឃឹមជឿជាក់ថាឯកឧត្តមប្រធាន ព្រមទាំងគណៈមេធាវីទាំងមូល និងបន្តបេសកម្មកាន់តែសកម្មថែមទៀត ដើម្បីចូលរួមពង្រឹងប្រព័ន្ធយុត្តិធម៌។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានរំលឹកថាដោយបានការអនុញ្ញាតពីសម្ដេចតេជោនាយករដ្ឋមន្រ្តី សម្ដេចបានផ្ដួចផ្ដើមរៀបចំកែលម្អរគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយមានខ្លឹមសារផ្អែកលើមូលដ្ឋានចាស់ផង និងបន្ថែមអត្ថន័យជ្រាលជ្រៅថ្មីៗទៀតៀង ដោយបានលើកជាកម្រិតគោលនយោបាយរបស់រាជរដ្ឋាភិបាលតែម្ដង ខណៈកាលពីពេលនៅមុនស្ថិតក្រោមក្រសួងមហាផ្ទៃ។

សម្ដេចបានបន្តថានៅក្នុងលក្ខណៈសម្បត្តិនៃគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនោះ ក៏មានចែងអំពីការដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការផងដែរ ហើយថាគោលនយោបាយនេះជារួម អាចនិយាយបានថាជាសារនយោបាយដ៏មានសារៈសំខាន់មួយសម្រាប់ការអនវត្តដើម្បីទាក់ទាញការចូលរួមគាំទ្រពីប្រជាពលរដ្ឋ ពីព្រោះគោលនយោបាយនេះបានក្ដោបការដោះស្រាយបញ្ហាសំខាន់ៗជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

បន្ទាប់មកឯកឧត្តម លី ច័ន្ទតុលា បានឡើងអញ្ជើញឧទ្ទេសនាសមាជិកគណៈប្រតិភូដែលបានចូលជួបសម្ដេចក្រឡាហោមនាឱកាសនេះ និងបានថ្លែងអំណរគុណជូនសម្ដេច ដែលបានអនុញ្ញាតឱ្យក្រុមប្រឹក្សាគណៈមេធាវី ក៏ដូចជាមន្ត្រីនៃអគ្គលេខាធិការដ្ឋានគណៈមេធាវីចូលជួបសម្ដែងការគួរសម និងរាយការណ៍ជូនអំពីកិច្ចការសំខាន់។

ឯកឧត្តមបន្តថាគិតចាប់ពីថ្ងៃចូលកាន់តួនាទីជាប្រធានគណៈមេធាវី ឯកឧត្តមបានបន្តបេសកម្មរបស់ប្រធានគណៈមេធាវីមុនៗ ដោយបានបន្តធ្វើកំណែទម្រង់រដ្ឋបាលគណៈមេធាវី តាមរយៈការចេញសេចក្ដីណែនាំមួយចំនួន។ ឯកឧត្តមបន្តថាគណៈមេធាវីក៏បានប្រកាសជ្រើសរើសសិស្សមេធាវីជំនាន់ទី១៨ និងបានផ្ដល់ជំនួយផ្នែកច្បាប់ដោយមិនយកម្រៃជូនប្រជាពលរដ្ឋក្រីក្របានចំនួន១៧៣៣ករណី ក្នុងនោះមានកូនក្ដីជាង២ពាន់នាក់ ទាំងនារី និងកុមារ។

ឯកឧត្តមបន្តថាគណៈមេធាវីបានអំពាំវនាវឱ្យសមាជិកគណៈមេធាវីស្ម័គ្រចិត្តចូលរួមការពារក្ដីដោយមិនយកកម្រៃឱ្យបានផុលផលជូនប្រជាពលរដ្ឋក្រីក្រ និងកម្មករកម្មការីកាន់តែច្រើន ព្រមទាំងបានផ្សព្វផ្សាយព្រឹត្តិបត្រ និងព័ត៌មានមួយចំនួនទៀតតាមរយៈវិទ្យុ ទូរទស្សន៍ ដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណៈជន។ 
ឯកឧត្តមបន្ថែមថា គណៈមេធាវីក៏បានធ្វើកិច្ចសហការជាមួយរាជរដ្ឋាភិបាល សមាគម និងអង្គការមិនមែនរដ្ឋាភិបាល តុលាការគ្រប់ជាន់ថ្នាក់ ដោយគ្រោងនឹងចុះអនុស្សារណៈយោគយល់ជាមួយបណ្ឌិត្យសភានគរបាលកម្ពុជាលើកិច្ចការបណ្ដុះបណ្ដាលមន្រ្តីនគរបាលជាតិ ព្រមទាំងជាមួយក្រុមប្រឹក្សាជាតិដើម្បីស្រ្តី សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មជាដើម។

លើផ្នែកសង្គមវិញ ឯកឧត្តមបន្តថា គណៈមេធាវីក៏បានចូលរួមការងារសង្គម ដោយបានរៃអង្គាសថវិកាពីសមាជិក និងបុគ្គលិកចូលរួមជួយរាជរដ្ឋាភិបាលទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានសម្ដែងការកោតសរសើរ និងអបអរសាទរចំពោះលទ្ធផលការងារដែលគណៈមេធាវីទទួលបានចាប់តាំងពីក្រោយការបោះឆ្នោតជ្រើសរើសថ្មី។ សម្ដេចបានបន្តថាការផ្ដល់ជំនួយផ្នែកច្បាប់ដល់ប្រជាជនក្រីក្រ គឺជាកិច្ចការដ៏សំខាន់ក្នុងបេសកកម្មរបស់គណៈមេធាវី ដោយសារជនក្រីក្រពិតជាមានការខ្វះលទ្ធភាពថវិកា និងចំណេះដឹងផ្នែកច្បាប់ ដែលត្រូវការមេធាវីជួយគាំទ្រ។

ទាក់ទងនឹងការរៀបចំមេធាវីនៅតាមរដ្ឋបាលរាជធានីខេត្ត សម្ដេចបានមានប្រសាសន៍ អភិបាលរាជធានីខេត្តក៏អាចកោះអញ្ជើញមេធាវីប្រចាំរាជធានីខេត្តរបស់ខ្លួន ទៅពិគ្រោះយោបល់ផ្នែកច្បាប់លើកិច្ចការងារផ្សេងៗបានដែរ។ ពាក់ព័ន្ធនឹងរៀបចំតែងតាំងមេធាវីតាមរដ្ឋបាលរាជធានីខេត្ត សម្ដេចបានផ្ដល់លទ្ធភាពឱ្យគណៈមេធាវីជាអ្នកជ្រើសរើសដើម្បីយកមកពិភាក្សាគ្នាជាមួយតំណាងក្រសួងមហាផ្ទៃ មុនពេលសម្រេចតែងតាំង។

សម្ដេចបានមានប្រសាសន៍ថាមេធាវីតាមរដ្ឋបាលរាជធានីខេត្ត នឹងមានការធ្វើបន្ថែមទៀតនៅពេលគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ព្រោះមានការកំណត់អំពីលក្ខណៈសម្បត្តិនៃការដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ និងថានៅពេលតុលាការជំនាញចេញជារូបរាងនោះក៏អាចនឹងមានការបង្កើនចៅក្រម ព្រះរាជអាជ្ញា ទទួលបន្ទុកខាងតុលការពាណិជ្ជកម្ម និងតុលាការងារ ហើយមេធាវីក៏អាចនឹងមានតម្រូវការធនធានមនុស្សបន្ថែមទៀតដែរ៕

អត្ថបទដែលជាប់ទាក់ទង