អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋជួបការលំបាកជីវភាព ក្នុងអំឡុងការរីករាលដាលជំងឺកូវីដ១៩ ចំនួន ១១៤គ្រួសារ
ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែងនាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ រួមទាំងសហការី និងអាជ្ញាធរ បាននាំយកអង្ករ និងគ្រឿងឧបភោគមួយចំនួនទៀត ជាអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋជួបការលំបាកជីវភាព ក្នុងអំឡុងការរីករាលដាលជំងឺកូវីដ១៩ ចំនួន ១១៤គ្រួសារ នៅ ក្នុងឃុំពានរោង នៅវិទ្យាល័យ ហ៊ុន សែន ពានរោង ។
អំណោយអង្ករ និងគ្រឿងឧបភោគរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង១១៤គ្រួសារនាឱកាសនោះរួមមាន ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, ទឹកត្រី, ទឹកស៊ីអ៊ីវ, មី និងក្រមា ។ នាឱកាសនោះដែរក្រុមការងារក៏បានផ្ដល់ការឧបត្ថម្ភជូនមន្រ្តីនគរបាល ប្រជាការពារ គ្រូពេទ្យ ក្រុមប្រឹក្សាឃុំ មេឃុំ ៩២នាក់ ផងដែរ ។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានមានមតិសំណេះសំណាលនាំយកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពី សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានឃុំពានរោងទាំងអស់ និងសំណូមពរ ឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខភិបាល ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជម្ងឺកូវិដ១៩ និងរួមគ្នាអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ៕