អំណោយដ៏ថ្លៃថ្លាសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋជួបការលំបាកចំនួន៩២គ្រួសារ នៅភូមិទាំង៦
ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ មឿង ស៊ាងសេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោកជំទាវ ឌុច ដាណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម យិន ឃុនផយ ប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋានឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានយកអំណោយដ៏ថ្លៃថ្លាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋជួបការលំបាកចំនួន៩២គ្រួសារ នៅភូមិទាំង៦ ក្នុងឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ លោកជំទាវ មឿង ស៊ាងសេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជម្រាបជូននូវសេចក្ដីផ្តាំផ្ញើសួរសុខពីសំណាក់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ជូនបងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចជាកាល សម្ដេច និងលោកជំទាវតែងតែគិតគូរអំពីសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានទទួលអំណោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ទាំង៩២គ្រួសារនោះអញ្ជើញមកពីភូមិរលាំង, ព្រៃលាន, ចារ, អន្លង់សរ៍, ព្រៃពោធិ៍, និងភូមិកំភារ ក្នុងនោះសមាជិកគ្រួសារនីមួយៗគឺម្នាក់ទទួលបានអង្ករ១០គីឡូក្រាម ។
ដោកឡែកបន្ថែមពីលើការផ្ដល់ជូនសមាជិកគ្រួសារ ទាំង៩២គ្រួសារ ដែលក្នុងម្នាក់ទទួលបានអង្ករ ១០គីឡូក្រាមនោះ សម្ដេច និងលោកជំទាវក៏បានផ្ដល់នូវទឹកត្រីមួយយួរ, ទឹកស៊ីអីុវមួយយួរ, ស្ករស មួយគីឡូក្រាម, អំបិលមួយគីឡូក្រាម និងថវិកាមួយចំនួនទៀតជូនគ្រួសារនីមួយៗផងដែរ ៕