សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមដង្ហែរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងប្រារព្ធព្រះរាជពិធីពន្លត់ទៀនជ័យ អបអរសាទរបុណ្យខួបអនុស្សាវរីយ៍ជាតិ លើកទី៦៧ នៃទិវាឯករាជ្យជាតិ ៩វិច្ឆិកា
នៅរសៀលថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមដង្ហែរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងប្រារព្ធព្រះរាជពិធីពន្លត់ទៀនជ័យ អបអរសាទរបុណ្យខួបអនុស្សាវរីយ៍ជាតិ លើកទី៦៧ នៃទិវាឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ។
ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជពីធីពន្លត់ទៀនជ័យនេះ មានការអញ្ចើញចូលរួមពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង, ព្រះញាតិវង្សានុវង្ស, ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គការអន្តរជាតិប្រចាំនៅកម្ពុជា, មន្រ្តីរាជការ, កងកម្លាំង, និងប្រជាពលរដ្ឋជាមហាជនជាច្រើនរូបទៀត។
ក្រោមព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម នៃព្រះបិតាឯករាជ្យជាតិ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋព្រះរាជាណាចក្រកម្ពុជាទទួលបានឯករាជ្យយ៉ាងពេញលេញបរិបូណ៌ពីសាធារណរដ្ឋបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ក្រោមព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តមនៃព្រះវររាជបិតាឯករាជ្យជាតិ ព្រះបិតាស្ថាបនិកសម័យសង្គមរាស្ត្រនិយម សហគមន៍អន្តរជាតិបានប្រសិទ្ធិនាមព្រះរាជាណាចក្រកម្ពុជាថា ជាកោះសន្តិភាពនៅអាស៊ីអាគ្នេយ៍។
ព្រះរាជពិធីពន្លត់ទៀនជ័យបុណ្យឯករាជ្យជាតិក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នាឱកាសនេះបានប្រារព្ធឡើងយ៉ាងមហោឡារិក បន្ទាប់ព្រះអង្គស្ដេចបានយាងដុត កាលពីថ្ងៃទី៩ ខែវិច្ឆិកាកន្លងទៅ៕