ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេងបានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង ចំនួន១ម៉ឺន២១០គ្រួសារ

នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពង់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង ចំនួន១ម៉ឺន២១០គ្រួសារ ប្រារព្ធឡើងនៅបរិវេណអាកាសយានដ្ឋានខេត្តបាត់ដំបង។

យោងតាមរបាយការណ៍ស្វាគមន៍របស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ជំនន់ទឹកភ្លៀងកន្លងទៅនេះ បានបណ្ដាលឱ្យមានការលិចលង់ក្រុងស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង ស្មើនឹង ៩៩ឃុំ និងបណ្ដាលឱ្យប៉ះពាល់ពលរដ្ឋជាង៧ម៉ឺនគ្រួសារ, ដំណាំស្រូវជាង១សែនហិកតា, ដំណាំសាវប្បកម្ម និងឧស្សាហកម្មជាង៦ម៉ឺនហិកតា, ផ្លូវជាតិប្រវែង២ពាន់ម៉ែត្រ, ផ្លូវខេត្តប្រវែងជាង៣ម៉ឺនម៉ែត្រ និងផ្លូវក្នុងក្រុងចំនួន ២០ខ្សែ។

ឯកឧត្តមបន្តថា ក្រោយជំនន់ទឹកភ្លៀងចាប់ផ្ដើមស្រកចុះ និងបន្ទាប់មានការវាយតម្លៃពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រួសារពលរដ្ឋដែលអាចស្ដារឡើងវិញបានតាមការធ្វើកសិកម្មដំណាំស្រូវចំនួន ១០ ៥០០គ្រួសារ ដែលស្មើនឹង ១០ ៥០០ហិកតា ស្មើនឹងក្រុងស្រុកចំនួន៨ លើឃុំចំនួន៤៨ ភូមិចំនួន២៣១ ដោយសារទីតាំងដីរបស់គាត់ ស្ថិតក្នុងតំបន់ដែលមានប្រភពទឹកគ្រប់គ្រាន់ ក្នុងការស្រោចស្រពបាន ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្រ្តី បានជម្រាបជូនប្រជាពលរដ្ឋថា ពីដំបូងឡើយពិធីជួបសំណែះសំណាលសួរសុខទុក្ខ និងចែកអំណោយនេះ គឺគ្រោងប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចតេជោនាយករដ្ឋមន្រ្តី ហើយសម្ដេចក៏នឹងអមដំណើរសម្ដេចតេជោចូលរួមដែរ ក៏ប៉ុន្តែសម្ដេចតេជោត្រូវជាប់ធ្វើចត្តាឡីស័ក ដោយសាររដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រីដែលបានមកបំពេញទស្សនកិច្ចកម្ពុជាត្រូវបានរកឃើញថាមានជំងឺកូវីដ១៩បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកម្ពុជា។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថាលទ្ធផលនៃការធ្វើតេសរកជំងឺកូវីដ១៩លើកទី១បង្ហាញថាសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មិនមានជំងឺកូវីដ១៩នោះទេ និងថាពេលនេះ សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត កំពុងមានសុខភាពល្អប្រសើរ និងធ្វើចត្តាឡីស័កប្រកបដោយការយកចិត្តទុកដាក់ខ្ពង់បំផុត។ ក្នុងនាមប្រជាពលរដ្ឋទាំងជាង១ម៉ឺននាក់នាឱកាសនេះ សម្ដេចបានថ្លែងបួងសួងសូមឱ្យសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ និងចៀសផុតពីជំងឺកូវីដ១៩។

នៅក្នុងឱកាសនោះដែរ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង សម្ដេចក្រឡាហោម បានថ្លែងអំណរព្រះរាជគុណព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ ដែលបានប្រោសព្រះរាជទានអំណោយជូនប្រជាពលរដ្ឋរងគ្រោះក្នុងខេត្តបាត់ដំបង និងតាមបណ្ដាខេត្តផ្សេងៗទៀត។ ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី សម្ដេចក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរកងកម្លាំងគ្រប់ប្រភេទ ដែលបានខិតខំជួយសង្គ្រោះជាប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ និងជួយសម្រួលការចាប់ផ្ដើមជីវភាពឡើងវិញ ពិសេសការបង្កបង្កើនផល។

សម្ដេចឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថាថ្នាក់ដឹកនាំ និងមន្រ្តីរាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជាដែលបងប្អូនប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ បានប្រកាន់ខ្ជាប់នូវប្រពៃណីផ្សាភ្ជាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានបែកចែកការទទួលខុសត្រូវឱ្យមន្រ្តីចុះតាមគ្រប់មូលដ្ឋាន ដើម្បីតាមដានបញ្ហាប្រឈម និងសំណូមពរនានា និងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ សម្ដេចបានសង្កត់ធ្ងន់ថាយើងទាំងអស់គ្នារួមសុខរួមទុក្ខជាមួយគ្នា និងមិនមានទំលាប់រត់ចោលគ្នានោះទេ។

នៅក្នុងការសំណេះសំណាលនោះដែរ សម្ដេចក្រឡាហោមក៏បានថ្លែងអំពាវនាវបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសុខភាព អនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩, ចូលរួមប្រយទ្ធប្រឆាំងគ្រឿងញៀនតាមរយៈការអប់រំណែនាំកូនចៅចៀសឱ្យផុតពីគ្រឿងញៀន និងត្រូវរាយការណ៍ជូនសមត្ថកិច្ចនៅពេលបានឃើញករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានល្អដើម្បីចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍។

សូមបញ្ជាក់ថាប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលអំណោយនាឱកាសនេះ អញ្ជើញមកពីក្រុងបាត់ដំបង, ស្រុកបវេល, ស្រុកថ្មគោល, ស្រុកបាណន់, ស្រុកសង្កែ, ស្រុកគាស់ក្រឡ, ស្រុកមោងឫស្សី, និងស្រុកឯកភ្នំ។ អំណោយទាំងនោះ រួមមានស្រូវពូជ១០០គីឡូក្រាម, អង្ករ២៥គីឡូក្រាម, ទឹកស៊ីអ៊ីវមួយយួរ, ត្រីខមួយយួរ, ទឹកត្រីមួយយួរ, មីមួយកេស, ទឹកសុទ្ធមួយកេស, ភួយមួយ, មុងមួយ, កន្ទេលមួយ, និងថវិកា៥ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង