សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦
នៅព្រឹកថ្ងៃចន្ទ ២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅដោយមានរបៀបវារៈចំនួន៦ ដូចខាងក្រោម៖
១- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
២- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។
៣- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។
៤- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។
៥- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។
៦- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អង្គសភាបានពិនិត្យ ពិភាក្សា និងអនុម័តជាបន្តបន្ទាប់នូវរបៀបវារៈទាំង៦៕