ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ ទទួលអំណោយពីសមាគមមិត្តភាពពាណិជ្ជកម្មអន្តរជាតិកម្ពុជា ចិន
នៅព្រឹកថ្ងៃចន្ទ ២រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យសម្ដេចក្រឡាហោម បានអញ្ជើញជាតំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលអំណោយពីសមាគមមិត្តភាពពាណិជ្ជកម្មអន្តរជាតិកម្ពុជា ចិន នៅទីស្ដីការក្រសួងមហាផ្ទៃ។
អញ្ជើញមានប្រសាសន៍ក្នុងជំនួបបដិសណ្ឋារកិច្ចនាឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត ក្នុងនាមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសាសន៍ថ្លែងអំណរគុណសមាគមមិត្តភាពពាណិជ្ជកម្មអន្តរជាតិកម្ពុជា-ចិន រួមទាំងក្រុមហ៊ុនចិននៅកម្ពុជាដែលបានចូលរួមចំណែកផ្ដល់ជំនួយជួយដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសនៅក្នុងគ្រារងគ្រោះដោយជំនន់ទឹកភ្លៀង និងទប់ស្កាត់ជំងឺកូវីដ-១៩។
តំណាងសមាគមក៏បានថ្លែងអំណរគុណសម្ដេចក្រឡាហោម ស ខេង ដែលបានផ្ដល់ឱកាសឱ្យសមាគមបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសជាមួយសម្ដេច ក្នុងការងារសង្គម ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាក្នុងគ្រារងគ្រោះដោយជំនន់ទឹកភ្លៀង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងថាវប្បធម៌ជួយគ្នាទៅវិញមករវាងប្រទេស និងជាប្រជាជនទាំងពីរមានជាយូរលង់ណាស់មកហើយ។
សូមបញ្ជាក់ថា អំណោយពីសមាគមមិត្តភាពពាណិជ្ជកម្មអន្តរជាតិកម្ពុជា-ចិន ដែលផ្ដល់ជូនសម្ដេចក្រឡាហោមស ខេង សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងទប់ស្កាត់ជំងឺកូវីដ-១៩នាឱកាសនេះរួមមាន ម៉ាស់ចំនួន៥ពាន់បន្ទះ, អាវការពារពេទ្យចំនួន១០០ឈុត, របាំងមុខពេទ្យចំនួន២០០, ម៉ាស៊ីនវាស់កំដៅ៤០គ្រឿង, អង្ករ៤០តោន, ថវិកា៥ពាន់ដុល្លារ៕