ឯកឧត្តម កុល វីរក្ស បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចក្រឡាហោម និងលោកជំទាវ ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២៨៥គ្រួសារ
ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង នៅរសៀល២៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសង្កែ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចក្រឡាហោម និងលោកជំទាវ ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២៨៥គ្រួសារ នៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឯកឧត្តម កុល វីរក្ស បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលលោកទាំងពីរ បានតាមដានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះស្ថានភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ទាំងនៅក្នុងគ្រាប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលកន្លងមក និងក៏បន្ទាប់ពីទឹកជំនន់បានស្រកចុះទៅវិញ។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ បន្តប្រកាន់គោលការណ៍អនាម័យ និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីចៀសផុតពីគ្រោះថ្នាក់នានា ពិសេសផលប៉ះពាល់ចំពោះសុខភាពនៅក្នុងគ្រាបន្ទាប់ពីការស្រកចុះនូវជំនន់ទឹកភ្លៀងនេះ និងសូមបងប្អូនខិតខំបង្កបង្កើនផលឡើងវិញ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងសម្រាប់ការលក់ដូរបង្កើនចំណូលក្នុងគ្រួសារ។
សូមបញ្ជាក់ថាអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលបានចែកជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងទាំង២៨៥គ្រួសារ នៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដោយឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសង្កែ ខេត្តបាត់ដំបង ព្រមទាំងសហការីនាឱកាសនោះ រួមមានអង្ករ ទឹកស៊ីអុីវ ទឹកត្រី ប្រេងឆា មី ត្រីខ និងថវិកាមួយចំនួនទៀត៕