ឯកឧត្តម សក់ សេដ្ឋា បានអញ្ជើញនាំយកអំណោយដែលផ្ដល់ជូនដោយបងប្អូនសមាគមខ្មែរ- ចិន ប្រចាំរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក
ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង បានអញ្ជើញនាំយកអំណោយដែលផ្ដល់ជូនដោយបងប្អូនសមាគមខ្មែរ- ចិន ប្រចាំរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២០០គ្រូសារ នៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
អំណោយដែលបានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងគឺ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ១បាវ ទឹកស៊ីអិវ ១យួរ ទឹកត្រី ១យួរ មី ១កេះ ត្រីខកំប៉ុង ១យួរ និងថវិការ ២ម៉ឺនរៀល។
ក្នុងឱកាសនោះឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ជម្រាបជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ នូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងការតាមដានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចក្រឡាហោម និងលោកជំទាវ ចំពោះស្ថានភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន ទាំងនៅក្នុងគ្រាប្រឈមនឹងជំនន់ទឹកភ្លៀង និងក៏បន្ទាប់ពីទឹកជំនន់បានស្រកចុះទៅវិញ។
ឯកឧត្តមរដ្ឋលេខា ក៏បាននាំនូវសេចក្ដីអំពាវនាវរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ សូមឱ្យបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់បន្តប្រកាន់គោលការណ៍អនាម័យ និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីចៀសផុតពីគ្រោះថ្នាក់ ព្រមទាំងផលប៉ះពាលនានា ជាពិសេសនៅបន្ទាប់ពីការស្រកចុះនូវជំនន់ទឹកភ្លៀង និងសូមបងប្អូនខិតខំបង្កបង្កើនផលឡើងវិញដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងសម្រាប់ការលក់ដូរបង្កើនចំណូលក្នុងគ្រួសារ៕