តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ដឹកនាំសហការីក្រុមការងារ និងអាជ្ញាធរ ចុះពិនិត្យ និងបន្តជួយឧបត្ថម្ភជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងឃុំចំនួន៨នៃស្រុកបាណន់
បាត់ដំបង៖ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំសហការីក្រុមការងារ និងអាជ្ញាធរ ចុះពិនិត្យ និងបន្តជួយឧបត្ថម្ភជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងឃុំចំនួន៨នៃស្រុកបាណន់ ខេត្តបាត់ដំបង។
ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី, ឯកឧត្តមសន្តិបណ្ឌិតរដ្ឋលេខាធិកា និងឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គនាយក បានថ្លែងនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តដំបង ដែលសម្ដេចបានយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំចំពោះស្ថានភាពរស់នៅ និងការប្រឈមផ្សេងៗ របស់ប្រជាពលរដ្ឋ នៅក្នុងគ្រារងគ្រោះដោយជំនន់ទឹកភ្លៀងនេះ។
ដើម្បីចូលរួមសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានោះ អំណោយសម្ដេចក្រឡាហោម ដែលត្រូវបានផ្ដល់ជូនពលរដ្ឋរងគ្រោះចំនួន១២៣៧គ្រួសារ នាឱកាសនេះ រួមមានក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២០គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ឋចំណុះ១លីត្រកន្លះ១យួរ និងថវិកា២ម៉ឺនរៀល ។
នាឱកាសនោះ ក្នុងនាមសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ឯកឧត្តសន្តិបណ្ឌិត រដ្ឋលេខាធិការ ព្រមទាំងឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គនាយក និងក្រុមការងារ រួមទាំងថ្នាក់ដឹកនាំខេត្ត ក៏បានបន្តជួបសួរសុខទុក្ខកម្លាំងសង្គ្រោះទាំងបីប្រភេទ ក្នុងស្រុកបាណន់ចំនួន៩៥នាក់ ដោយបានផ្ដល់ជូនថវិកាលើកទឹកចិត្ត ក្នុងម្នាក់ចំនួន៥ម៉ឺនរៀល និងមួយអង្គភាពចំនួន២លានរៀល រួមទាំងមី១០០កេស និងត្រីខកំប៉ុង១០០យួរ។
ទន្ទឹមគ្នានោះដែរ ក្រុមការងារដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត សុខ ផល ព្រមទាំងឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានប្រគេនបច្ច័យផ្គត់ផ្គង់វត្តចំនួន៤វត្ត ដោយក្នុងមួយវត្តទទួលបានបច្ច័យ២លានរៀល ហើយក្នុងនាមសម្ដេចក្រឡាហោម ឯកឧត្តមសន្តិបណ្ឌិតក៏បានណែនាំអាជ្ញាធរមូលដ្ឋាន និងក្រុមការងារ បន្តតាមដានស្ថានភាពរងគ្រោះរបស់ប្រជាពលរដ្ឋឱ្យបានច្បាស់លាស់បន្ថែមទៀត ដើម្បីមានវិធានការជួយអន្តរាគមន៍ និងផ្ដល់ជំនួយឱ្យបានទាន់ពេលវេលា៕