លោកជំទាវ ញ៉ែម សាខន ស ខេង លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញផ្ដល់ជំនួយរបស់សម្ដេចក្រឡាហោម ជូនគ្រួសារជនរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៥០០គ្រួសារ ក្នុងស្រុកសង្កែ
បាត់ដំបង៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោកជំទាវ ញ៉ែម សាខន ស ខេង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ភរិយា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ព្រមទាំងឯកឧត្តម ស សុខា រដ្ឋលេធិការក្រសួងអប់រំយុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញផ្ដល់ជំនួយរបស់សម្ដេចក្រឡាហោម ជូនគ្រួសារជនរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៥០០គ្រួសារ មកពីឃុំចំនួន៤ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។
ក្នុងនាមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញមានប្រសាសន៍សួរសុខទុក្ខ និងផ្ដាំផ្ញើនូវសេចក្ដីនឹករំលឹកដ៏ជ្រាលជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់បំផុត ពីសម្ដេចក្រឡាហោម ស ខេង ជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និយាយជារួម និងដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ដែលក៏បាន និងកំពុងរងគ្រោះដោយទឹកជំនន់បង្កឡើងដោយការធ្លាក់ភ្លៀងជាបន្តបន្ទាប់នោះផងដែរ។
បន្ទាប់មក លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងឯកឧត្តម ស សុខា និងលោកជំទាវ ក៏បានអញ្ជើញផ្ដល់អំណោយសម្ដេចក្រឡាហោម ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះទាំង៥០០គ្រួសារដោយផ្ទាល់ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ២០គីឡូក្រាម, ទឹកសុទ្ធ១យួរ, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ, ស៊ីអ៊ីវ១យួរ, មី១កេស និងថវិកាមួយចំនួនទៀត។
នាឱកាសនោះដែរ លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដំណើរដោយឯកឧត្តម ស សុខា និងលោកជំទាវ បានបន្តអញ្ជើញថ្វាយបង្គំ និងពិតទូលការសួរសុខទុក្ខព្រះសង្ឃ រួមទាំងព្រះសមណសិស្ស ដែលកំពុងគង់រៀនព្រះធម៌ ក្នុងទីអារាមវត្តធម្មិការាម ហៅវត្តដំណាក់ហ្លួង ទាំងស្ថានភាពជំនន់ទឹកភ្លៀង សរុប១០២អង្គ និងបានប្រគេននូវអង្ករ២តោន, មី៥០កេស, ភេសជ្ជៈ៥០កេស, ត្រីខកំប៉ុង៥០កេស, ទឹកសុទ្ធ៥០កេស, ភួយចំនួន១០០, និងបច្ច័យមួយចំនួនទៀត៕