ជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្ត
ដោយសារស្ថានភាពភ្លៀងធ្លាក់ខ្លាំងនៅតែបន្តកើតមាន ធ្វើឲ្យជន់លិចភូមិដា្ឋន ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនកន្លែង ជាពិសេសនៅតាមបណ្ដាខេត្តភាគពាយ័ព្យប្រទេស ខ្ញុំសូមណែនាំ ឯកឧត្តម លោកជំទាវ បន្តយកចិត្តទុកដាក់ជាអាទិភាពបំផុតលើកិច្ចការសង្គ្រោះអាយុជីវិត និងដោះស្រាយបញ្ហាប្រឈមចំពោះមុខ ។
នៅក្នុងស្ថានភាពនេះ ការធ្វើចរាចរណ៍នៅតាមដងផ្លូវដែលមានការជន់លិចក៏អាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋ ហេតុដូច្នេះ ខ្ញុំសូមណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ និងជួយសម្រួលការធ្វើចរាចរណ៍នៅលើកំណាត់ផ្លូវដែលរងការជន់លិច ដូចជាការផ្អាកការធ្វើដំណើរឆ្លងកាត់ និងការដាក់ស្លាកសញ្ញាសំគាល់ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ។
ខ្ញុំក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋនៅតំបន់មានការជន់លិច យកចិត្តទុកដាក់តាមដានព័ត៌មាន និងការណែនាំរបស់អាជ្ញាធរ ដើម្បីការពារសុវត្ថិភាព ជាពិសេសរាល់ពេលធ្វើដំណើរនៅតំបន់ដែលមានការជន់លិច ៕