សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវសេចក្ដីក្រៀមក្រំយ៉ាងក្រែលែង និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពជនរងគ្រោះទាំង៨រូប ដែលបានស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង និងព្រៃវែង និងលោកជំទាវ ញ៉ែម សាខន ស ខេង បានសម្ដែងនូវសេចក្ដីក្រៀមក្រំយ៉ាងក្រែលែង និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពជនរងគ្រោះទាំង៨រូប ដែលបានស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។
ដើម្បីចូលរួមរំលែកនូវសេចក្ដីទុក្ខលំបាក និងសម្រាលនូវបន្ទុកតម្រូវការផ្សេងៗ របស់ក្រុមគ្រួសារជនរងគ្រោះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ តាមរយៈឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចូលរួមបច្ច័យបុណ្យសព ជូនក្រុមគ្រួសារជនរងគ្រោះស្លាប់ទាំង៨នាក់ ក្នុងម្នាក់ទទួលបានថវិកា៣លានរៀល។ ដោយឡែកជនរងគ្រោះដែលរងរបួស និងកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យចំនួន៣នាក់ផ្សេងទៀតនោះ សម្ដេច និងលោកជំទាវ បានឧបត្ថម្ភថវិកាម្នាក់ចំនួន២លានរៀល។
សូមបញ្ជាក់ថាឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ដែលបានផ្ដាច់យកជីវិតជនរងគ្រោះ៨នាក់ និង៣នាក់ទៀតរងរបួសខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង១៥នាទីល្ងាច ថ្ងៃទី១៧ ខែកញ្ញាម្សិលមិញនេះ នៅឃុំបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ខណៈជនរងគ្រោះ រួមទាំងញាតិមិត្តមួយចំនួនទៀត កំពុងជួបជុំទទួលទានអាហារពេលល្ងាចក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ៕