សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធីវង្ស ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការ នគរបាល យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ
នៅរសៀលថ្ងៃសក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បុត្រាបុត្រី ចៅប្រុសចៅស្រី ព្រមទាំងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអស់លោក លោកស្រីជាថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធីវង្ស ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការ នគរបាល យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ។
ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈថ្វាយ និងថ្វាយបង្គំ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី គឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងឧទ្ទិសថ្វាយវត្ថុសក្ដិសិទ្ធក្នុងលោក ទេវតាអភិបារក្សាទីអារាមវត្តមមុនីប្រសិទ្ធីវង្ស ដើម្បីចំរើនសេចក្ដីសុខ និងសេចក្ដីជ្រះថ្លានៅក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១០ ទៅតាមកន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទំលាប់ដូនតា។
បន្ទាប់ពីបានថ្វាយនូវគ្រឿងគ្រឿងសក្ការៈបូជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ បុត្រាបុត្រី ចៅប្រុសចៅស្រី ព្រមទាំងឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិនៃក្រសួងមហាផ្ទៃ រួមទាំងប្រជាពុទ្ធបរិស័ទ បានប្រារព្ធកិច្ចនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃសូត្រព្រះធម៌ស្វាធ្យាយ ចំរើនព្រះបរិត្ត និងពុទ្ធជ័យមង្គល ព្រមទាំងស្ដាប់ព្រះធម្មវិសេសទេសនា។
ក្រោយពីបញ្ចប់ពិធីសូត្រមន្តនៅល្ងាចនេះ នៅព្រឹកថ្ងៃទី១២ ខែកញ្ញាស្អែក សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេ ក្រុមគ្រួសារ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នគរបាលនៃក្រសួងមហាផ្ទៃ នឹងអញ្ជើញនាំយកចង្ហាន់ ទេយ្យទាន និងគ្រឿងបរិក្ខារ រាប់បាត្រ វេប្រគេនព្រះសង្ឃ ពហូទេវាដាឆ្លង ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការស៊ីវិល នគរបាល យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខជាកិច្ចបញ្ចប់នៃពិធីបុណ្យកាន់បិណ្ឌវេនទី១០៕