សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ស្ដីពីលទ្ធផលនៃការប្រជុំពិភាក្សាកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំ ផែនការថវិកាឆ្នាំ២០២១
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ស្ដីពីលទ្ធផលនៃការប្រជុំពិភាក្សាកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំ ផែនការថវិកាឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ៕
ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំពិនិត្យរបាយការណ៍ស្ដីពីលទ្ធផលនៃការប្រជុំពិភាក្សាកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំ ផែនការថវិកាឆ្នាំ២០២១នេះ មានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គស្នងការនគរបាលជាតិ ប្រធានអង្គភាព ព្រមទាំងមន្ត្រីជាន់ខ្ពស់សុីវិល និងនគរបាលជាតិពាក់ព័ន្ធមួយចំនួនទៀត
អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកិច្ចប្រជុំនេះ មានគោលបំណងរួមគ្នាពិនិត្យលើគម្រោងផែនការថវិការបស់ក្រសួងមហាផ្ទៃ ទាំងផ្នែកសន្តិសុខសាធារណៈ និងផ្នែករដ្ឋបាលសម្រាប់ឆ្នាំ២០២១ និងបានចាត់ទុកផែនការនេះថាជាគម្រោងដ៏មានសារៈសំខាន់ និងចាំបាច់ដែលត្រូវតែសម្របតាមបរិបទជាក់ស្ដែង ពិសេសការប្រែប្រួលនានាក្នុងពេលរាតត្បាតជំងឺរាតត្បាតកូវីដ-១៩៕