សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនលោក Markus Buerli ប្រធានថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីសប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម
ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោក Markus Buerli ប្រធានថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីសប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។ ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសម្ដែងការស្វាគមន៍ចំពោះលោក Markus Buerli ដែលបានមកកាន់តួនាទីជាប្រធានថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីសប្រចាំនៅកម្ពុជា។
តាមរយៈលោកប្រធាន សម្ដេចក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលស្វីស ដែលកន្លងមកបានជួយគាំទ្រដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំ ជាពិសេសការជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាសកម្មភាពមួយផ្ដួចផ្ដើមឡើងក្រោមស្នាព្រះហស្ត សម្ដេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាមួយលោកសាស្រ្តាចារ្យវេជ្ជៈបណ្ឌិត ប៊ីត រីឈ្នឺ។ សម្ដេចបានរំលឹកថាសម្ដេចផ្ទាល់ ក៏មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយលោកសាស្រ្តាចារ្យកាលបីគាត់នៅមានជីវិតផងដែរ។
សម្ដេច្រឡាហោមក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលស្វីស ដែលបានជួយគាំទ្រដល់ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដោយសម្ដេចបានជម្រាបជូនលោកប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីសប្រចាំនៅកម្ពុជា ថាកន្លងមក រាជរដ្ឋាភិបាលបានចែករំលែកការទទួលខុសត្រូវថ្នាក់ជាតិមួយចំនួនឱ្យថ្នាក់ក្រោមជាតិ ដើម្បីទទួលខុសត្រូវផ្ទាល់ជាមួយប្រជាជន ហើយការងារកំណែទម្រង់នេះ ក៏ជាកិច្ចការមួយដ៏មានសារៈសំខាន់ក្នុងការពង្រឹងប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានដែរ។ សម្ដេចបានបន្ថែមថាចាប់តាំងពីឆ្នាំ២០០២ដែលដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបានចាប់ផ្ដើម គឺនាពេលនោះមកដល់ពេលនេះ បើប្រៀធៀបជាមួយប្រទេសជឿនលឿនមួយចំនួន ជាការពិតហើយកម្ពុជាពុំអាចធ្វើបានដូចទាំងស្រុងនោះទេ ប៉ុន្តែកម្ពុជាបានដើរលើដំណើរផ្លូវកំណែទម្រង់មួយដ៏វែងឆ្ងាយ ក្នុងនោះតាមរយៈផែនការ១០ឆ្នាំនៃកំណែទម្រង់នេះ កម្ពុជាក៏សម្រេចបានសមិទ្ធផលធំៗមួយចំនួន ជាក់ស្ដែងចុងក្រោយនេះកម្ពុជាបានផ្ទេរវិស័យសុខាភិបាលទៅឱឱ្យស្ថិតក្រោមការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ខណៈវិស័យអប់រំក៏កំពុងដំណើរការសាកល្បងនៅខេត្តបាត់ដំបង។
សម្ដេចក្រឡាហោម មានប្រសាសន៍ទៀតថានៅក្នុងពេលបច្ចប្បន្ន រាជរដ្ឋាភិបាលកំពុងតែដំណើរការផ្ទេរធនធាន និងសិទ្ធិអំណាចមួយចំនួនទៀត ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសធនធានដែរផ្ទេរនេះ គឺមានទាំងធនធានមនុស្ស និងធនធានថវិកាដោយសម្ដេចបានបន្តថាថ្វីដ្បិតថាមានបញ្ហាប្រឈមមួយចំនួនបានកើតឡើងនៅក្នុងដំណើរការកំណែទម្រង់នេះ ក៏ប៉ុន្តែកម្ពុជាបានបោះជំហានមួយយ៉ាងធំ ហើយសម្ដេចពិតជាអរគុណស្វីស ដែលបានរួមចំណែកជាមួយកម្ពុជាក្នុងការសម្រេចបាននូវសមិទ្ធផលទាំងអស់នេះ។ នៅក្នុងជំនួបនោះដែរសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តីក៏បានរំលឹកឡើងវិញអំពីដំណើរទស្សនកិច្ចរបស់សម្ដេច និងគណៈប្រតិភូទៅកាន់ប្រទេសស្វីសកាលពីឆ្នាំ២០១៦ ដែលទស្សនកិច្ចនេះបានផ្ដល់ជាបទពិសោធន៍ មេរៀនយ៉ាងច្រើន សម្រាប់ជាធាតុចូលដល់ការរៀបចំដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ហើយថាមានកិច្ចការបន្តទៀតដែលរាជរដ្ឋាភិបាលកំពុងខិតខំអនុវត្ត ជាពិសេសការកសាងកម្មវិធីជាតិរយៈពេល១០ឆ្នាំដំណាក់កាលទី២ ដែលក៏មានការចូលរួមចំណែកជួយផ្ដល់អ្នកប្រឹក្សាយោបល់ចំនួន២រូបពីរាជរដ្ឋាភិបាលស្វីសដែរ។
ជាការឆ្លើយតបលោកMarkus Buerli ប្រធានទីភ្នាក់ការងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីសប្រចាំនៅកម្ពុជាបានជម្រាបជូនសម្ដេចថា អង្គភាពមួយនេះបានដំណើរការជួយគាំទ្រវិស័យផ្សេងៗនៅកម្ពុជាចាប់តាំងពីឆ្នាំ២០១២មក ហើយថាឥលូវនេះរាជរដ្ឋាភិបាលស្វីសកំពុងតែរៀបចំយន្តការយុទ្ធសាស្រ្តគាំទ្របន្តទៀតសម្រាប់កម្ពុជាចាប់ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៤ ខណៈស្វីសក៏បានចូលរួមចំណែកលើវិស័យមួយចំនួនជាមួយកម្ពុជាទាំងវិស័យកសិកម្ម វិស័យសន្តិសុខស្បៀង ការបណ្ដុះបណ្ដាលធនធានមនុស្ស រួមទាំងការជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា។
ឯកឧត្តមក៏បានបង្ហាញការឯកភាពទៅនឹងប្រសាសន៍លើកឡើងរបស់សម្ដេចដែលបានគូសបញ្ជាក់ថាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺពិតជាមានការលំបាក និងជាដំណើរការមួយដ៏វែឆ្ងាយ ប៉ុន្តែថាឯកឧត្តមសូមថ្លែងការកោតសរសើរចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងវិស័យនេះនារយៈពេលកន្លងមក។ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចដែរថា រាជរដ្ឋាភិបាលស្វីសក៏បានបន្តជួយដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះបន្តទៀត តាមរយៈការផ្ដល់នូវអ្នកប្រឹក្សាយោបល់២រូបដូចដែលសម្ដេចបានរំលឹកពីខាងដើម ដោយមួយរូបគឺជាជនជាតិខ្មែរ និងមួយរូបទៀតគឺជាជនបរទេស។ ជាថ្មីម្ដងទៀត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោមបានថ្លែងអំណរគុណរាជរដ្ឋាភិបាលស្វីសដែលបានបន្តចូលរួមជួយក្នុងដំណើរការកំណែទម្រង់វិម្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ជាពិសេសដំណើរការរៀបចំសេចក្ដីព្រាងផែនការកម្មវិធីជាតិ១០ឆ្នាំដំណាក់កាលទី២។ សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជាថ្មីទៀតចំពោះការបន្តជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយសម្ដេចបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាមានការប្ ដេជ្ញាចិត្តខ្ពស់ណាស់ ក្នុងការរួមចំណែកថែរក្សានូវអ្វីដែលជាមរតកមន្ទីរពេទ្យតាំងពីកកើតឡើងដំបូងមកដល់បច្ចុប្បន្នឱ្យបាននៅឋិតថេរដើម្បីបំរើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ និងសង្គមកម្ពុជា៕