ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១ ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ សម្ដេចអគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១ ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ សម្ដេចអគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ធសភានិងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ព្រមទាំងញាតិការទាំង៧សន្ដាន និងវីរជនស្នេហាជាតិគ្រប់ជំនាន់។

កិច្ចប្រកបដោយកុសលនេះ បានប្រារព្ធឡើងនៅភូមិគ្រឹះសម្ដេចអគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវ ស្ថិតនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងឥស្សរជនថ្នាក់ដឹកនាំស្ថាប័នជាតិ និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែងជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្ដើមនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ព្រមទាំងលោកជំទាវ, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងលោកជំទាវ ឯកឧត្តម អស់លោក លោកស្រី ជាឥស្សរៈជន និងក្រុមគ្រួសារ បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា មានទៀន ធូប ផ្កាភ្ញី ឧទ្ទិសថ្វាយព្រះសម្មាសម្ពុទ្ធជាម្ចាស់ និងមួយអន្លើបានរៀបចំគ្រឿងរណ្ដាប់សែនព្រេនតាមប្រពៃណីដូនតា ដើម្បីឧទ្ទិសជូនដួងវិញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ព្រមទាំងញាតិការទាំង៧សន្ដាន និងវីរៈជនស្នេហាជាតិគ្រប់ជំនាន់។

ក្នុងបរិយាកាសប្រកដោយសក្ដីជ្រះថ្លានោះដែរ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងសម្ដេច លោកជំទាវ ឯកឧត្តម អស់លោក លោកស្រី និងពុទ្ធបរិស័ទ បានប្រារព្ធកិច្ចនមស្សការព្រះរតនត្រៃ សមាទានសីល រាប់បាត្រ និងប្រគេនទេយ្យទានថ្វាយសម្ដេចព្រះសង្ឃ និងព្រះសង្ឃ ដែលយាង និងនិមន្តមកពីរាជធានីភ្នំពេញ និងបណ្ដាវត្តមួយចំនួនក្នុងខេត្តព្រៃវែង។

បន្ទាប់មក សម្ដេចព្រះសង្ឃ និងព្រះសង្ឃ ដែលជាស្រែបុណ្យប្រសើរ បានយាង និងមន្តសូត្រព្រះធម៌ពហូដារឆ្លង ផ្សាយផល្លាអានិសង្ឃនៃការប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១នេះ ជូនដួងវិញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាលកិត្តព្រឹទ្ធបណ្ឌិត ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ព្រមទាំងញាតិការទាំង៧សន្ដាន មួយអន្លើទៀតឧទ្ទិសជូនដួងវិញាណក្ខន្ធវីរៈជនស្នេហាជាតិគ្រប់ជំនាន់។

សូមបញ្ជាក់ថាពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២០នេះ បានចាប់ផ្ដើមប្រារព្ធឡើងពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ។ សុខសន្តិភាព បានធ្វើឱ្យប្រជាពុទ្ធបរិស័ទខ្មែរ ប្រារព្ធពិធីបុណ្យដ៏ធំនេះយ៉ាងអធិកអធមជារៀងរាល់ឆ្នាំ ទៅតាមប្រពៃណីទំនៀមទំលាប់ដូនតា។ ដូចប្រជាពុទ្ធបរិស័ទខ្មែរដទៃដែរ សម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ តែងអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌនេះ នៅតាមទីអារាមនានា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនលោកអ្នកមានគុណ និងញាតិការទាំង៧សន្ដាន៕

អត្ថបទដែលជាប់ទាក់ទង