ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានដែកបេឡេតិ៍១ខ្សែប្រវែង១២៦ម៉ែត្រ និងអគារសិក្សាចំនួន០២ខ្នង

នៅព្រឹកថ្ងៃពុធ ១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានដែកបេឡេតិ៍១ខ្សែប្រវែង១២៦ម៉ែត្រ និងអគារសិក្សាចំនួន០២ខ្នង នៅក្នុងសាលាបឋមសិក្សាស្វាយព្រៃ និងអនុវិទ្យាល័យកន្ទឺ១ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង។

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ក្នុងរបាយការណ៍ស្វាគមន៍ថា ទោះបីជាមានការប្រឈមមុខជាសាកលដោយជំងឺកូវីដ១៩ ខេត្តបាត់ដំបងនៅតែបន្តទទួលបានសមិទ្ធផលជាបន្តបន្ទាប់ ជាក់ស្ដែងនៅថ្ងៃនេះ ក្រោមអធិបតីសម្ដេចក្រឡាហោម សមិទ្ធផលស្ពាន និងអគារសិក្សា ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ក្នុងបរិយាកាសប្រកបដោយសេចក្ដីត្រេកអររីករាយពីសំណាក់សិស្សានុសិស្ស និងប្រជាពលរដ្ឋ។

តំណាងក្រុមនិស្សិតអាហារូបករណ៍សម្ដេចក្រឡាហោម ចំនួន១១០នាក់ ដែលជាកូនចៅប្រជាពលរដ្ឋស្រុកបាណន់ បានថ្លែងអំណរគុណជូនសម្ដេចក្រឡាហោម ព្រមទាំងថ្នាក់ដឹកនាំ ក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ ដែលបានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់ពួកគេដែលជានិស្សិតមានការប្រឈមក្នុងជីវភាពនិងបានប្ដេជ្ញាខិតខំសិក្សារៀនសូត្រ ព្រមទាំងគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា។

តំណាងប្រជាពលរដ្ឋក៏បានបន្តអញ្ជើញថ្លែងអំណរគុណជូនសម្ដេច ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលតែងតែបានផ្ដល់ជូននូវសមិទ្ធផលជាច្រើនជូនពួកគាត់ ជាក់ស្ដែងថ្ងៃនេះ មានស្ពាន និងអគារសិក្សា សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងសម្រាប់សិស្សានុសិស្សជាកូនចៅរបស់ពួកគាត់បានសិក្សារៀនសូត្រ។ តំណាងប្រជាពលរដ្ឋបានសម្ដែងភក្ដីភាពឥតងាករេជូនសម្ដេច ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលតែងតែគិតគូរ និដោះស្រាយរាល់សេចក្ដីត្រូវការជូនពួកគាត់ ពិសេសការរក្សាបាននូវសុខសុខសន្តិភាព។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសសម្ពោធសមិទ្ធផលដ៏អធិកអធមនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង បានសម្ដែងការពេញចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សដែលបានកសាងសមិទ្ធផលគ្រប់វិស័យជូនប្រជាពលរដ្ឋ និងបានឆ្លើយតបទាន់ពេលវេលារាល់សេចក្ដីត្រូវការរបស់ប្រជាជន។

សម្ដេចក្រឡាហោមបានរំលឹកថារបបពីអតីតកាល គឺនៅរៀងរាល់ថ្ងៃសៅរ៍ ឬអាទិត្យ ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ភាគច្រើន ប្រើពេលវេលាឈប់សំរាកនេះដើម្បីធ្វើដំណើរកំសាន្ត រាំលេងសប្បាយ ប៉ុន្តែរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីពេលមុន រហូតពេលនេះមានវប្បធម៌ចាត់តាំង និងបែងចែកមន្ត្រីក្រុមការងារយកពេលវេលានេះ ឆ្លៀតចុះមូលដ្ឋាន ស្វែងយល់ពីសុខទុក្ខ និងតម្រូវការប្រជាពលរដ្ឋ ដើម្បីដោះស្រាយឱ្យទាន់ពេលវេលា។

សម្ដេចបានបន្តថាការចុះមូលដ្ឋាន ការចុះជួបប្រជាពលរដ្ឋ ការរៀបចំវេទិកាសាធារណៈជាទៀងទាត់ និងយ៉ាងសកម្ម បានធ្វើឱ្យរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដាក់ចេញគោលនយោបាយ កម្មវិធីនយោបាយ ព្រមទាំងយុទ្ធសាស្ត្រនានា ត្រូវនឹងសភាពការណ៍ជាក់ស្ដែង ត្រូវនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ ធ្វើឱ្យប្រជាពលរដ្ឋមានការពេញចិត្ត ហើយចូលរួមគាំទ្រក្នុងដំណើរការអភិវឌ្ឍន៍ជាតិ នាំឱ្យជីវភាពពួកគាត់កាន់តែមានភាពប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថារហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបាន និងកំពុង គ្រប់គ្រងជំងឺកូវីដ១៩យ៉ាងល្អ ដ្បិតពេលនេះកម្ពុជាមិនទាន់មានការឆ្លងជំងឺនេះជាលក្ខណៈសហគមន៍ដូចប្រទេសមួយចំនួននោះឡើយ ហើយការរកឃើញករណីឆ្លងថ្មី គឺមានតែអ្នកដំណើរមកពីក្រៅប្រទេសប៉ណ្ណោះ ខណៈពលករខ្មែរជាង១០ម៉ឺននាក់ ដែលធ្វើដំណើរឆ្លងដែនពីប្រទេសថៃនាអំឡុងពេលកូវីដ១៩នេះ ក៏ត្រូវបានអាជ្ញាធរគ្រប់គ្រងបាន និងមិនមានការឆ្លងជំងឺដែរ។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តីបានបន្តគូសបញ្ជាក់អំពីសុខសន្តិភាព និងស្ថេរភាពនយោបាយ ដោយសម្ដេចបានរំលឹកឡើងវិញអំពីស្ថានភាពដ៏លំបាកវេទនាក្នុងភ្លើងសង្គ្រាម ការបញ្ចប់សង្គ្រាម រហូតកសាង និងរក្សាបានសុខសន្តិភាពដូចសព្វថ្ងៃ ខណៈបណ្ដាប្រទេសមួយចំនួននៅបន្តស្ថិតក្នុងភ្លើងសង្គ្រាម 
នៅឡើយ ធ្វើឱ្យប្រពលរដ្ឋជាជនស៊ីវិលរងគ្រោះស្លាប់របួស ព្រាត់ប្រាស់ជារៀងរាល់ថ្ងៃ។ សម្ដេចបានបន្តថាស្ថេរភាពជាតិ អាចសម្រេចទៅបានអាស្រ័យលើសង្គមមានភាពយុត្តិធម៌ គ្មានការរំលោភបំពានសិទ្ធិ សេរីភាព និងផលប្រយោជន៍ប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោមក៏បានបន្តមានប្រសាសន៍អំពីការខិតខំដោះស្រាយទំនាស់ក្នុងមូលដ្ឋាន តាមរយៈគ្រប់យន្តការ និងមធ្យោបាយ ដោយប្រកាន់ខ្ជាប់នូវភាពគ្រប់ជ្រុងជ្រោយ និងយុត្តិធម៌។ សម្ដេចក៏បានបង្ហាញការចាប់អារម្មណ៍ចំពោះវិធីសាស្រ្តនៃការសម្របសម្រួល និងដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការរបស់អភិបាលខេត្តពោធិ៍សាត់។ សម្ដេចបានបន្តគូសបញ្ជាក់អំពីការដាក់ចេញយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងណែនាំឱ្យសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋទប់ស្កាត់កុំឱ្យគ្រឿងញៀនហូរចូលក្នុងសហគមន៍ និងបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ជាមួយគ្នានេះសម្ដេចបានបន្តថាគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តសម្លាប់អាយុជីវិតប្រជាពលរដ្ឋធ្វើឱ្យបាក់បែកបាត់បងសមាជិកគ្រួសារ ធ្វើឱ្យពលរដ្ឋរងរបួស មានពិការភាព ខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈជារៀងរាល់ថ្ងៃ។ សម្ដេចបានបន្ថែមថាការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបានធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះប្រមាណ៥០ភាគរយ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនស្មារតីគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងសូមឱ្យសមត្ថកិច្ចបង្កើនការរឹតបន្តឹងច្បាប់ដោយគ្មានការលើកលែង៕

អត្ថបទដែលជាប់ទាក់ទង