ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និងសមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និងសមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថាទីតាំងស្នងការដ្ឋាននគរបាលខេត្តត្រូវបានសាងសង់លើផ្ទៃដីទំហំ ៦៥ពាន់៤ម៉ែការ៉េ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចំងាយប្រមាណ១គីឡូម៉េត្រពីសាលាខេត្តត្បូងឃ្មុំ ជាអតីតដីចំការម៉ៃសាក់ គ្មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១៧វិច្ឆិកាឆ្នាំ២០១៨ ហើយប្រើរយៈពេលសាងសង់សរុប២០ខែទើបរួចរាល់ជាស្ថាពរ ទាំងអគារ និងហេដ្ឋារចនាសម្ព័ន។

លោកឧត្តមសេនីយ៍ទោបានឱ្យដឹងទៀតថាសមិទ្ធផលសម្ពោធនៅថ្ងៃនេះរួមមាន អគារបំពេញការងារតាមផែនជំនាញចំនួន៧អគារ, សាលប្រជុំ១អគារ, អគារស្នាក់នៅសម្រាប់កងអន្តរាគមន៍ពិសេស និងកម្លាំងពន្លត់អគ្គីភ័យ២អគារ, អហារដ្ឋានចំនួន២, ជម្រកស្នាក់នៅបណ្ដោះអាសន្នសម្រាប់កងកម្លាំង, អគារឃាត់ខ្លួនបណ្ដោះអាសន្ន, រោងរថយន្ត៥ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន រួមមាន របងបេតុងព័ទ្ធជុំវិញប្រវែងជាង១ពាន់ម៉ែត្រ ក្លោងទ្វារចំនួន៣ ផ្លូវ និងទីធ្លាចាក់បេតុង ប្រព័ន្ធទឹកភ្លើងក្រោមដី អណ្ដូងទឹក ស្លាកអនុសាសន៍ថ្នាក់ដឹកនាំកំពូល ស្លាកអំពីប្រវត្តិស្ថាបនិក និងសប្បរសជន ព្រមទាំងសួនច្បារលម្អរ សរុបថវិកាចំណាយអស់១លាន៣៨៤ពាន់១៦៨ដុល្លារអាមេរិក។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាន៍ថ្លែងអំណរគុណរដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត ដែលបានខិតខំកសាងបានសមិទ្ធផល និងបំពេញការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងស្ថានភាពដែលខេត្តមួយនេះទើបតែបង្កើតថ្មី ពិសេសការងារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។

សម្ដេចក៏បានថ្លែងកោតសរសើរឯកឧត្តមស្នងការនគរបាលខេត្ត ដែលបានខិតខំកៀងគរថវិកាពីសប្បុរសជន ដើម្បីសាងសង់អគារស្នងការដ្ឋាននគរបាលខេត្ត ដោយមិនបានចំណាយថវិការដ្ឋនោះឡើយ រហូតអាចកែប្រែទីនេះ ពីដីចំការម៉ៃសាក់ទៅជាស្នងការដ្ឋាននគរបាលខេត្តដ៏ល្អប្រណិត។

សម្ដេចបានណែនាំឱ្យចុះបញ្ជីដី និងអគារស្នងការនេះ ជាទ្រព្យសម្បត្តិរបស់រដ្ឋ ដោយមិនអនុញ្ញាតឱ្យនរណាម្នាក់ដោះដូរទៅថ្ងៃអនាគតឡើយ ពោលគឺថ្វីដ្បិតថាស្នងការដ្ឋាននេះ ត្រូវបានបង្កើតឡើងដោយប្រើប្រាស់ថវិកាទាំងស្រុងពីសប្បុរសជន ប៉ុន្តែវាបានក្លាយជាទ្រព្យសម្បត្តិរបស់រដ្ឋទៅហើយ ដូច្នេះការចុះបញ្ជីជាទ្រព្យសម្បត្តិរដ្ឋដើម្បីថែរក្សាទីនេះឱ្យបានគង់វង្សតទៅមុខ គឺជាការថែរក្សាមរតក និងស្នាដៃរបស់ស្ថាបនិក និងសប្បុរសជន។

សម្ដេចបានបន្ថែមទៀតថាទន្ទឹមនឹងការមានអគារស្នងការដ្ឋានបំពេញភារកិច្ច សម្ដេចសង្ឃឹមថាថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលគ្រប់ជាន់ថ្នាក់នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ព្រមទាំងអង្គភាពចំណុះ នឹងខិតខំបំពេញភារកិច្ចឱ្យបានល្អប្រសើរ។ ជាមួយគ្នានេះ សម្ដេចបានណែនាំឱ្យរដ្ឋបាលខេត្តខិតខំពិនិត្យលទ្ធភាពពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងបន្តកៀងគរការចូលរួមវិភាគទានពីសប្បុរសជនដើម្បីអភិវឌ្ឍន៍ខេត្តបន្ថែមទៀត ខណៈរាជរដ្ឋាភិបាលក៏បានរៀបចំផែនការ និងដាក់ចេញការអភិវឌ្ឍន៍ខេត្តនេះជាបន្តបន្ទាប់ដែរ។

សម្ដេចបានមានប្រសាសន៍ទៀតថារដ្ឋបាលខេត្តត្បូងឃ្មុំ និងសៀមរាប គឺជារដ្ឋបាលខេត្តដែលមានលក្ខណៈរដ្ឋបាលប្រមូលផ្ដុំ គឺទាំងសាលាខេត្ត និងមន្ទីរ អង្គភាពចំណុះ ត្រូវបានប្រមូលផ្ដុំមកនៅកន្លងតែមួយ។ សម្ដេចបានមានប្រសាសន៍ថាក្រសួងមហាផ្ទៃ បានចាត់ចែងឱ្យមានការសិក្សាថាតើការរៀបចំឱ្យមានរដ្ឋបាលប្រមូលផ្ដុំយ៉ាងដូច្នេះ មានគុណវិបត្តិ និងគុណសម្បតិ្តអ្វីខ្លះ ហើយប្រសិនបើមានគុណសម្បត្តិល្អ ក្រសួងអាចនឹងរៀបចំឱ្យមានរដ្ឋបាលប្រមូលផ្ដុំនេះនៅតាមរដ្ឋបាលខេត្តមួយចំនួនទៀត។

នៅក្នុងឱកាសនោះដែរ សម្ដេចឧបនាយករដ្ឋមន្រ្តី ក៏បានបន្តមានប្រសាសន៍អំពីការណែនាំឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តត្បូងឃ្មុំ បន្តខិតខំថែរក្សាសុខសន្តិភាព និងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ទន្ទឹមគ្នានឹងការបន្តអនុវត្តវិធានការទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ពិសេសការទប់ស្កាត់មិនឱ្យជំងឺនេះឆ្លងជាលក្ខណៈសហគមន៍។ សម្ដេចបានថ្លែងកោតសរសើរអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធដែលបានសហការត្រួតពិនិត្យសុខភាពពលរដ្ឋពេលឆ្លងដែនចូលប្រទេស ព្រមទាំងរៀបចំដាក់ចត្តាឡីស័កតាមវិធានសុខាភិបាល។

ពាក់ព័ន្ធនឹងបញ្ហាEBAវិញ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាកម្ពុជានៅតែមានជំហរ និងការតាំងចិត្តខ្ពស់ក្នុងការជំនះរាល់បញ្ហាប្រឈមមួយចំនួនដែលកើតឡើងដោយសារការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះ ដោយបានគិតគូរ និងដាក់ចេញវិធានការដោះស្រាយយ៉ាងជាក់លាក់ ទន្ទឹមគ្នានឹងការដោះស្រាយផលវិបាកកើតចេញពីវិបត្តិជំងឺឆ្លងសាកលកវីដ១៩ ហើយថាកម្ពុជានៅតែបន្តមានទំនាក់ទំនងល្អជាមួយអឺរ៉ុប។

ដោយឡែក បញ្ហាចរាចរណ៍នៅតែជាប្រធានបទសំខាន់ដែលសម្ដេចបន្តមានប្រសាសន៍អំពាវនាវដោយទទូចឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ដើម្បីបញ្ចៀសគ្រោះថ្នាក់បាត់បង់ជីវិត និងរងរបួស ខណៈបញ្ហាគ្រឿងញៀនត្រូវបានសម្ដេចសង្កត់ធ្ងន់ថាបញ្ហានេះ ក៏ដូចគ្នានឹងបញ្ហាចរាចរណ៍ដែរ គឺរាជរដ្ឋាភិបាល និងអាជ្ញាធរ នៅតែបន្តប្ដេជ្ញាចិត្តអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសុខសុវត្ថិភាព អាយុជីវិត ទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋ និងសេចក្ដីសុខក្នុងសង្គម ដ្បិតបញ្ហាទាំងពីរនេះនៅតែជាបញ្ហាធំ។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍អំពីនិយមន័យនៃការប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌។ សម្រាប់សម្ដេចគឺមិនមែនមានន័យថាយកកាំភ្លើងទៅបាញ់អ្នកធ្វើបដិវត្តន៍ពណ៌នោះទេ ហើយការធ្វើដូច្នេះគឺជាអំពើខុសឆ្គង។ សម្ដេចបានសង្កត់ធ្ងន់ក្នុងន័យដើមថា«គឺយើងត្រូវប្រឆាំងខ្លួនយើងជាមុនសិន...យើងធ្វើល្អជាមួយប្រជាពលរដ្ឋ! ហ្នឹងហើយជាអាវុធដ៏ធំបំផុត[ក្នុងការប្រឆាំងបដិវត្តន៍ពណ៌] ចុះបើយើងអាងអំណាច យើងទៅរំលោភយកដីប្រជាជន ទៅរំលោភសិទ្ធិ ផលប្រយោជន៍ប្រជាជន បញ្ហាហ្នឹងប្រជាជនចេញការវ៉ាគឺជារឿងត្រឹមត្រូវហើយ»។

សម្ដេចក្រឡាហោមបានបន្តថា ក្នុងនាមជាមន្រ្តីមុខងារសាធារណៈ ទាំងស៊ីវិល ទាំងនគរបាល ក្នុងពេលបំពេញការងារគឺត្រូវបំពេញតាមតួនាទីជាមន្រ្តីមុខងារសាធារណៈ ដោយមិនត្រូវបែងចែកប្រជាជន ទោះបីប្រជាជននោះជាអ្នកមាននិន្នាការគាំទ្រគណបក្សណាក៏ដោយ។ សម្ដេចបានបន្តថាជាការពិត មន្រ្តី និងនគរបាល ក៏មានសិទ្ធិធ្វើការងារនយោបាយដែរ ប៉ុន្តែការងារនោះត្រូវធ្វើក្រៅពីការងារក្នុងម៉ោងរដ្ឋ ហើយសម្រាប់ម៉ោងរដ្ឋ គឺគ្មាននយោបាយទេនោះទេ គឺមានតែការបំរើប្រជាពលរដ្ឋទូទៅ។

បន្ទាប់ពីបានបញ្ចប់ការមានប្រសាសន៍សំណេះសំណាលប្រកដោយខ្លឹមសារដ៏មានសារៈសំខាន់នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ព្រមទាំងគណៈអធិបតី បានអញ្ជើញដាំកូនឈើជានិមិតរូប និងអញ្ជើញទស្សនាសមិទ្ធផលនានានៃស្នងការដ្ឋាននគរបាលខេត្តត្បងឃ្មុំ៕

អត្ថបទដែលជាប់ទាក់ទង