ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាងធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បំពាក់ឋានន្តរសក្ដិ

នៅព្រឹកថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាងធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បំពាក់ឋានន្តរសក្ដិ និងគ្រឿងឥស្សរិយយស ជូនមន្ត្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅក្រសួងមហាផ្ទៃ។

ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានថ្លែងជូនសម្ដេច ព្រមទាំងអង្គពិធីថាគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោឃៅ អំពើអនុមន្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម មានពាក្យថាគណៈកម្មាធិការប្រឆាំងទារុណកម្ម និងមានពាក្យកាត់ថា គ.ជ.ប.ទ បានបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ដែលមានសមាសភាព៩រូប មានលេខាធិការ១ជាសេនាធិការ ចែកចេញជា៤ផ្នែក និង១២ការិយាល័យ មានមន្ត្រីបំរើការងារ៩៧រូប ជាមន្រ្តីក្របខណ្ឌក្រសួងមហាផ្ទៃ។

ឯកឧត្តមបានបន្តថាបើទោះបីជាមានការខ្វះខាតទីកន្លែងបំពេញការងារ ថវិកា និងមធ្យោបាយធ្វើសកម្មភាព ក៏ គ.ជ.ប.ទ បានបំពេញភារកិច្ចសម្រេចបានលទ្ធផលជាច្រើន ដូចជាការចុះអប់រំផ្សព្វផ្សាយ, ការចុះត្រួតពិនិត្យទីន្លែងឃុំឃាំង និងករណីមិនប្រក្រតីពាក់ព័ន្ធទារុណកម្ម, ផ្ដល់អនុសាសសន៍ជូនស្ថាប័នពាក់ព័ន្ធ, កិច្ចសហការជាមួយដៃគូជាតិ និងអន្តរជាតិ, រៀបចំចងក្រងសៀវភៅមេរៀន និងខិត្តបណ្ណ, ពង្រឹងសមត្ថភាពមន្ត្រី និងការកសាងច្បាប់ និងបទដ្ឋានគតិយុត្តិជាដើម។

ចំពោះបញ្ហាប្រឈម ឯកឧត្តមបានឱ្យដឹងថាពេលនេះ គ.ជ.ប.ទ នៅតែមិនទាន់ទទួលបានការផ្ដល់កិច្ចសហការល្អពីមន្រ្តីមួយចំនួន ជាពិសេសនៅតាមទីកន្លែងដែលកើតមានភាពមិនប្រក្រតី និងនៅមានការខ្វះខាតសម្ភារៈការិយាល័យ ព្រមទាំងមធ្យោបាយធ្វើដំណើរជាដើម។ យ៉ាងណាក៏ដោយឯកឧត្តមបានអះអាងថា គ.ជ.ប.ទ បានដាក់ចេញទិសដៅ និងមានការប្ដេជ្ញាខ្ពស់ក្នុងការបន្តបំពេញបេសកកម្មឱ្យសម្រេចបាននូវវឌ្ឍនភាពកាន់តែប្រសើរបន្ថែមទៀត។

អញ្ជើញថ្លែងសុន្ទរកថា និងមានមតិណែនាំទៅកាន់អង្គពីធីនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈនយោបាយខ្ពស់ និងការប្ដេជ្ញាចិត្តយ៉ាមុតមាំក្នុងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ សំដៅធានាការគោរពសិទ្ធិមនុស្ស ដោយពង្រឹងការអនុវត្តច្បាប់ជាតិ បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ជាពិសេសខិតខំបង្ការអំពើទារុណកម្ម ឬប្រព្រឹត្តកម្មមិនប្រក្រតីណាមួយលើជនដែលត្រូវបានដកហូតសិទ្ធិសេរីភាព។

សម្ដេចឧបនាយករដ្ឋមន្រ្តីបានបន្តថាដើម្បីឱ្យការអនុវត្តកិច្ចការនេះទទួលបានជោគជ័យ ទាមទារចាំបាច់ឱ្យមន្រ្តីសាធារណៈ និងអាជ្ញាធរមានសមត្ថកិច្ចទទួលបន្ទុកគ្រប់គ្រងជនដែលត្រូវបានដកហូរសេរីភាព ត្រូវផ្លាស់ប្ដូរផ្នត់គំនិត ឥរិយាបទ និងអាក្បកិរិយារបស់ខ្លួនជុំវិញការឃាត់ខ្លួន ការឃុំខ្លួន ការអប់រំការប្រែ ការព្យាបាល ការស្ដារនីតិសម្បទាជនទាំងនោះ ដោយសម្ដេចបានសង្កត់ធ្ងន់ថាព័ត៌មានដែលយើងចង់បាន មិនត្រូវបានមកពីការធ្វើទារុណកម្មនោះទេ។

សម្ដេចបានមានប្រសាសន៍ទៀតថាការធ្វើទារុណកម្ម និងប្រព្រឹត្តកម្មមិនគប្បីដែលឃោឃៅ អនុមនុស្សធម៌ ឬបន្ទាបបន្ថោក មិនមែនជាវិធានការចាំបាច់ដែលត្រូវយកមកអនុវត្តចំពោះជនដែលត្រូវបានដកហូតសិទ្ធិសេរីភាពឡើយ ផ្ទុយទៅវិញវាជាអំពើខុសច្បាប់ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលបាននូវលទ្ធផលជាវិជ្ជមានដូចដែលយើងចង់បាននោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់ភាពថ្លៃថ្លូរបស់មនុស្សជាតិ និងការឈឺចាប់ដល់ជនទាំងនោះ ហើយអាចបង្កើតឡើងនូវគំនុំគុំគួនគ្នាមិនចេះចប់។

សម្ដេចបានសង្កត់ធ្ងន់ទៀតថាគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គឺជាគណៈកម្មាធិការឯករាជ្យ ក្នុងការវាយតម្លៃ ការត្រួតពិនិត្យទៅលើអំពើទារុណកម្ម និងមិនស្ថិតក្រោមការបញ្ជារបស់រាជរដ្ឋាភិបាលទេ ពោលគឺបើមានអំពើធ្វើទារុណកម្ម គណៈកម្មាធិការនេះត្រូវតែឆ្លុះបញ្ចាំងការពិតដោយមិនខ្លាចញញើត ឬស្ថិតក្រោមសម្ពាធណាមួយរបស់រាជរដ្ឋាភិបាលឡើយ។ សម្ដេចបានបន្ថែមថាទោះបីជាមានការជូនដំណឹង ឬគ្មានការជូនដំណឹង ការចុះបំពេញភារកិច្ចរបស់គណៈកម្មាធិការត្រូវតែទទួលការសហការល្អពីភាគីពាក់ព័ន្ធ ប៉ុន្តែទន្ទឹមនឹងនេះ គ.ជ.ប.ទ ក៏ត្រូវបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវដែរ។

ដើម្បីរួមចំណែកជាជំនួយស្មារតីដល់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងអាជ្ញាធរពាក់ព័ន្ធ សម្ដេចបានផ្ដល់អនុសាសន៍ឱ្យគណៈកម្មាធិការជាតិបន្តអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីអនុសញ្ញាប្រឆាំងទារុណកម្ម ពិធីសារបន្ថែម និងសន្ធិសញ្ញាផ្សេងៗទៀត ព្រមទាំងបទបញ្ញត្តិទាំងឡាយដែលពាក់ព័ន្ធ ដល់អាជ្ញាធរសាធារណៈ និងមន្រ្តីដែលបំពេញតួនាទីនៅតាមមន្ទីរឃុំឃាំងជនដែលត្រូវបានដកហូតសិទ្ធិសេរីភាព ក្នុងនោះក៏មានមន្រ្តីអនុរក្សពន្ធនាគារដែរ។

សម្ដេចក៏បានណែនាំឱ្យបន្តចុះត្រួតពិនិត្យ និងតាមដានយ៉ាងទៀងទាត់អំពីស្ថានភាពនៅតាមទីកន្លែងឃុំឃាំងនានាក្នុងគោលដៅពង្រឹងការការពារដល់ជនជាប់ឃុំ និងផ្ដល់អនុសាសន៍កែលម្អរប្រព្រឹត្តកម្ម និងស្ថានភាពរស់នៅរបស់ជនជាប់ឃុំស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ, ត្រូវមានស្មារតីសហការ និងមានសាមគ្គីភាពផ្ទៃក្នុង, ពង្រឹងកិច្ចសហការល្អជាមួយភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីឆ្លើយតបអនុសាសន៍ក្នុងបំណងលុបបំបាត់ឱ្យបានទាំងស្រុងនូវអំពើធ្វើទារុណកម្មនៅតាមកន្លែងឃុំឃាំង។

មុននឹងបញ្ចប់សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ជាថ្មីថា សម្រាប់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ការត្រួតពិនិត្យ និងធ្វើរបាយការណ៍ពីអ្វីដែលខ្លួនបានរកឃើញ គឺត្រូវតែប្រកាន់ជំហរឯករាជ្យជាដាច់ខាត ហើយជាមួយគ្នានេះ តម្រូវការមន្រ្តីមានសមត្ថភាព និងបទពិសោធន៍ ក៏ត្រូវតែជាគោលការណ៍ចាំបាច់ ដើម្បីរៀបចំឱ្យមានភាពចម្រុះ និងការភ្ជាប់គ្នារវាងអ្នកមានបទពិសោធន៍ និងអ្នកមិនទាន់មានបទពិសោធន៍ និងមិនត្រូវបណ្ដែតបណ្ដោយឱ្យមានការបំពានអំណាចគ្នាខុសពីរបៀបរបបធ្វើការឡើយ៕

អត្ថបទដែលជាប់ទាក់ទង