សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ
នៅរសៀលថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគារធិការ អគ្គនាយក អគ្គស្នងការ ប្រធានអង្គភាព និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ស្ថាប័នតុលាការ និងមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តមសន្តិបណ្ឌិត ចាន់ គឹមសេង បានធ្វើរបាយសង្ខេបអំពីវឌ្ឍនភាពការងារសំខាន់ៗដែលអគ្គនាយកដ្ឋានពន្ធាគារសម្រេចបានក្រោមការដឹកនាំរបស់ឯកឧត្តមនាពេលកន្លងមក រួមមាន ការគ្រប់គ្រងពន្ធនាគារតាមបទដ្ឋានធានាឱ្យបានសន្តិសុខ សុវត្ថិភាព និងមនុស្សធម៌, ការលើកម្ពស់សមត្ថភាព និងអភិវឌ្ឍន៍វិជ្ជាជីវៈសេវាអប់រំកែប្រែ, ការអនុវត្តកម្មវិធីអប់រំកែប្រែស្ដារនីតិសម្បទា និងសមាហរណកម្មទណ្ឌិត និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ។
បន្ទាប់ពីឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម ឆែម សាវុធ ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ជំនួស ឯកឧត្តម ចាន់ គឹម សេង, ឯកឧត្តម ឆែម សាវុធ បានថ្លែងអំណរព្រះរាជគុណថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចក្រឡាហោម ដែលផ្ដល់សេចក្ដីទុកចិត្តជូនឯកឧត្តមឱ្យមានឱកាសបំពេញភារកិច្ចរួមចំណែកបំរើជាតិ និងប្រជាជន។
ឯកឧត្តម ឆែម សាវុធ បានប្ដេជ្ញាចិត្ត អនុវត្តឱ្យបានម៉ឺងម៉ាត់រដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន គោលការណែនាំរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ, គាំទ្រ និងអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណរាជរដ្ឋាភិបាល, គោរព និងអនុវត្តតាមការណែនាំ ចង្អុរបង្ហាញ និងអនុសាសន៍សម្ដេចក្រឡាហោម ក៏ដូចជាថ្នាក់ដឹកនាំក្រសួង, ប្រកាន់ខ្ជាប់គុណសម្បត្តិ៤ គឺឆន្ទៈម្ចាស់ការ មនសិការវិជ្ជាជីវៈ ភក្ដីភាព និងវប្បធម៌សេវាសាធារណៈ, ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងរបៀបរបបធ្វើការឈរលើទស្សនៈសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថារាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ណាស់ចំពោះការសម្រេចចិត្តជ្រើសរើស និងតែងតាំងមន្រ្តី ហើយថាសម្រាប់ឯកឧត្តមអគ្គនាយកថ្មីនៃអគ្គនាយកដ្ឋានពន្ធគារនាពេលនេះ គឺសម្ដេចធ្លាប់តែលឺឈ្មោះ និងស្នាដៃកន្លងមកប៉ុណ្ណោះ ដោយការជ្រើសរើស គឺសម្ដេចប្រគល់សិទ្ធិជជែកពិភាក្សាជូនឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងរដ្ឋលេខាធិការទទួលបន្ទុក រហូតមានការមូលមតិគ្នាសម្រេចជ្រើសរើសឯកឧត្តម ឆែម សាវុធ។
សម្ដេចបានមានប្រសាសន៍ចាត់ទុកមន្រ្តីរត់ការ គឺជាមន្រ្តីដែលមិនទុកចិត្តខ្លួនឯង និងមិនទុកចិត្តថ្នាក់ដឹកនាំ។ សម្ដេចបានមានប្រសាសន៍ផ្ដល់ជាឧទហារណ៍ថាការប្រកាន់ទស្សនៈតែងតាំងមន្រ្តីដែលចេញចូលផ្ទះសម្ដេចញឹកញាប់ ឬការតាំងតាំងមន្រ្តីដោយផ្អែកលើមនោសញ្ចេតនាណាមួយនោះ គឺជាការយល់ខុស។ សម្ដេចបានមានប្រសាសន៍ថាសម្រាប់ការងារពន្ធនាគារ មិនមែនជារឿងតូចតាចទេ គឺត្រូវផ្ដល់សេវាមួយក្នុងការអប់រំមនុស្សដែលប្រព្រឹត្តិខុសឱ្យមានការកែប្រែកំហុស ហើយធ្វើសមាហរណកម្មទៅក្នុងសង្គម។
សម្ដេចបានសម្ដែងសេចក្ដីសង្ឃឹមជឿជាក់ថាថ្នាក់ដឹកនាំ និងមន្រ្តីនៅជុំវិញឯកឧត្តម ឆែម សាវុធ នឹងផ្ដល់ការគាំទ្រជូនឯកឧត្តមដើម្បីដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារទទួលបានជោគជ័យ។ ជាមួយគ្នានេះ សម្ដេចបានសម្ដែងការកោតសរសើរចំពោះស្នាដៃរបស់ឯកឧត្តម ចាន់ គឹមសេង ដែលបានដោះស្រាយភាពចង្អៀតណែននៅក្នុងពន្ធនាគារ ប្រកបដោយការទទួលខុសត្រូវ រក្សាបាននូវសន្តិសុខ រួមចំណែកប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការការពារសុខភាពអ្នកជាប់ឃុំក្នុងពន្ធាគារចៀសផុតពីការឆ្លងជំងឺកូវីដ១៩។
ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នៅក្នុងពន្ធនាគារ សម្ដេចបានរំលឹកឡើងវិញនូវអ្វីដែលក្រសួងមហាផ្ទៃបានដាក់ចេញ ហើយបានអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់មិនឱ្យមានករណីឆ្លងជំងឺសាកលនេះនៅក្នុងពន្ធនាគារ។ ដោយឡែកពាក់ព័ន្ធនឹងការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ សម្ដេចក៏បានគូសបញ្ជាក់អំពីយុទ្ធនាការដោះស្រាយបញ្ហានេះ ដែលបាន និងកំពុងដឹកនាំដោយឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ សម្ដេចក៏បានណែនាំឱ្យអគ្គនាយកដ្ឋានពន្ធគារបង្កើនការផ្ដល់កិច្ចសហការជាមួយក្រសួងយុត្តិធម៌។
នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់អំពី ការគាំទ្រចំពោះគម្រោងសាងសង់ពន្ធនាគារថ្មីៗបន្ថែមទៀត និងបានណែនាំឱ្យបង្កើនការទប់ស្កាត់បទល្មើសនៅក្នុងពន្ធនាគារ, សិក្សារៀបចំបង្កើនចំនួនក្របខណ្ឌពន្ធនាគារ, រៀបចំកែសម្រួលឯកសណ្ឋានមន្រ្តីពន្ធាគារឱ្យមានភាពខុសគ្នាបន្ថែមទៀតពីឯកសណ្ឋាននគរបាល, ការការពាររបបផលប្រយោជន៍ជូនមន្រ្តីអនុរក្សពន្ធាគារ, រៀបចំកម្មវិធីការងារសម្រាប់ឆ្នាំ២០២១, បង្កើនការបណ្ដុះបណ្ដាល និងត្រូវគោរពរបៀបរបធ្វើការ ពោលគឺមានការគោរពគ្នាទៅវិញទៅមក និហមិនច្រណែនគ្នា ប៉ុន្តែត្រូវរួមគ្នាបំពេញភារកិច្ចបំរើជាតិ និងប្រជាជន ប្រកបដោយក្ដីសង្ឃឹម ដោយសម្ដចផ្ដល់ការធានាជូននូវតម្លាភាពនៃការជ្រើសរើស និងការតែងតាំង។
មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាសម្ដេចសូមផ្ញើនូវសេចក្ដីសង្ឃឹមទៅលើឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានពន្ធានាគារ ដែលនឹងរួមគ្នាជាមួយឯកឧត្តម ឆែម សាវុធ អគ្គនាយកថ្មីនៃអគ្គនាយកដ្ឋានពន្ធគារ ដើម្បីបំពេញការងារឱ្យទទួលបានជោគជ័យជូនជាតិ និងប្រជាជន ជាពិសេសគឺការអប់រំអ្នកជាប់ពន្ធនាគារឱ្យមានការកែប្រែកំហុស ក្លាយខ្លួនជាពលរដ្ឋល្អរបស់សង្គមជាតិ៕