ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំឆមាសទី១នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆមាសទី១នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្រោមអធិបភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវ ជាប្រធាន និងតំណាងប្រធាន ក្រមការងារទាំង៦ រួមមានក្រុមការងារបង្ការទប់ស្កាត់, ក្រុមការងារ កិច្ចការយុត្តិធម៌, ក្រុមការងារទេសន្តរប្រវេសន៍, ក្រុមការងារបង្ការ ទប់ស្កាត់, ក្រុមការងារ ការពារជនរងគ្រោះ និងក្រុមការងារសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្រ្តីជាន់ខ្ពស់មកពីក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។

អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កិច្ចប្រជុំឆមាសទី១គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនាថ្ងៃនេះ គឺដើម្បីស្ដាប់សេចក្តីរាយការណ៍លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័ន និងអង្គភាពជាសមាជិក គ.ជ.ប.ជ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អំពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងរយៈពេល៦ខែដើមឆ្នាំ ២០២០។

សម្ដេចបន្តថាលើសពីនេះ អង្គប្រជុំនឹងពិនិត្យ ពិភាក្សា លើចំណុចខ្វះខាត ដែលត្រូវកែលម្អ និងពង្រឹងបន្ថែម ដើម្បីស្តារមុខមាត់ប្រទេសជាតិ ដែលកន្លងមកត្រូវបានសហរដ្ឋអាមេរិក វាយតម្លៃដោយដាក់ឲ្យស្ថិតក្នុងចំណាត់ថ្នាក់លេខ២នៃបញ្ជីឃ្លាំមើល រយៈពេលពីរឆ្នាំជាប់គ្នា ដែលអាចនឹងត្រូវធ្លាក់ទៅលេខ៣ដោយស្វ័យប្រវត្តិ បើសិនជាមិនមានការប្រឹងប្រែង ដើម្បីឆ្លើយតបទៅនឹងចំណុចខ្វះខាតទាំងនោះ។

ពាក់ព័ន្ធនឹងការវាយតម្លៃរបស់សហរដ្ឋអាមេរិកនេះ សម្ដេចប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សបានសង្កត់ធ្ងន់ថា «យើងមិនផ្តេកផ្តួលទៅលើការវាយតម្លៃរបស់អាមេរិកទាំងស្រុងទេ តែក៏ត្រូវទទួលស្គាល់ថា វាមានចំណុចជាច្រើន ដែលចង្អុលបង្ហាញអំពីភាពខ្វះចន្លោះរបស់យើង គួរឲ្យពិចារណា និងធ្វើការកែលម្អដែរ ដើម្បីជាប្រយោជន៍សម្រាប់រាជរដ្ឋាភិបាល និងប្រជាជនយើង»។ 
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សតាមក្រសួងស្ថាប័នរាជធានី-ខេត្ត បានបន្តសកម្មភាពការងារតាមទិសដៅដែលបានគ្រោងទុក បើទោះបីជាបាន និងកំពុងតែប្រឈមនឹងសភាពការណ៍វិវត្តថ្មី ដែលមិនអាចប៉ាន់ស្មានបាន ពិសេសស្ថានភាពប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោកក្នុងវិបត្តិកូវីដ-១៩។

លោកជំទាវបារាយការជូនអង្គប្រជុំថា ចាប់ពីខែមីនា ឆ្នាំ២០២០ ក្រសួងស្ថាប័ន និងរាជធានី-ខេត្ត បានប្ដូរទិសដៅការងារដោយផ្ដោតការយកចិត្តទុកដាក់លើបញ្ហាកើតចេញពីវិបត្តិកូវីដ-១៩ ដែលបានជះឥទ្ធិពលដល់ការអនុវត្តសកម្មភាពគ្រប់វិស័យ ធ្វើឲ្យរាំងស្ទះដោយអន្លើ និងទាមទារឱ្យមានការដោះស្រាយ ទប់ស្កាត់ផលប៉ះពាល់លើជីវភាពប្រជាពលរដ្ឋ ពិសេសអ្នកត្រឡប់ពីប្រទេសក្រៅដ៏ច្រើន ហើយដេលភាគច្រើនជាអ្នកខ្វះលទ្ធភាពក្នុងការទ្រទ្រង់ជីវភាព និងងាយរងគ្រោះ។

ឆ្លើយតបនឹងបញ្ហានេះលោកជំទាវបានបន្តថា គ្រប់ភាគីបានធ្វើសកម្មភាពយ៉ាងមមាញឹក ប្រចាំការនៅតាមព្រំដែនទទួលសង្គ្រោះពលករដែលវិលត្រឡប់តាមច្រកមិនផ្លូវការទាំងយប់ទាំងថ្ងៃ ដោយបានពិនិត្យកម្ដៅ និងសុខភាព អនុវត្តគោលការណ៍ចត្តាឡីស័កតាមវិធានសុខាភិបាល ផ្ដល់អាហារ និងត្រៀមមធ្យោបាយដឹកជញ្ជូនពួកគាត់ឱ្យបានដល់លំនៅដ្ឋាន ហើយបន្តតាមដានស្ថានភាពសុខភាព ជីវភាព ព្រមទាំងផ្ដល់សេវាតាមតម្រូវការផ្សេងៗជូនពួកគាត់។

លោកជំទាវក៏បានបន្តរាយការណ៍ជូនសម្ដេច ព្រមទាំងអង្គប្រជុំអំពីលទ្ធផលការងារផ្នែកគោលនយោបាយ ច្បាប់ និងបទដ្ឋានគតិយុទ្ធ និងកិច្ចសហប្រតិបត្តិការ, ការងារបង្ការទប់ស្កាត់, ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌឆ្លើយតបនឹងអំពើជួយដូរមនុស្ស កិច្ចការពារជនរងគ្រោះ និងការផ្ដល់សេវាគាំទ្រ, ការលើកកម្ពស់សមត្ថភាព និងការសម្របសម្រួល និងអំពីការវាយតម្លៃកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់សហរដ្ឋអាមេរិក។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ខិតខំបំពេញការងារតាមជំនាញ និងតាមគោលដៅរៀងៗខ្លួនរបស់ក្រុមការងារទាំង៦ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ទោះបីជាកម្ពុជា មានឧបសគ្គបន្ទុចបង្អាក់ពីមជ្ឈដ្ឋានអន្តរជាតិ ឬការប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងជម្ងឺឆ្លងកូវីដ១៩យ៉ាងណា ក៏មិនបានបោះបង់ការខិតខំប្រឹងប្រែងប្រកបដោយស្មារតីអត់ធ្មត់ តស៊ូ ព្យាយាមក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែរ។

សម្ដេចបានជំរុញឱ្យក្រុមការងារចងក្រង និងចែករំលែកទិន្នន័យជាប្រព័ន្ធឱ្យមានលក្ខណៈរលូន និងជាទិន្នន័យរួមថ្នាក់ជាតិ ឆ្លើយតបទៅនឹងការដោះស្រាយបញ្ហា ជាពិសេស សម្រាប់ចែករំលែកជាមួយអន្តរជាតិ ហើយក្រុមការងារយុត្តិធម៌ត្រូវមានទំនាក់ទំនង និងការសហការល្អជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីឱ្យការប្រមូលទិន្នន័យអំពីការផ្តន្ទាទោសអំពើជួញដូរមនុស្ស និងបញ្ជូនមកអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ទាន់ពេលវេលា។

សម្ដចបានជំរុញឱ្យក្រុមការងារអនុវត្តច្បាប់ បន្តតាមដានស្រាវជ្រាវ ស្វែងរកមេខ្យល់ជួញដូរមនុស្ស និងល្បិចកលថ្មីៗ ដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលា និងត្រូវពង្រឹងវិន័យឱ្យបានល្អ ហើយសម្រាប់ក្រុមការងារអន្តរក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គប្បីបន្តការប្រឹងប្រែងអនុវត្តសកម្មភាព ដែលបានរៀបចំដើម្បីឆ្លើយតបបញ្ហាចំពោះមុខ ទាំងរយៈពេលខ្លី មធ្យម និងវែង ឱ្យអស់លទ្ធភាព ដោយរិះរកមធ្យោបាយ ជម្នះឧបសគ្គ ពង្រឹងកិច្ចសហការ ដើម្បីចំណាយធនធានតិច បានផលច្រើន និង សម្រេចគោលដៅជាអាទិភាព ។

មុននឹងបញ្ចប់ សម្ដេចក៏បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន អង្គភាព ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គប្បីបន្តចូលរួមសហការ និងគាំទ្រ អនុវត្តគោលនយោបាយ និងវិធានការទាំងឡាយ របស់រាជរដ្ឋាភិបាល ឲ្យបានម៉ឺងម៉ាត់ ដើម្បីជម្នះរាល់ឧបសគ្គ និងភាពប្រឈមទាំងឡាយ រក្សា សន្តិភាព ស្ថេរភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ទប់ទល់នឹងសភាពការណ៍ដែលវិវត្តន៍ឥតឈប់ឈរ និងករណីប្រធានសក្តិទាំងឡាយ ដែលប៉ះពាល់ដល់ប្រជាជន និងប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង