សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសំណើរសុំកិច្ចសហប្រតិបត្តិការផ្ដល់សេវាធនាគារសម្រាប់គ្រប់គ្រងប្រតិបត្តិការចំណូលរដ្ឋ
នៅព្រឹកថ្ងៃពុធ ១រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសំណើរសុំកិច្ចសហប្រតិបត្តិការផ្ដល់សេវាធនាគារសម្រាប់គ្រប់គ្រងប្រតិបត្តិការចំណូលរដ្ឋ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយចំនួនទៀត។
អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាកិច្ចប្រជុំនៅថ្ងៃនេះ គឺបន្ទាប់ពីមានធនាគារឯកជន៤បានដាក់សំណើរសុំសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីផ្ដល់សេវាកម្មមួយចំនួនតាមប្រព័ន្ធធនាគារ សម្រាប់ការគ្រប់គ្រងចំណូលរដ្ឋ។
សម្ដេចបានណែនាំឱ្យនាយកដ្ឋាន និងស្ថាប័នពាក់ព័ន្ធសិក្សាលម្អិតអំពីប្រព័ន្ធប្រតិបត្តិការរបស់ធនាគារទាំងនោះឱ្យកាន់តែច្បាស់ និងត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សិក្សាពិនិត្យមើលបញ្ហាប្រឈម ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាទាំងនោះ៕