សម្ដេចក្រឡាហោម ស ខេង បានអញ្ញើដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យឆ្លងសេចក្ដីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ ថ្មី នៃព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូទ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ញើដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យឆ្លងសេចក្ដីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ ថ្មី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីកាក្រសួងមហាផ្ទៃ។
ក្រោមអធិបតីភាពសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី កិច្ចប្រជុំដ៏មានសារៈសំខាន់នេះមានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងមន្រ្តីជាន់ខ្ពស់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា «ការប្រជុំនៅថ្ងៃនេះ គឺទាក់ទងនឹងការរៀបចំច្បាប់ស្ដីពីអន្តោប្រវេសន៍សាជាថ្មីឡើងវិញ ហើយមូលហេតុគឺដោយសារច្បាប់ចាស់មានចំណុចខ្លះពេលបង្កើតច្បាប់កាលពីឆ្នាំ១៩៩៤នោះយើងមិនបាននឹកដល់ការលេចចេញនូវបញ្ហាមួយចំនួនក្នុងរយៈពេលអនុវត្តជាង២០ឆ្នាំមកនេះដែលចាំបាច់ត្រូវតែពិនិត្យឡើងវិញ»។
ផ្អែកលើមូលហេតុ ឬសំណូមពរនេះ សម្ដេចបានមានប្រសាសន៍ថា«ខ្ញុំបានសុំគោលការណ៍ពីសម្ដេចប្រមុខរាជរដ្ឋាភិបាល សុំអនុញ្ញាតរៀបចំច្បាប់នេះជាថ្មី និងស្នើសុំអនុញ្ញាតដើម្បីកោះប្រជុំមន្រ្តីក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមរៀបចំសេចក្ដីច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មីនេះ ហើយសម្ដេចលោកក៏បានយល់ព្រមចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០»។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាសេចក្ដីព្រាងច្បាប់នេះ គឺក្រុមការងារនៃអគ្គនាយកដ្ឋានជំនាញ និងក្រុមអ្នកច្បាប់ក្រសួងមហាផ្ទៃបានសិក្សាមួយជំហ៊ានរួចមកហើយ ប៉ុន្តែសម្ដេចសង្កត់ធ្ងន់ចាំបាច់ត្រូវមានធាតុចូលបន្ថែមទៀតពីក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីធានាថាច្បាប់នេះមានភាពគ្រប់ជ្រុងជ្រោយ មានសត្យានុម័តសម្រាប់ការអនុវត្តបំរើផលប្រយោជន៍ជាតិ។
នៅក្នុងឱកាសនោះដែរ សម្ដេចបានមានប្រសាសន៍ទៅកាន់អង្គប្រជុំទៀតថា«កន្លងមក ទោះបីច្បាប់ស្ដីអន្តោប្រវេសន៍ចាស់ មានភាពចន្លោះប្រហោងខ្លះ ប៉ុន្តែយើងបានអនុវត្តដោយជោគជ័យ ដោយខិតខំដោះស្រាយតាមសភាពការណ៍ជាក់ស្ដែង ហើយជោគជ័យនេះខ្ញុំចង់និយាយថាយើងគ្រប់គ្រងបានម៉ត់ចត់នូវជនបរទេសទាំងឡាយ ទោះបីប្រភេទណាក៏ដោយ ដែលចេញចូលរស់នៅប្រទេសកម្ពុជា»។
សម្ដេចក្រឡាហោមបានចាត់ទុកភាពជោគជ័យនេះថារឿងសំខាន់មួយ ពីព្រោះទោះបីជាមានអ្នកខ្លះយល់យ៉ាងដូចម្ដេចក៏ដោយ ប៉ុន្តែសម្រាប់សម្ដេច«ក្នុងឋានៈយើងជាអ្នកធ្វើ អ្នកទទួលខុសត្រូវ យើងឃើញថាយើងបានធ្វើការងារនេះប្រកបដោយការទទួលខុសត្រូវចំពោះជាតិ ចំពោះប្រជាពលរដ្ឋរបស់យើង»។
សម្ដេចបន្តថាតាមរយៈការអនុវត្តច្បាប់ចាស់កន្លងមកនេះ យើងក៏បានបន្តពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមចំណែកកៀងគរប្រមែលប្រមូលការវិនិយោគ និងចំណូលចូលថវិកាជាតិជាបន្តបន្ទាប់ តាមរយៈការបង់ថ្លៃវីសាចូលកម្ពុជា ឬការពន្យាវីសាស្នាក់នៅបន្តនៅកម្ពុជាជាដើម។
សម្ដេចបានបន្ថែមថា«យើងក៏បានចុះត្រួតពិនិត្យអំពីពលករបរទេសដែលចូលមកកម្ពុជា ដើម្បីរកឱ្យឃើញពីភាពត្រឹមត្រូវ ឬមិនត្រឹមត្រូវ ហើយយើងក៏បានផាកពិន័យដល់ពលករដែលមិនត្រឹមត្រូវ ដោយបានថវិកាមួយចំនួនចូលថវិការដ្ឋផងដែរ»។
ដោយឡែកភាពចន្លោះប្រហោងនៃច្បាប់អន្តោប្រវេសន៍ចាស់ ត្រូវបានសម្ដេចកត់សំគាល់ថាមានដូចជាភាពមិនច្បាស់លាស់នៃការកំណត់ប្រភេទជនបរទេស, ភាពខ្វះចន្លោះនៃយន្តការបង្កើតទីកន្លែង និងឃុំជនបរទេសមុនពេលបណ្ដេញចេញ, ភាពខ្វះចន្លោះនៃការចែងអំពីការគ្រប់គ្រងជនបរទេស, ការចងកាតព្វកិច្ចរាយការណ៍វត្តមានជនបរទេស និងបញ្ហាប្រឈពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងស្ថាប័ន។
បន្ថែមពីនេះ ការប្រែប្រួលរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលដែនដី និងការប្រែប្រួលរចនាសម្ព័ន្ធគ្រប់គ្រងក្រសួងមហាផ្ទៃ ក៏ជាផ្នែកមួយនៃការតម្រូវឱ្យរៀបចំកែសម្រួលឡើងវិញសម្រាប់ការបង្កើតច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មីនេះដែរ។ ទន្ទឹមនឹងនេះ ការកំណត់អំពីកម្រិតទោសទណ្ឌនៃការប្រព្រឹត្តល្មើសនឹងច្បាប់នេះក៏ត្រូវតែកែសម្រួល ដើម្បីឱ្យត្រូវនឹងស្ថានភាពបច្ចប្បន្នដែរ។
បន្ទាប់ពីបានអញ្ជើញមានប្រសាសន៍បើកិច្ចប្រជុំ ដោយគូសបញ្ជាក់អំពីមូលហេតុសំខាន់ៗនៃការឈានទៅរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ជាថ្មី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញដឹកនាំអង្គប្រជុំពិនិត្យ និងពិភាក្សាលម្អិតបន្ថែមទៀត ទៅលើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ដ៏មានសារៈសំខាន់នេះ៕