ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំជាន់ខ្ពស់រវាងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ស្ដីពី កម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្តរប្រវេសន៍ដែលវិលត្រឡប់ក្នុងស្ថានភាពជំងឺកូវីដ-១៩ និងផលប៉ះពាល់

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាន់ខ្ពស់រវាងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ស្ដីពីកម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្តរប្រវេសន៍ដែលវិលត្រឡប់ក្នុងស្ថានភាពជំងឺកូវីដ១៩ និងផលប៉ះពាល់ នៅទីស្ដីការក្រសួងមហាផ្ទៃ។ 

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាកិច្ចប្រជុំនេះបានរៀបចំឡើងក្នុងបរិការណ៍ដែលពិភពលោកកំពុងជួបវិបត្តិសង្គម និងសេដ្ឋកិច្ច បង្កឡើងដោយជំងឺកូវីដ១៩ ហើយថាដើម្បីប្រយុទ្ធ និងដោះស្រាយផលប៉ះពាល់បណ្ដលមកពីវិបត្តិនេះ រាជរដ្ឋាភិបាល បានបង្កើតយន្តការ និងដាក់ចេញវិធានការជាបន្តបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃនេះរាជរដ្ឋាភិបាលបានបន្តកិច្ចប្រជុំក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ដើម្បីរួមគ្នាជួយពលរដ្ឋជាជនទេសន្តរប្រវេសន៍ក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ១៩។ 

សម្ដេចបានមានប្រសាសន៍សន្និដ្ឋានថាមកដល់ពេលនេះប្រទេសកម្ពុជាអាចគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានល្អប្រសើរ ដោយបានធ្វើឱ្យផលិតកម្មកសិកម្មងើបឡើងវិញ និងសកម្មភាពសេដ្ឋកិច្ចនានាមានសកម្មភាពឡើងវិញ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ឈរលើមូលដ្ឋានអនាម័យ និងវិធានការការពារការរីករាលដាលជំងឺកូវីដ១៩គ្រប់ទីកន្លែង។ សម្ដេចបានចាត់ទុកលទ្ធផលនេះថាជាស្នាដៃកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ និងការចូលរួមគាំទ្រពីក្រសួងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋ បណ្ដាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ក្នុងនោះក៏មានភ្នាក់ងារអង្គការសហប្រជាតិដែរ។ 

សម្ដេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិ ដែលបានអនុម័តគម្រោងថវិកាចំនួន១លានដុល្លារអាមេរិក ដើម្បីអនុវត្តកម្មវិធីរួមគ្នាមួយរវាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាល ក្នុងគោលបំណងជួយការពារពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍ និងការពារការចម្លងជំងឺដល់សហគមន៍។ សម្ដេចសង្ឃឹមថាភាគីទាំងពីរនឹងចូលរួមមតិយោបល់ល្អៗដើម្បីជួយឱ្យការអនុវត្តគម្រោងនេះទទួលបានលទ្ធផលល្អ។ 

គួរកត់សំគាល់ថាក្នុងរយៈពេលជាង៣ខែ ដែលប្រទេសថៃបិទព្រំដែនជាមួយកម្ពុជា មានប្រជាពលរដ្ឋជាពលករទេសន្តរប្រវេសន៍ បានវិលត្រឡប់ប្រមាណជាជាង១០ម៉ឺននាក់ ក្នុងនោះស្ត្រីប្រមាណ៥០ភាគរយ និងកុមារ៣ភាគរយ។ នេះបើតាមរបាយការណ៍របស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលបានថ្លែងជូនសម្ដេច និងអង្គប្រជុំ។ 

នាឱកាសនោះដែរ លោកស្រី ផូលីន ថាម៉េស៊ីស ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងមហាផ្ទៃ សម្រាប់ការប្ដេជ្ញាចិត្ត និងការដឹកនាំក្នុងការឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ជនទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍ ក្នុងនាមជាក្រុមងាយរងគ្រោះមួយដ៏សំខាន់ ដែលរងផលប៉ះពាល់ពីការរាត្បាតនៃជំងឺកូវីដ១៩។  

ក្នុងនាមតំណាងអង្គការសហប្រជាជាតិ លោកស្រី រួមទាំងបណ្ដាតំណាងអង្គការអន្តរជាតិនានារបស់អង្គការសហប្រជាជាតិ បានបង្ហាញការពេញចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រួលការលំបាករបស់ពលរដ្ឋជាពលករទេសន្តរប្រវេសន៍ និងពលរដ្ឋងាយរងគ្រោះផ្សេងៗទៀត។ 

អញ្ជើញមានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបញ្ជាក់ថា ឆ្លងតាមស្មារតីនៃកិច្ចប្រជុំកន្លងមកជាមួយតំណាងភ្នាក់ងារអង្គការសហប្រជាជាតិ កញ្ចប់ជំនួយថវិកា១លានដុល្លាររបស់អង្គការសហប្រជាជាតិនាពេលនេះ នឹងត្រូវប្រើប្រាស់ដោយផ្អែកលើយន្តការរាជរដ្ឋាភិបាលដែលមានស្រាប់។  

ឯកឧត្តមបន្តថា ជំនួយនេះនឹងផ្ដោតលើបណ្ដាក្រុងស្រុកមួយចំនួននៃខេត្តបាត់ដំបង សៀមរាប និងបន្ទាយមានជ័យ តាមរយៈការពង្រឹងសមត្ថភាពនៅតាមមណ្ឌលចត្តាឡីស័ក ការជួយផ្ដល់ព័ត៌មានដល់ពលរដ្ឋជាពលករទេសន្តរប្រវេសន៍ ការពង្រឹងការព្យាបាលផ្នែកចិត្តសាស្ត្រ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការផ្ដល់កញ្ចប់ជំនួយធ្វើសមាហរណកម្មសេដ្ឋកិច្ចដល់ពលរដ្ឋជាពលករទេសន្តរប្រវេសន៍នៅតាមមូលដ្ឋាន។ 

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីបានសម្ដែងការគាំទ្រចំពោះផែនការសកម្មភាពនេះ និងបានស្នើឱ្យស្ថាប័នពាក់ព័ន្ធចូលរួមគាំទ្រឱ្យបានល្អ។ សម្ដេចក៏បានស្នើឱ្យក្រុមការងារបច្ចេកទេសជាន់ខ្ពស់រវាងក្រសួងស្ថាប័នពាក់ព័ន្ធ បន្តកិច្ចសហការឱ្យបានជិតស្និតជាមួយភ្នាក់ងារតំណាងអង្គការសហប្រជាតិ និងត្រូវប្រជុំឱ្យបានទៀងទាត់ដើម្បីតាមដានការអនុវត្តគម្រោងនេះ។ 

សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការជាតិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងបានបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដោយបានបែងចែកក្រុមការងារប្រតិបត្តិការចំនួនពីរដើម្បីទប់ទល់នឹងវិបត្តិជំងឺឆ្លងសាកលនេះ គឺទី១ ក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់ និងទី២ ក្រុមការងារប្រតិបត្តិការអប់រំបណ្ដុះបណ្ដាល និងអប់រំសាធារណៈ។  

ក្នុងស្ថានភាពប្រឈមនេះ រាជរដ្ឋាភិបាលក៏បានបង្កើតក្រុមការងារចំពោះកិច្ចចំនួន៤ទៀត រួមមាន១ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងការផ្គត់ផ្គង់ និងថ្លៃទំនិញយុទ្ធសាស្ត្រ, ក្រុមការងារចំពោះកិច្ចគ្រប់គ្រងយន្តការជំនួយសង្គម, ក្រុមការងារចំពោះកិច្ចរៀបចំគោលនយោបាយថវិកា និងជំនួយសង្គម, ក្រុមការងារបចច្ចេកទេសចម្រុះចំពោះកិច្ចដើម្បីគ្រប់គ្រងរៀបចំដាក់ចេញនូកញ្ចប់ថវិកាខាងរូបិយវត្ថុ និងធនាគារ ដើម្បីគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ១៩៕ 


 

អត្ថបទដែលជាប់ទាក់ទង