សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០២០
នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ ។
ជាកិច្ចចាប់ផ្ដើម លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ គ.ស.ច.គ បានរាយការណ៍ជូនសម្ដេច និងអង្គប្រជុំ អំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ និងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក្នុងរយៈពេល១ឆមាសឆ្នាំ២០២០ ក្នុងនោះបានត្រួតពិនិត្យយានយន្តជិត១លានគ្រឿង មានម៉ូតជាង៦០ភាគរយ និងបានពិនិត្យរកឃើញយានយន្តល្មើសបានជាង២៣ម៉ឺនគ្រឿង ។ ដោយឡែករយៈពេល២ខែ ពីខែឧសភា ដល់ខែមិថុនា បានពិន័យយានយន្ត៨ម៉ឺន៣ពាន់ករណី ក្នុងនោះម៉ូតូជាង៦ម៉ឺនករណី និងបានអនុវត្តការបង់ប្រាក់ពិន័យបានជាង ១២ប៊ីលានរៀល ក្នុងនោះមិនទាន់បង់ប្រាក់ពិន័យមាន២០ភាគរយ ។
លោកជំទាវបានបន្តថានៅក្នុងរយៈពេល៦ខែនេះដែរ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ១៦១៩លើក ស្លាប់៨១៦នាក់ របួស២៤៤៩នាក់ ភាគច្រើនកើតឡើងនៅភ្នំពេញ កំពង់ធំ និងខេត្តកណ្ដាល ។ មូលហេតុបង្កឱ្យមានគ្រោះថ្នាក់ គឺការបើកបរល្មើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ វ៉ាជែង បត់ ស្រវឹង កត្តាយានយន្ត និងកត្តារួមផ្សុំមួយចំនួនទៀត ។ ជាការកត់សំគាល់ បើធៀបនឹងឆ្នាំ២០១៩ គ្រោះថ្នាក់នេះបានថយចុះ៥៥២លើកស្មើនឹង២៥ភាគរយ អ្នកស្លាប់បានថយចុះ១៧២នាក់ស្មើនឹង១៧ភាគរយ និងអ្នករងរបួសបានថយចុះ៧៧៨នាក់ ស្មើនឹង២៤ភាគរយ ។ អ្នកស្លាប់ភាគច្រើន គឺជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ពិសេសគឺនៅពេលយប់ ។
លោកជំទាវអគ្គលេខាធិការក៏បានឱ្យដឹងដែរថាក្នុងរយៈពេល១ឆមាសឆ្នាំ២០២០នេះដែរ ការត្រួតពិនិត្យអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព បានបង្ខំឱ្យរកមួកមកពាក់ ហើយពិន័យបាន៨២ភាគរយនៃចំនួនល្មើសសរុប ហើយមន្រ្តីអនុវត្តច្បាប់ បានអនុវត្តវិធានការល្បាតត្រួតពិនិត្យតាមផ្លូវជាតិសំខាន់ៗ ដោយរកឃើញយានយន្តល្មើសជាង២ម៉ឺនគ្រឿង ក្នុងនោះរថយន្តធន់ធ្ងន់ជាង៣០ភាគរយ បានត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរ និងចាត់ការតាមច្បាប់បានជាង៤ពាន់នាក់ ព្រមទាំងបានត្រួតពិនិត្យយានយន្តកែច្នៃលក្ខណៈខុសបច្ចេកទេសមួយចំនួនទៀត យានយន្តចេញពីគោលដៅកំពង់ផែ និងបានបង្កើនការផ្សព្វផ្សាយអប់រំយ៉ាងសកម្ម ។
នាឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានឡើងថ្លែងគូសបញ្ជាក់ជូនសម្ដេច និងអង្គប្រជុំថាលទ្ធផលសំខាន់ៗដែលត្រូវបានកត់សំគាល់នារយៈពេលកន្លះឆ្នាំមកនេះ គឺអត្រាតួលេខបានបង្ហាញថាគ្រោះថ្នាក់ចរាចរណ៍បានថយចុះ បានកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួស ហើយលទ្ធផលចេញពីការពង្រឹងការអនុវត្តច្បាប់នេះ បានធ្វើឱ្យអ្នកធ្វើដំណើរផ្លាស់ប្ដូរឥរិយាបទមកគោរពច្បាប់បានច្រើនជាងមុន ធ្វើឱ្យចរាចរណ៍មានសណ្ដាប់ធ្នាប់ និងមើលទៅគួរយមានកត្តិយស ។
ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត បានបន្តថាការថយចុះគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញ គឺដោយសារកត្តានៃការដឹកនាំត្រួតពិនិត្យជាប្រចាំតាមគោលដៅ ការរៀបចំគោលដៅសមស្រប ការកំណត់ពេលវេលាចំសំដៅពិសេសពេលយប់ និងការកំណត់គោលដៅភូមិសាស្ត្រ ពិសេសផ្លូវនៅតាមជាយក្រុង ។ ឯកឧត្តមក៏បានលើកសំណូមពរមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាកើតចេញពីកន្លែងកែច្នៃយានយន្ត និងការប្រើប្រាស់យានយន្តខុសច្បាប់ ការផ្សព្វផ្សាយ និងប្រតិកម្មរហ័ស និងកិច្ចការមួយចំនួនទៀតដើម្បីគាំទ្រដល់ការបន្តដឹកនាំការងារអនុវត្តច្បាប់របស់នគរបាលចរាចរណ៍ និងកម្លាំងពាក់ព័ន្ធ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តឡើងជម្រាបជូនសម្ដេច និងអង្គប្រជុំអំពីវឌ្ឍនភាពការងារពាក់ព័ន្ថនឹងចរាចរណ៍ ថានៅប៉ុន្មានខែចុងក្រោយនេះ ក្រសួង និងភាគីពាក់ព័ន្ធ បានចុះពិនិត្យ ទីតាំងត្រូវបំពាក់កាមេរ៉ាសុវត្ថិភាព និងពិនិត្យល្បឿន ទីតាំងគ្រោងសាងសង់ស្ពានអាកាសមួយចំនួននៅកំណាត់ផ្លូវជាតិលេខ៣ និងបានចុះពិនិត្យត្រៀមពង្រីកផ្លូវជុំវិញរង្វង់មូលស្វាយអន្ទរខេត្តព្រៃវែង ។ ក្រសួងក៏បានរៀបចំវគ្គបង្រៀនបើកបររថយន្តធុនធ្ងន់ និងបានធ្វើឱ្យមានវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការប្រឡងយកបណ្ណបើកបរ ក្នុងនោះក៏មានដែរការត្រៀមចេញប័ណ្ណបើកបរអន្តរជាតិ ។
ឯកឧត្តមបានបន្តថាក្រសួង ក៏គ្រោងរៀបចំទីតាំងផ្ដូរប័ណ្ណបើកបរយានយន្តនៅផ្សារទំនើបពីរកន្លែងទៀតដែរ នឹងត្រៀមភ្ជាប់ទិន្នន័យជាមួយពន្ធដារដើម្បីបង្កភាពងាយស្រួលសម្រាប់ការបំពេញបែបបទជូនម្ចាស់យានយន្តដែលស្នើសុំកាត់ឈ្មោះ ។ ឯកឧត្តមក៏បានលើកឡើងពីដំណោះស្រាយនៃការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថភ្លើង ហើយពាក់ព័ន្ធនឹងខ្សែរថភ្លើងទៅមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រសួងគ្រោងស្នើសុំការបិទមួយរយៈ ដោយសារមិនមានអ្នកជិះ និងដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ ។
ពាក់ព័ន្ធនឹងសំណូមពររបស់ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អំពីបញ្ហាយានយន្តកែច្នៃ ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថាក្រសួងទទួលយកសំណូមពរនេះ ដើម្បីពិនិត្យលទ្ធភាពឈានទៅដល់ផ្ដល់បណ្ណសំគាល់សម្រាប់រថយន្តការច្នៃដឹកកសិផល និងបានឯកភាពក្នុងការស្រាវជ្រាវបន្ថែមទៀត ដើម្បីបន្តឈានទៅបិទយានដ្ឋានកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ។ ជាមួយគ្នានេះឯកឧត្តមក៏បានសំណូមពរឱ្យមានការចូលរួមផុលផុសក្នុងការបណ្ដុះបណ្ដាល និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយ ។
បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លុវគោក សម្ដេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាពលរដ្ឋប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ដែលក្នុងរយៈពេល៦ខែមកនេះ និងជាពិសេសរយៈពេល២ខែចុងក្រោយនៃការរឹតបន្តឹងការអនុវត្តច្បាប់ ពលរដ្ឋបានចូលរួមគាំទ្រយ៉ាងសកម្ម មានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ ដោយប្រកាន់ខ្ជាប់នូវច្បាប់ ទោះបីជាមិនបាន១០០ភាគរយក៏ដោយ ។
សម្ដេចក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានធ្វើការងារយ៉ាងសកម្ម និងមានកិច្ចសហការរវាងក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលការងារនេះគឺជាបទពិសោធន៍យ៉ាងល្អ ដោយមិនអាចក្រសួងណាមួយមានៈរៀងខ្លួន ឬយកមុខយកមាត់រៀងខ្លួននោះទេ ប៉ុន្តែនេះគឺជាការរួមគ្នាបេសកកម្មដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ។
សម្ដេចក្រឡាហោមក៏បានថ្លែងកោតសរសើរ និងអរគុណចំពោះគណៈកម្មការចរាចរណ៍ទទួលបន្ទុកចរាចរណ៍រាជធានីខេត្ត ស្នងការ អធិការដ្ឋានទាំងអស់ ដែលបានខិតខំធ្វើការងារនេះដោយមិនខ្លាចនឿយហត់ ព្រមទាំងអ្នកចូលរួមផ្សេងទៀត ដូចជាប្រព័ន្ធផ្សព្វផ្សាយ វិស័យឯកជនជាដើម និងសង្គមស៊ិវិល ដែលបានធ្វើសកម្មភាពយ៉ាងផុលផុស ជាទីសង្ឃឹមសម្រាប់អនាគតនៃការកសាងសង្គមជាតិ ឈានទៅរកភាពស៊ីវិល័យ ។
សម្ដេចបានមានប្រសាន៍ទៀតថាជាការពិតហើយ នៅពេលដែលយើងដាក់ចេញនូវគោលការណ៍យកឆ្នាំ២០២០ជាឆ្នាំអនុវត្តច្បាប់ មានមតិប្រតិកម្មគាំទ្រផង និងមិនគាំទ្រផង ប៉ុន្តែសម្ដេចបានចាត់ទុកមតិយោបល់ទាំងពីរនេះ ថារឿងធម្មតានៅសង្គមប្រជាធិបតេយ្យ ដែលមានសម្លេងចម្រុះ និងការយល់ឃើញផ្សេងៗគ្នា ។ ជាក់ស្ដែងមានការលើកឡើងថាប្រជាពលរដ្ឋកំពុងជួបការលំបាកដោយសារបញ្ហាកូវីដ១៩ ហើយថាការដែលយកច្បាប់ចរាចរណ៍មកអនុវត្តនេះ គឺជាការសង្កត់ពីលើភាពលំបាករបស់ពលរដ្ឋ ឬថាជាការធ្វើដើម្បីឱ្យនគរបាល ឬកម្លាំងអនុវត្តច្បាប់ប្រមូលលុយកាក់ជាដើម។ សម្ដេចបានមានប្រសាសន៍ថាបញ្ហាកូវីដនេះ រាជរដ្ឋាភិបាលមិនទាន់ឱ្យពលរដ្ឋណាម្នាក់ស្លាប់នៅឡើយទេ ប៉ុន្តែបញ្ហាចរាចរណ៍វាបានបង្កឱ្យពលរដ្ឋស្លាប់យើង និងរងរបួសរៀងរាល់ថ្ងៃ។
សម្ដេចបានគូសបញ្ជាក់ថាយើងនៅតែបន្តធ្វើការងារនេះទៀត ព្រោះយើងធ្វើដើម្បីសេចក្ដីសុខ និងសុវត្ថិភាពពលរដ្ឋ ពោលគឺបើសិនជាពួកគាត់គោរពច្បាប់ គឺកាត់បន្ថយគ្រោះថ្នាក់ ការបង់ប្រាក់ផាកពិន័យអ្វីក៏គ្មានដែរ។ ប៉ុន្តែប្រសិនបើយើងបណ្ដោយវិញនោះ គឺមានន័យថាយើងបន្តឈរមើលពលរដ្ឋយើងស្លាប់ និងរងរបួស ធ្វើឱ្យសង្គមយើងមានភាពអាណាធិបតេយ្យ ប៉ះពាល់ដល់កិត្តយសមុខមាត់ប្រទេសជាតិ ។ ដូច្នេះសម្ដេចបានសង្កត់ធ្ងន់ថា«យើងមិនខ្លាចនឹងធ្វើការងារនេះទេ»។
សម្ដេចបានបន្តថាអ្នកខ្លះបានលើកឡើងថាមួកសុវត្ថិភាពមិនសំខាន់ទេជាដើម ។ សម្ដេចទទួលស្គាល់ថាមានតែមួកមួយមុខពិតជាមិនអាចដោះស្រាយបញ្ហាចរាចរណ៍បានមែន ប៉ុន្តែមួកនេះជាឧបករណ៍ ជាមធ្យោបាយមួយនៃការទប់ស្កាត់គ្រោះថ្នាក់។ សម្ដេចបានបន្តថា៦ខែដើមឆ្នាំ២០២០នេះ បើធៀបនឹង២០១៩ គឺចំនួនគ្រោះថ្នាក់ចរាចរណ៍មានគម្លាតខុសគ្នាឆ្ងាយណាស់។ ៦ខែឆ្នាំទៅមានអ្នកស្លាប់ជាមធ្យមជាង៦នាក់ក្នុងមួយថ្ងៃ ប៉ុន្តែ៦ខែឆ្នាំ២០២០មានអ្នកស្លាប់តែជាង៥នាក់ទេ។
សម្ដេចបានមានប្រសាសន៍ថាការអនុវត្តច្បាប់ចរាចរណ៍នេះ នឹងមិនអាចដកថយឡើយ ពីព្រោះនេះជាវិធីតែមួយគត់ដើម្បីកែប្រែឥរិយាបទអ្នកបើកបរដែលមិនគោរពច្បាប់ ដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ អ្នកស្លាប់ និងរងរបួស។ សម្ដេចបានបន្ថែមថា«ជាគោលដៅរបស់យើងគឺខិតខំធ្វើម៉េចអប់រំសង្គមរបស់យើងឱ្យអ្នកទាំងអស់គ្នាគោរពច្បាប់ជារួម និងដោយឡែកគឺច្បាប់ចរាចរណ៍ ទើបយើងអាចរួមចំណែកកសាងសង្គមយើងឱ្យមានភាពស៊ីវិល័យបាន»។
សម្ដេចក៏បានមានប្រសាសន៍អំពីការសិក្សាឈានទៅធ្វើវិសោធនកម្មច្បាប់ចរាចរណ៍។ សម្ដេចបានប្រកាសគាំទ្រការងារនេះ ប៉ុន្តែបានស្នើឱ្យគិតគូរអំពីការកសាងផែនការយុទ្ធសាស្ត្រ១០ឆ្នាំ (២០២១ ២០៣០) ដោយត្រូវគិតគូរឱ្យបានវែងឆ្ងាយពីស្ថានភាពចរាចរណ៍នៅកម្ពុជា ហើយរៀបចំវិសោធនកម្មច្បាប់នេះឱ្យស៊ីគ្នានឹងផែនការយុទ្ធសាស្ត្រនោះ ទើបធ្វើឱ្យការអនុវត្តមានភាពរលូន។ សម្ដេចក៏បានស្នើឱ្យមានការសហការចូលរួមពីភាគីពាក់ព័ន្ធឱ្យបានផុលផុស។
នៅក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម បានថ្លែងលើកទឹកចិត្តកម្លាំងនគរបាល កម្លាំងអាវុធហត្ថ បន្តខិតខំបំពេញតួនាទីឱ្យបានល្អជាបន្តទៀតនៅក្នុងយុទ្ធនាការរយៈពេល៦ខែទៀតនៃឆ្នាំ២០២០នេះ។ ពាក់ព័ន្ធនឹងថវិកាដែលទទួលបានពីចំណែកនៃប្រាក់ផាកពិន័យអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សម្ដេចបានណែនាំឱ្យបែងចែកថវិកានោះប្រកបដោយតម្លាភាពដើម្បីផ្ដល់ការលើកទឹកចិត្តដល់មន្រ្តីតាមច្បាប់កំណត់ ។
មុននឹងបញ្ចប់សម្ដេចក្រឡាហោមបានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ កងកម្លាំងអ្នកអនុវត្តច្បាប់ ភាគីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នឹងបន្តចូលរួមគាំទ្រ និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយអ្នកស្លាប់ និងរងបួសដោយ រួមចំណែកធ្វើឱ្យសង្គមជាតិយើងឈានឆ្ពោះទៅរកភាពស៊ីវិល័យ ៕