សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម
នៅរសៀលថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម បណ្ឌិត Park Heung Kyeong ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។
ជាកិច្ចស្វាគមន៍ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីរីករាយ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលបានរីកចំរើនយ៉ាងឆាប់រហ័សរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បើទោះបីជាចំណងការទូតនៃប្រទេសទាំងពីរ បានចាប់ផ្ដើមនៅក្នុងរយៈពេលមួយមិនទាន់យូរប៉ុន្មានក៏ដោយ។
នៅក្នុងឱកាសនោះដែរ សម្ដេចក៏បានថ្លែងកោតសរសើររដ្ឋាភិបាលសាធារណរដ្ឋកូរ៉េដែលបានដោះស្រាយប្រកបដោយប្រសិទ្ធភាពក្នុងបញ្ហាជំងឺកូវីដ១៩ និងបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភគាំទ្រ ក្នុងការផ្លាស់ប្ដូរទំនាក់ទំនងដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់ ពិសេសការងារស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ។
សម្ដេចបានបង្ហាញការកត់សំគាល់ថា ទំនាក់ទំនងលើវិស័យស្ថិតក្រោមក្រសួងមហាផ្ទៃ ជាមួយភាគីកូរ៉េមានការវិវត្តន៍រីកចំរើនជាបន្តបន្ទាប់ និងថាកាលពីពេលសម្ដេចអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េកាលពីចុងខែឧសភាឆ្នាំ២០១៩ សម្ដេចសង្ឃឹមថាទស្សនកិច្ចនាពេលនោះ នឹងបន្តរួមចំណែកដល់ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត។
ជាការឆ្លើយតបឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណ និងជម្រាបជូនសម្ដេចក្រឡាហោមថាទោះបីជាកម្ពុជា និងសាធារណរដ្ឋកូរ៉េ កំពុងយកចិត្តទុកដាក់លើការងារប្រឆាំងជំងឺកូវីដ១៩ដូចគ្នានឹងបណ្ដាប្រទេសនានាលើពិភពលោក ប៉ុន្តែទំនាក់ទំនងរបស់ប្រទេសទាំងពីរនៅតែបន្តមានវឌ្ឍនភាពទៅមុខជាបន្តបន្ទាប់។
ឯកឧត្តមបានមានប្រសាសន៍ថាជាក់ស្ដែងដំណើរការជើងហោះហើររវាងប្រទេសទាំងពីរនៅតែបន្តមាននៅក្នុងស្ថានភាពកូវីដ១៩ ដែលជាការបង្ហាញនូវកិច្ចសហប្រតិបត្តិការដ៏ល្អមួយ។ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចក្រឡាហោមអំពីស្ថានភាព និងការចាត់វិធានការរបស់រដ្ឋបាលកូរ៉េដែលមកដល់ពេលនេះបានបន្ធូរបន្ថយនូវលក្ខខណ្ឌមួយចំនួន ប៉ុន្តែនៅតែបន្តផ្ដោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងជំងឺកូវីដ១៩នៅឡើយ។
ឯកឧត្តមក៏បានឯកភាពចំពោះការការលើកឡើងរបស់សម្ដេចដែលបានមានប្រសាសន៍ថាទោះបីទំនាក់ទំនងការទូតប្រទេសទាំងពីរទើបតែបានចាប់ផ្ដើមនៅឆ្នាំ១៩៩៧ ប៉ុន្តែទាំងទំនាក់ទំនងការទូត ទំនាក់ទំនងពាណិជ្ជកម្មសណ ព្រមទាំងការផ្លាស់ប្ដូររវាងប្រជាជនប្រទេសទាំងពីរពិតជាមានការរីកចំរើនគួរឱ្យកត់សំគាល់ជាពិសេសទំហំពាណិជ្ជកម្មប្រទេសទាំងពីរកាលពីឆ្នាំ២០១៩បានឈានដល់ជាង១ពាន់លានដុល្លារ។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េក៏បានជម្រាបជូនសម្ដេចអំពីការគាំទ្រដល់វិស័យសុខាភិបាល ជាពិសេសលើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រមទាំងការផ្ដល់សម្ភារៈ និងធនធានថវិកាមួយចំនួនជួយដល់អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា ក្នុការប្រយទ្ធប្រឆាំងនឹងជំងឺឆ្លងសាកលមួយនេះ។
ក្នុងជំនួបនោះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលជានិច្ចជាកាលតែងតែជួយគាំទ្រដល់ដំណើរការកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ ហើយឯកឧត្តមបានសំណូមពររាជរដ្ឋាភិបាលកម្ពុជា រួមទាំងសម្ដេចក្រឡាហោម សូមបន្តជួយគាំទ្រដល់កិច្ចការងារនេះតទៅទៀត។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអរគុណជាថ្មីម្ដងទៀតចំពោះការគាំទ្ររបស់សាធារណរដ្ឋកូរ៉េលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់កម្ពុជា ហើយថាសម្ដេចនឹងបន្តយកចិត្តទុកដាក់ពង្រឹង និងលើកទឹកចិត្តឱ្យមានការបង្កើនកិច្ចសហការរវាងកងកម្លាំងមានសមត្ថកិច្ចប្រទេសទាំងពីរកាន់តែជិតស្និតថែមទៀត។
សម្ដេចបានបន្តថាបច្ចុប្បន្ននេះកម្ពុជាក៏កំពុងខិតខំពង្រឹងការងារកំណែទម្រង់រដ្ឋបាលមូលដ្ឋាន ដែលសម្ដេចក៏សង្ឃឹមថាភាគីកូរ៉េ ពិសេសក្រសួងមហាផ្ទៃកូរ៉េ នឹងបន្តជួយកិច្ចការងារនេះទៀត ពីព្រោះតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចកាលពីឆ្នាំ២០១៩នោះ សម្ដេចបានលើកនូវសំណូមពរមួយចំនួនដល់ភាគីកូរ៉េក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពមន្រ្តីកម្ពុជាដែលធ្វើការងារពាក់ព័ន្ធនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ពាក់ព័ន្ធនឹងបញ្ហាឧបទ្វីបកូរ៉េ សម្ដេចក៏បានជម្រាបជូនអំពីជំហរកម្ពុជាដែលមានជាយូរមកហើយក្នុងការគាំទ្រដល់កិច្ចកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ ដោយសម្ដេចបានបន្ថែមថារាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចផ្ទាល់ នៅតែបន្តរក្សាជំហរគាំទ្រការកសាងសន្តិភាពនៅឧបទ្វីបកូរ៉េនេះទៀត។
មុននឹងបញ្ចប់ជំនួប សម្ដេចបានមានប្រសាសន៍ជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ សូមសមប្រកបដោយជោគជ័យក្នុងបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា និងបានបន្តថាសម្ដេចត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់កិច្ចសហការ គាំទ្រដល់សំណូមពរផ្សេងជូនដល់ស្ថានទូតកូរ៉េ នៅក្នុងអាណត្តិការងាររបស់ឯកឧត្តម៕