ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង បានអនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម

នារសៀលថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍សម្ដែងការស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅកម្ពុជាក្នុងនាមជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងបានបន្តថាទោះបីជាប្រទេសទាំងពីរ កម្ពុជា និងទីម័រខាងកើត ទើបតែបានបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាក្ដី ប៉ុន្តែភាគីទាំងពីរពិតជាមានឆន្ទះដ៏ល្អ និងរឹងមាំក្នុងការកសាងទំនាក់ទំនងទ្វេភាគីនេះឱ្យកាន់តែរីកចំរើន ជាក់ស្ដែងវត្តមានរបស់ឯកឧត្តមនឹងពិតជារួមចំណែកដល់ការពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។

ជាការឆ្លើយតបឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រខាងកើត បានសម្ដែងនូវការអរគុណ និងអបអរសាទរជូនចំពោះសម្ដេចក្រឡាហោម ដែលក្នុងនាមជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងជាអ្នកដឹកនាំផ្ទាល់ក្នុងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្ដេចបានធ្វើឱ្យមានវឌ្ឍនភាពក្នុងការងារកំណែទម្រង់នេះ តាមរយៈការសម្រេចបានសមិទ្ធផលធំៗជាបន្តបន្ទាប់។ ឯកឧត្តមក៏បានអបអរជូនសម្ដេច ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបទទួលបានពានរង្វាន់អន្តរជាតិសំខាន់ៗក្នុងកិច្ចរួមចំណែកដល់ការអភិវឌ្ឍ និងការលើកកម្ពស់សេរីភាពមនុស្សជាតិ។

ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានជម្រាបជូនសម្ដេចដែរថាប្រទេសកម្ពុជា និងប្រទេសទីម័រខាងកើត បានឆ្លងកាត់នូវប្រវត្តិសាស្ត្រហាក់ប្រហែលគ្នា ជាប្រទេសឆ្លងកាត់សង្គ្រាមយ៉ាងជូរចត់ និងបានសម្ដែងការកោតសរសើរប្រទេសកម្ពុជា ដែលបានសម្រេចនូវវឌ្ឍនភាពលើវិស័យសេដ្ឋកិច្ចជាបន្តបន្ទាបល ក្រោយពីបានបញ្ចប់សង្គ្រាមកន្លងមកនេះ។

ឯកឧត្តមចាត់ទុកកម្ពុជាជាប្រទេសគម្រូមួយ ហើយសង្ឃឹមថាក្នុងអាណត្តិការងារនេះ ឯកឧត្តមនឹងខិតខំសហការជាមួយភាគីពាក់ព័ន្ធ រួមទាំងក្រសួងមហាផ្ទៃ ក្នុងការរៀនសូត្រនូវបទពិសោធន៍ផ្សេងៗពីប្រទេសកម្ពុជា ដើម្បីកសាងការអភិវឌ្ឍរបស់ប្រទេសទីម័រតាមលំនាំគម្រូកម្ពុជា ដែលជាប្រទេសធ្លាប់ឆ្លងការលំបាកដូចគ្នាក្នុងប្រវត្តិសាស្ត្រ។

ឯកឧត្តមក៏បានថ្លែងអរគុណដល់កម្ពុជា ដែលបានបង្ហាញជំហរគាំទ្រដ៏រឹងមាំឱ្យប្រទេសទីម័រខាងកើតចូលជាសមាជិកសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន និងបានសម្ដែងសេចក្ដីសង្ឃឹមជឿជាក់ថានៅក្នុងអាណត្តិការងារនេះ ឯកឧត្តមនឹងខិតខំធ្វើយ៉ាងណាបង្កើនការផ្លាស់ប្ដូរបទពិសោធន៍ជាមួយថ្នាក់ដឹកនាំមូលដ្ឋាននៃប្រទេសទីម័រខាងកើត ដើម្បីបានសិក្សារៀនសូត្រពីបទពិសោធន៍កម្ពុជាក្នុងវិស័យកំណែទម្រង់រដ្ឋបាលសាធារណៈសម្រាប់ឈានទៅអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួននៅប្រទេសទីម័រខាងកើត។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រខាងកើត បានជម្រាបជូនសម្ដេចក្រឡាហោមថាប្រទេសទីម័រខាងកើត គឺជាប្រទេសមួយដែលសម្បូរទៅដោយធនធានធម្មជាតិ ដូចជាឧស្ម័ន និងប្រេងកាត ហើយឯកឧត្តមសូមស្នើ និងសំណូមពរដល់សម្ដេចជួយជំរុញ និងលើកទឹកចិត្តដល់អ្នកវិនិយោគពីកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើគម្រោងធំៗនៅប្រទេសទីម័រខាងកើត។

សម្ដេចក្រឡាហោម ស ខេង ឧបនានយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតអំពីការរីកចំរើនរបស់កម្ពុជា និងទៅលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចបង្ហាញការឯកភាពដែរ ដែលថាប្រទេសទាំងពីរមានប្រវត្តិសាស្ត្រប្រហាក់ប្រហែលគ្នា ពិសេសនៅក្នុងដំណើរការកសាងការឯកភាព និងការផ្សះផ្សាជាតិ។

សម្ដេចបានបន្តថាជាមួយនឹងវឌ្ឍនភាពដែលកម្ពុជាកំពុងតែមានដូចបច្ចុប្បន្ននេះ ក៏មានកិច្ចការមួយចំនួនទៀតដែរដែលរាជរដ្ឋាភិបាលកម្ពុជាខិតខំយកចិត្តទុកដាក់ ពិសេសការងារអភិវឌ្ឍន៍ធនធានមនុស្ស ដោយសារធនធានមនុស្សកម្ពុជាត្រូវបានបំផ្លិចបំផ្លាញនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលព។

សម្ដេចបង្ហាញគាំទ្រចំពោះការចែករំលែកបទពិសោធន៍ផ្សេងៗដែលកម្ពុជាទទួលបានការអភិវឌ្ឍន៍ ពិសេសការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិជូនដល់ភាគីទីម័រខាងកើត និងបានគាំទ្រការង្កើតឱ្យមានទីក្រុសម្ព័ន្ធភាពដើម្បីកិច្ចសហប្រតិបត្តិការលើវិស័យផ្លាស់ប្ដូរបទពិសោធន៍ការងាររដ្ឋបាលថ្នាក់ក្រោមជាតិនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ដោយឡែកពាក់ព័ន្ធនឹងការចលនាកៀងគរអ្នកវិនិយោគនៅកម្ពុជាទៅវិនិយោគនៅប្រទេសទីម័រខាងកើត សម្ដេចបានមានប្រសាសន៍ថានឹងខិតខំឱ្យអស់លទ្ធភាពក្នុងការជំរុញកិច្ចការងារនេះ។

មុននឹងបញ្ចប់សម្ដេចក៏បានថ្លែងជូនពរឯកឧត្តម និងសហការី និងជូនពរដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងទីម័រខាងកើត និងកម្ពុជាឱ្យកាន់តែរីកចំរើន និងរឹងមាំថែមទៀត ដើម្បីបំរើដល់ផលប្រយោជន៍ប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង