ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំផែនការសកម្មភាពប្រចាំឆ្នាំ២០២០របស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ

នៅព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពប្រចាំឆ្នាំ២០២០របស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក អគ្គស្នងការរង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

អញ្ជើញថ្លែងបើកកិច្ចប្រជុំ នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍អំពីដំណើរការប្រមូល និងដោះស្រាយបណ្ដឹងនានា ទាំងនៅថ្នាក់ក្រសួង នៅអង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ឬអង្គភាពកងកម្លាំងនគរបាលជាតិ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការងារគ្រប់គ្រង ឬចាត់ចែងនានា ដែលក្រសួងមានយន្តការពីរក្នុងការដោះស្រាយ គឺដោះស្រាយដោយអគ្គារធិការ ឬដោះស្រាយដោយមានកិច្ចសហការជាមួយអគ្គនាយកដ្ឋានដែលមានការពាក់ព័ន្ធ។

សម្ដេចបានបន្តគូសបញ្ជាក់អំពីការប្រមូលព័ត៌មានជុំវិញបណ្ដឹង ឬបញ្ហាផ្សេងពីប្រភពនានា។ សម្ដេចបានមានប្រសាសន៍ថាពេលនេះ យើងអាចប្រមូលព័ត៌មានបានមួយផ្នែកតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គម ហើយថាព័ត៌មានពីប្រភពទាំងនេះក៏មានខ្លះជាព័ត៌មានពិត ដែលយើងមិនត្រូវមើលរំលងឡើយ ជាក់ស្ដែងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្ដេច បានធ្វើឱ្យសម្ដេចទទួលព័ត៌មានជាច្រើនពីមហាជន តាមរយៈប្រអប់សារ និងប្រអប់បញ្ចេញមតិ ដែលត្រូវបានប្រមូលចងក្រងដោយក្រុមការងារហ្វេសប៊ុក។

សម្ដេចបានមានប្រសាសន៍ថាកន្លងមក បន្ទាប់ពីក្រុមការងារហ្វេសប៊ុកបានបញ្ជូនព័ត៌មានស្ដីអំពីបញ្ហាប្រឈម ឬភាពអសកម្មនានាមក សម្ដេចបានមានប្រសាសន៍ថា មានបញ្ហាខ្លះក៏ត្រូវបានដោះស្រាយ បន្តែខ្លះទៀតដែលសម្ដេចបានបញ្ជូនមកឱ្យអង្គភាពពាក់ព័ន្ធនោះ នៅមិនទាន់បានដោះស្រាយនៅឡើយទេ ដោយសារអាចមិនទាន់មានយន្តការជាក់លាក់។ ដូច្នេះសម្ដេចស្នើឱ្យមានក្រុមការងារច្បាស់លាស់មួយ ដើម្បីតាមដាន និងដោះស្រាយបញ្ហាដែលប្រមូលបាន និងបានណែនាំឱ្យអង្គភាពពាក់ព័ន្ធសហការគ្នាស្រង់ជាបញ្ជីបញ្ហា។

សម្ដេចក្រឡាហោមបានបន្តថា«ការប្រមូលរឿង គឺប្រកាន់គោលការណ៍ប្រមូលរឿងឱ្យអស់ ហើយត្រូវដោះស្រាយឱ្យអស់ ពោលគឺព័ត៌មានទាំងឡាយណាដែលពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ គឺយើងត្រូវខិតខំប្រមូលឱ្យអស់ ហើយដោះស្រាយឱ្យអស់ ទោះបីតាមប្រភពណាក៏ដោយ គឺមិនត្រូវទុកឱ្យរឿងទាំងនោះនៅសេសសល់ឡើយ»។ សម្ដេចបានបន្ថែមថាជាបឋម អង្គភាពនីមួយៗត្រូវគ្រប់គ្រងសភាពការណ៍ផ្ទាល់របស់ខ្លួន ដូចជាការរិះគន់ ឬការប្រតិកម្មនានា ដើម្បីមានវិធានការណ៍ដោះស្រាយឱ្យបានជាក់លាក់ និងទាន់ពេលវេលា។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពីការងារអធិការកិច្ច និងសវនកម្ម ដោយសម្ដេចបានណែនាំ និងស្នើឱ្យមន្រ្តីទាំងពីរក្រុមនេះប្រកាន់នូវយុត្តិធម៌ និងភាពមិនលម្អៀង ពីព្រោះសម្ដេចយល់ថាការស្រាវជ្រាវទាំងឡាយណាដែលមានភាពលម្អៀង នឹងមិនអាចរកយុត្តិធម៌ឃើញឡើយ ហើយបញ្ហាអយុត្តិធម៌នេះ គឺមិនអាចមើលស្រាលបានឡើយ ទោះក្នុងសង្គមណាក៏ដោយ។ ដូច្នេះមន្ត្រីទទួលបានប្រាក់ខែរដ្ឋ ឬអាចហៅថាបានប្រាក់ខែពីប្រជាជន ត្រូវប្រកាន់គោលការណ៍បំរើប្រជាជនប្រកបដោយស្មារតីទទួលខុសត្រូវ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ទើបអាចបញ្ចៀសភាពអសកម្ម ភាពមិនប្រក្រតី និងអយុត្តិធម៌បាន។

បន្ទាប់មក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ត្រីរាជការសុីវិល និងនគរបាលជាតិ ដែលជាសមាជិកនៃកិច្ចប្រជុំ បន្តការពិភាក្សាលម្អិតដើម្បីឆ្លងផែនការសកម្មភាពប្រចាំឆ្នាំ២០២០របស់អគ្គាធិការដ្ឋាន។ សម្ដេចបានបន្ថែមថាថ្វីដ្បិតការរៀបចំផែនការនេះមានភាពយ៉ឺតយ៉ាវខ្លះ ប៉ុន្តែវានឹងក្លាយជាមូលដ្ឋានសម្រាប់ការរៀបចំផែនការនាឆ្នាំបន្តបន្ទាប់ទៀត៕

អត្ថបទដែលជាប់ទាក់ទង