សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញប្រារព្ធពិធីបុណ្យគម្រប់ខួប៥ឆ្នាំ និងគម្រប់ខួប១១ឆ្នាំ ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល
នៅព្រឹកថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រារព្ធពិធីបុណ្យគម្រប់ខួប៥ឆ្នាំ និងគម្រប់ខួប១១ឆ្នាំ ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម។
កិច្ចប្រកបដោយកុសលផល្លាអានិសង្ឃដ៏ខ្ពង់ខ្ពស់នេះ បានប្រព្រឹត្តទៅនៅភូមិគ្រឹះសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការយាងនិមន្តពីសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ សម្ដេចព្រះមន្រ្តីសង្ឃគ្រប់ឋានុក្រម ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ៗជាច្រើនរូបទៀត។
បន្ទាប់ពីបញ្ចប់កិច្ចនមស្សការព្រះរតនត្រៃ និងសមាទានសីល សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្ត បានអញ្ជើញប្រគេនចង្ហាន់បិណ្ឌបាត្រ ទេយ្យទាន ព្រមទាំងគ្រឿងបរិក្ខារទាំងឡាយ ថ្វាយសម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះមន្ត្រីសង្ឃ ដែលជាស្រែបុណ្យដ៏ប្រសើរឧត្តុង្គឧត្តម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដួងវិញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម ព្រមទាំងបុព្វការីជន។
សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ធសភា បានទទួលមរណភាពកាលពីថ្ងៃ៨ ខែមិថុនា ឆ្នាំ២០១៥។ លោកជំទាវ ញ៉ែម សឿន ជា ស៊ីម បានទទួលមរណភាពកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០០៩។ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្ត តែងបានប្រារព្ធពិធីបុណ្យឧទ្ទិសកុសលជូនដួងវិញាណក្ខន្ធលោកទាំងពីរជាទៀងទាត់ ទៅតាមកន្លងប្រពៃណីព្រះពុទ្ធសាសនា៕