សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
អង្គប្រជុំរដ្ឋសភានាព្រឹកនេះ បានលើកយករបៀបវារៈ ចំនួន៤ មកពិភាក្សា និងអនុម័តមាន៖
១. សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
២. សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម។
៣. សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។
៤. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ ៕
សូមបញ្ជាក់ថាក្នុងចំណោមរបៀបវារៈទាំង៤ខាងលើនេះ មានសេចក្ដីព្រាងច្បាប់ចំនួន២ ត្រូវបានព្រាងឡើងដោយក្រសួងមហាផ្ទៃ គឺសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនិងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម៕