ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកែប

នៅព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកែប។

ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែបចប់អាណត្តិ និងត្រៀមចូលកាន់តំណែងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡហោម និងអង្គពិធី ស្ដីអំពីវឌ្ឍនភាពនានាក្នុងមូលដ្ឋានខេត្តទេសចរណ៍មួយនេះ ដូចជាការថែរក្សាការពារសុខ សន្តិភាព ស្ថេរភាព សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ដែលជាកត្តាបង្កលក្ខណៈអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ធ្វើឱ្យជីវភាពប្រជាពលរដ្ឋខេត្តកែបកាន់តែមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តមបន្តថាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្តកែប បានខិតខំធ្វើកំណែទម្រង់លើគ្រប់វិស័យ ដើម្បីឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយបានដំណើរការអង្គភាពច្រកចេញចូលតែមួយបាន១០០ភាគរយ ខណៈរដ្ឋបាលឃុំសង្កាត់ទាំងអស់ក្នុងរដ្ឋបាលខេត្តកែប ក៏បាននិងកំពុងដំណើរការសាកល្បងការផ្ដល់សេវាអត្តសញ្ញាណកម្ម។

ចំណែកឯកឧត្តម សោម ពិសិដ្ឋ អតីតអភិបាលរងខេត្ត ដែលចូលកាន់មុខតំណែងជាអភិបាលខេត្តកែបនាឱកាស បានថ្លែងប្ដេជ្ញាចិត្តគោរពតាមរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងគោលការណ៍ដឹកនាំរបស់សម្ដេចក្រឡាហោម និងថ្នាក់ដឹកនាំក្រសួងនានាឱ្យបានល្អ។

ឯកឧត្តមក៏បានសន្យាខិតខំទប់ស្កាត់លុបបំបាត់ឱ្យបាននូវបាតុភាពនានា ដែលធ្វើឱ្យប៉ះពាល់ និងបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ដឹកនាំការអនុវត្តច្បាប់ដោយគ្មានលើកលែង ខិតខំកសាង និងអភិវឌ្ឍន៍គ្រប់វិស័យក្នុងខេត្ត ខិតខំរក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹងការផ្ដល់សេវាសាធារណៈ និងត្រៀមកិច្ចអន្តាគមន៍ជួយប្រពលរដ្ឋឱ្យបានល្អ ព្រមទាំងសំណូមពរឱ្យមានការចូលរួមសហការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសុន្ទរថា និងមានមតិណែនាំទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់តួអង្គក្នុងដែនដីរដ្ឋបាលខេត្តកែប ដែលបានចូលរួមសហការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩បានលទ្ធល្អប្រសើរ និងបានព្យាបាលអ្នកឆ្លងជំងឺ៤នាក់ឱ្យជាសះស្បើយ ព្រមទាំងបានទប់ស្កាត់ការចម្លងទៅកម្រិតសហគមន៍។

សម្ដេចក៏បានថ្លែងកោតសរសើរការខិតខំពុះពារជំនះការលំបាករបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងនៃរដ្ឋបាលខេត្តកែប ដែលក្នុងស្ថានកូវីដ១៩ បានបន្តបំពេញកិច្ចការសាធារណៈគ្រប់វិស័យ រួមទាំងការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ការធានាថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការដោះស្រាយជីវភាពប្រជាពលរដ្ឋ និងការផ្ដល់សេវាសាធារណៈចាំបាច់ជាមូលដ្ឋានជូនប្រជាជន ធានាបាននូវក្រតីភាពនៃជីវភាពសង្គម។

ទន្ទឹមនឹងការប្រកាសចូលកាន់មុខតំណែងជាអភិបាលខេត្តកែបរបស់ឯកឧត្តម សោម ពិសិដ្ឋ និងអបអរសាទរឯឧត្តម កែន សុត្ថា ទទួលតំណែងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី សម្ដេចបានបញ្ជាក់ជូនអង្គពិធីថាការតែងតាំងលោក វ៉ៅ សុខា ពីប្រធានមន្ទីររៀបចំដែនដីខេត្ត មកជាអភិបាលរងខេត្តកែប គឺរាជរដ្ឋាភិបាលបានសម្រេចបន្ទាប់ពីមានការគាំទ្រ និងសំណើរពីមន្ត្រីថ្នាក់ដឹកនាំខេត្ត រួមទាំងប្រធានក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប។

សម្ដេចបានថ្លែងកោតសរសើរឯកឧត្តម កែន សត្ថា ដែលបំរើប្រទេសជាតិ និងប្រជាជនចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា ពិសេសក្នុងតួនាទីអភិបាលខេត្តកែប បានដឹកនាំការងារទទួលបានសមិទ្ធផលជាបន្តបន្ទាប់ និងបានកោតសរសើរឯកឧត្តម សោម ពិសិដ្ឋ ដែលមានបទពិសោធន៍ជាអភិបាលរងខេត្ត៨ឆ្នាំរហូតក្លាយជាអភិបាលខេត្តកែបនាឱកាសនេះ ដោយសម្ដេចសង្ឃឹមថាឯកឧត្តមនឹងខិតខំបំពេញភារកិច្ចជូនជាតិ និងប្រជាជន។

ជាមួយគ្នានេះ សម្ដេចបានស្នើក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាពនានា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក និងឃុំសង្កាត់ ព្រមទាំងប្រជាពលរដ្ឋផ្ដល់ការគាំទ្រឯកឧត្តម សោម ពិសិដ្ឋ ដើម្បីបន្តរួមគ្នាថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ និងរួមគ្នាអភិវឌ្ឍន៍ខេត្តកែប ជាមួយក្រុមការងាររាជរដ្ឋាភិបាលដែលរង់ចាំផ្ដល់ការគាំទ្រគ្រប់វិស័យ។

នៅក្នុងឱកាសនៃការថ្លែងសុន្ទរថាប្រកបដោយអត្ថន័យនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីកិច្ចការសំខាន់ៗមួយចំនួនទៀតដែរ។ ពាក់ព័ន្ធនឹងការថែរក្សាសុខសន្តិភាព និងស្ថេរភាពនយោបាយ សម្ដេចបញ្ជាក់ថាយើងមានសន្តិភាពរឹងមាំ និងស្ថេរភាពនយោបាយល្អប្រសើរហើយ ប៉ុន្តែទន្ទឹមនឹងការរីករាលដាលជំងឺកូវីដ១៩នេះ មានអ្នកនយោបាយបែបប្រជានិយម បានយកឱកាសនេះប្រើវោហារសាស្ត្រទំលាក់ការទទួលខុសត្រូវ ឬក៏បន្ទុះបង្អាប់រាជរដ្ឋាភិបាល។

សម្ដេចបានមានប្រសាសន៍ថាការទាមទាររបស់អ្នកនយោបាយបែបប្រជានិយម ឱ្យប្រជាពលរដ្ឋកុំសងប្រាក់ដែលខ្ចីទៅធានាគារវិញនោះថាជាការឃោសនាដែលមិនអាចធ្វើទៅបាន ផ្ទុយពីគោលការណ៍សច្ចភាព ដែលអ្នកខ្ចីត្រូវសង់កម្ចីទៅគេវិញ។ សម្ដេចសង្កត់ធ្ងន់ថារាល់ការផ្សព្វផ្សាយ ឬអំពាវនាវរបៀបនេះ អាជ្ញាធរត្រូវពន្យល់ប្រជាពលរដ្ឋ ចៀសវាងការយល់ច្រឡំ ដែលអាចនាំឱ្យប៉ះពាល់ដល់ស្ថេរភាពនយោបាយ។

ពាក់ព័ន្ធនឹងការដោះស្រាយជម្លោះ ឬសំណូមពរប្រជាពលរដ្ឋ សម្ដេចបានសង្កត់ថាយើងមិនត្រូវមើលស្រាលបញ្ហានេះជាដាច់ខាត ពោលគឺរាល់ការកើតមានជម្លោះ ឬសំណូមពរផ្សេងៗ គឺត្រូវតែរកមូលហេតុឱ្យបានជាក់លាក់ ហើយដោះស្រាយឱ្យបានត្រឹមត្រូវ មានយុត្តិធម៌ និងតម្លាភាព ចៀសឱ្យបាននូវការបង្កហិង្សា ព្រោះក្រុមប្រឆាំងអាចនឹងឆ្លៀតយកបញ្ហានោះ ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេចក៏បានណែនាំឱ្យខិតខំគៀងគរការចូលរួមគាំទ្រពីប្រជាពលរដ្ឋ និងផ្ដល់ការលើកទឹកចិត្តដល់មូលដ្ឋានដែលមានស្នាដៃអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ហើយចំពោះបញ្ហាគ្រឿងញៀន សម្ដេចណែនាំឱ្យខេត្តកែបយកខេត្តព្រះសីហនុជាបទពិសោធន៍ ពោលគឺប្រសិនបើសកម្មភាពទេសចរណ៍ និងវិនិយោគមានភាពផុលផុស ឧក្រឹដ្ឋជនគ្រឿងញៀនអាចនឹងយកខេត្តកែបជាគោល

ពីវេទិការអធិបតីនេះដែរ សម្ដេចក្រឡាហោមបានផ្ដល់ការពន្យល់បំភ្លឺ ចំពោះមតិមួយចំនួនដែលសម្លឹងឃើញការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ក្នុងន័យអវិជ្ជមានជ្រុល។ សម្ដេចបានអះអាងថាបំណងរបស់រាជរដ្ឋាភិបាលគឺដើម្បីការពារអាយុជីវិត និងសុវត្ថិភាពប្រជាពលរដ្ឋ ជា។ ក់ស្ដែងក្នុងរយៈពេលអនុវត្តនៃខែឧសភានេះ ធៀបនឹងខែមេសាកន្លងទៅ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បានថយចុះ១៥នាក់ និងអ្នករបួសថយជាង៨០នាក់។

សម្ដេចបានមានប្រសាសន៍យើងមិនត្រូវខ្វល់ខ្វាយពេក ចំពោះការតិទៀនទាំងឡាយណាមកលើភារកិច្ចដែលយើងកំពុងធ្វើដើម្បីការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនោះឡើយ ពោលគឺឱ្យតែយើងមានឧត្តមគតិបំរើប្រជាពលរដ្ឋពិតប្រាកដ សូមកុំខ្លាចនឹងធ្វើ និងសូមកុំដកថយឱ្យសោះ។ សម្ដេចបានក្រើនរំលឹកមន្ត្រីអនុវត្តច្បាប់ត្រូវគោរពវិជ្ជាជីវៈ ចៀសវាងអនុវត្តខុសគោលការណ៍។

ពាក់ព័ន្ធនឹងស្ថានភាពជំងឺឆ្លងកូវីដ១៩វិញ សម្ដេចបានបង្ហាញការកត់សំគាល់ថាប្រជាពលរដ្ឋ ពិសេសអ្នករាជធានីភ្នំពេញ ហាក់ដូចជាបន្ធូរដៃច្រើនពេកហើយចំពោះភាពតានតឹងនឹងជំងឹដែលមិនទាន់មានថ្នាំព្យាបាល និងវ៉ាក់សាំងការពារមួយនេះ។ សម្ដេចបានស្នើសុំពលរដ្ឋបន្តអនុវត្តវិធានការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ហើយរដ្ឋបាលខេត្តកែបត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយបន្ថែមទៀត។

សម្ដេចក៏បានមានប្រសាសន៍ណែនាំបន្ថែម អំពីគោលនយោបាយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះសេដ្ឋកិច្ច និងសង្គមពីវិបត្តិកើតចេញពីជំងឺកូវីដ១៩ និងប្រធានបទពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រដើម្បីផ្ដល់ជំនួយជួយពលរដ្ឋដោយគ្មានការបែងចែកនិន្នាការ ការអភិវឌ្ឍន៍វិស័យនានាក្នុងខេត្តកែបពិសេសវិស័យទេសចរណ៍ កំណែទម្រង់រដ្ឋបាលសាធារណៈ ការពង្រឹងសមត្ថភាពមន្ត្រី ការផ្ដល់សេវាសាធារណៈតាមយន្តការច្រកចេញចូលតែមួយ។

មុននឹងបញ្ចប់សម្ដេចបានណែនាំឱ្យរដ្ឋបាលខេត្តពង្រឹងសាមគ្គីភាព ពិសេសរវាងគណៈអភិបាល និងក្រុមប្រឹក្សាដែលជាបង្គោលធំនៃរដ្ឋបាលខេត្ត ក្រុង និងស្រុក និងបានមានប្រសាសន៍ផ្ញើក្ដីសង្ឃឹមថាថ្នាក់ដឹកនាំរដ្ឋបាលខេត្តគ្រប់អង្គភាពទាំងអស់នឹងរួមគ្នាអនុវត្តឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីភាពរីកចំរើនរុងរឿងនៃប្រទេសជាតិ និសេចក្ដីសុខសុភមង្គលរបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង