ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូន ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសចាប់តាំងពីការផ្ដើមអាណត្តិការងារជាឯកអគ្គរដ្ឋទូតរបស់ឯកឧត្តម Patrick Murphy នៅកម្ពុជាមួយរយៈពេលកន្លងមកនេះ ដែលនាំឱ្យសង្កេតឃើញនូវវឌ្ឍនភាពដ៏ល្អនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សម្ដេចបានសម្ដែងក្ដីសង្ឃឹមថាទំនាក់ទំនងដ៏ល្អនេះ ជាពិសេសនៅក្នុងអាណត្តិការងាររបស់ឯកឧត្តម នឹងនៅតែបន្តរីកចំរើនតទៅមុខថែមទៀត។ នៅក្នុងឱកាសនៃជំនួបនេះដែរ សម្ដេចក្រហាឡាហោម ក៏បានសម្ដែងការអបអរសាទចំពោះកិច្ចសន្ទនាតាមទូរសព្ទ រវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនាពេលកន្លងទៅ ដែលពិតជាបានបង្ហាញលទ្ធផលវិជ្ជមានល្អប្រសើរនៃទំនាក់ទំនងប្រទេសទាំងពីរ។

ជាការឆ្លើយតបចំពោះប្រសាសន៍ស្វាគមន៍របស់សម្ដេចក្រឡាហោម ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានឯកភាពចំពោះការវាយរម្លៃរបស់សម្ដេចទៅលើទំនាក់ទំនងជារួមរវាងប្រទេសទាំងពីរ កម្ពុជា និងអាមេរិក ដោយឯកឧត្តមក៏បានកត់សំគាល់ទៅលើកិច្ចសហប្រតិបត្តិការដ៏ល្អទៅលើចំណុចពីរ គឺកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាពសាធារណៈ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិកបានបន្តជម្រាបជូនសម្ដេចក្រឡាហោមថាឯកឧត្តម ពិតមានការកត់សំគាល់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្លាំងអនវត្តច្បាប់របស់កម្ពុជា ជាមួយនឹងអង្គភាព FBIអាមេរិក ដែលបានសហការទប់ស្កាត់ បង្ក្រាប និងចាប់ខ្លួនជនល្មើសមួយចំនួនពាក់ព័ន្ធនឹងបទល្មើសផ្លូវភេទលើកុមារ បទល្មើសបៀតបៀនកុមារ ហើយបញ្ជូនទៅអាមេរិក។

ឯកឧត្តមបានចាត់ទុកកិច្ចសហប្រតិបតិបត្តិការនេះ ថាជាកិច្ចខិតខំប្រឹងប្រែងមួយ ក្នុងការចូលរួមថែរក្សាដល់សុវត្ថិភាពសាធារណៈទាំងនៅប្រទេសកម្ពុជា និងនៅសហរដ្ឋអាមេរិក។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការផ្នែកសុខភាពសាធារណៈ ឯកឧត្តម Patrick Murphy បានមានប្រសាសន៍ជម្រាបជូនសម្ដេចថាថ្មីៗនេះ រដ្ឋាភិបាលអាមេរិកបានផ្ដល់ជំនួយមួយចំនួន ដើម្បីគាំទ្រដល់វិស័យសុខភាពសាធារណៈនៅកម្ពុជាដូចដែលបានផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាននានា ហើយថាជំនួយផ្នែកសុខភាពសាធារណៈនេះ ក៏បានផ្ដល់ជូនកម្ពុជាដែរ តាមរយៈទីភ្នាក់ងាររបស់សហរដ្ឋអាមេរិកមួយចំនួន ដូចជា USAID ជាដើម។

ឯកឧត្តមបានបន្តថានៅឆ្នាំនេះ គឺជាខួបទំនាក់ទំនង៧០ឆ្នាំរវាងកម្ពុជា និងអាមេរិក ដែលស្ថានទូតអាមេរិកបានយកចិត្តទុកដាក់រៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះឯកឧត្តមក៏បានស្នើអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ជួយស្វែងរកចាប់ខ្លួនឧក្រឹដ្ឋជនមួយរូប ដែលបានធ្វើឃាតលើពលរដ្ឋអាមេរិកម្នាក់នៅកោះរ៉ុង កាលពីឆ្នាំ២០១៣កន្លងទៅ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលទោះបីជានៅក្នុងស្ថានការណ៍លំបាក់នៃការរីករាលដាលជំងឺកូវីដ១៩ ក៏សហរដ្ឋអាមេរិកនៅបន្តជួយឧបត្ថម្ភគាំទ្រដល់បណ្ដាប្រទេសមួយចំនួននៅតំបន់អាស៊ី រួមទាំងប្រទេសកម្ពុជា។

សម្ដេចក៏បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ពិសេសនៅក្រសួងមហាផ្ទៃ គឺកម្ពុជាមានអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបាននិងកំពុងមានកិច្ចសហប្រតិបត្តិការជាមួយអង្គភាពFBIអាមេរិក ហើយសម្ដេចក៏សូមទទួលយកសំណូមពរបន្តស្វែងរកចាប់ខ្លួនជនល្មើស ដែលបានធ្វើឃាតុលើជនជាតិអាមេរិកនៅកោះរ៉ុងនោះយកមកផ្ដន្ទាទោសតាមច្បាប់។

សម្ដេចក្រឡាហោមក៏បាននជម្រាបឯកឧត្តម Patrick Murphy អំពីការធ្វើសេចក្ដីព្រាងច្បាប់ចំនួនពីរ គឺពាក់ព័ន្ធនឹងការបង្ការការរីកសាយភាពអាវុធមហាប្រល័យ និងប្រឆាំងការសម្អាតប្រាក់ ដែលច្បាប់ទាំងពីរនេះមានសារៈសំខាន់ ហើយរាជរដ្ឋាភិបាលកម្ពុជា បានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីខិតខំជំរុញឱ្យបានលឿនការរៀបចំសេចក្ដីព្រាងច្បាប់នេះឱ្យបានឆាប់ចប់សព្វគ្រប់នាពេលខាងមុខនេះ។

ឯកឧត្តម Patrick Murphy បានសម្ដែងការអបអរសាទរចំពោះវឌ្ឍនភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំសេចក្ដីព្រាងច្បាប់ទាំងពីរនេះ ហើយជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជនសម្ដេចដែរថាឯកឧត្តមបានដឹងថារាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងមហាផ្ទៃក៏បាន និងកំពុងដឹកនាំរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលឯកឧត្តមពិតជាមានការចាប់អារម្មណ៍។

ឯកឧត្តមបានជម្រាបជូនសម្ដេចថាសហរដ្ឋអាមេរិកមានបទពិសោធន៍ច្រើនពាក់ព័ន្ធនឹងវិស័នេះ ដោយសារអាមេរិកមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ហើយឯកឧត្តមមានបំណងចូលរួមចំណែកក្នុងការជួយគាំទ្រដល់កិច្ចការផ្សេងៗពាក់ព័ន្ធឹងនឹងច្បាប់នេះ ដូចជាការរៀបចំឱ្យមានកិច្ចពិគ្រោះយោបល់ទៅលើច្បាប់នេះ តាមរយៈពិសោធន៍ដែលអាមេរិកមាន។

សម្ដេចក្រឡាហោម បានសម្ដែងការគាំទ្រ និងស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដោយសម្ដេចក៏បានជម្រាបជូនដែរថាជាការពិត កម្ពុជាមានការខ្វះខាតអ្នកជំនាញបច្ចេកទេសលើផ្នែកប្រឆាំងបទល្មើសបច្ចេកវិទ្យានេះ ដូច្នេះគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមពិតជាមានសារៈសំខាន់។

មុននឹងបញ្ចប់ ឯកឧត្តម Patrick Murphy បានថ្លែងអំណរគុណសម្ដេចក្រឡាហោមចំពោះការចំណាយពេលវេលាអនុញ្ញាតឱ្យឯកឧត្តម ព្រមទាំងសហការីបានជួបពិភាក្សាការងារនាឱកាសនេះ ទោះបីក្នុងស្ថានភាពកូវីដ១៩នេះក្ដី៕

អត្ថបទដែលជាប់ទាក់ទង