សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ដីពីការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារ
នៅព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ដីពីការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក នៃក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌។
អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំ សម្ដេចក្រឡាហោម មានប្រសាសន៍ថា កិច្ចប្រជុំអន្តរក្រសួងនាថ្ងៃនេះ គឺឆ្លើយតាមសំណើរពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងភាពចង្អៀតណែនក្នុងពន្ធនាគារ និងការកកស្ទះសំណុំរឿង។
សម្ដេចក្រឡាហោមបានបន្តថាក្នុងស្ថានភាពនៃការប្រឈមមុខនឹងវិបត្តិកូវីដ-១៩ ថ្វីដ្បិតថាមានបណ្ដាប្រទេសមួយចំនួនបានសម្រេចដោះលែងអ្នកទោសខ្លះ ប៉ុន្តែនៅកម្ពុជា ស្ថានភាពមិនទាន់ឈានដល់ដំណាក់កាលនេះនៅឡើយទេ។
យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារគឺជាកិច្ចសំខាន់បំផុតមួយរបស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ទន្ទឹមនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។
ប៉ុន្មានឆ្នាំចុងក្រោយនេះ បទល្មើសគ្រឿងញៀនបានស្ថិតក្នុងភាគរយខ្ពស់ជាងគេ ធៀបនឹងបទល្មើសផ្សេងៗដែលបានបញ្ជូនមកតុលាការ ខណៈបទល្មើសនេះក៏មិនត្រូវបានអនុញ្ញាតឱ្យស្នើសុំលើកលែង និងបន្ធូរបន្ថយទោសដែរ ៕